
ការដាក់និងទទួលពាក្យ សម្រាប់កម្មវិធីប្រកួតចម្អិនម្ហូបដ៏ធំបំផុត និងកម្រិតពិភពលោក MasterChef Cambodia រដូវកាលទី៤ បានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ លើទីតាំងផ្សារទំនើបជីបម៉ុង២៧១មេហ្គាម៉ល កាលពីចុងសប្តាហ៍កន្លងទៅ ដោយបានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកចម្អិនតាមផ្ទះជាច្រើនដែលមានបំណងចង់បង្ហាញពីទេពកោសល្យរបស់ពួកគេ។ ក្នុងចំណោមបេក្ខជនជាច្រើននាក់ ក៏មានបេក្ខជនដែលទស្សនិកជនធ្លាប់ស្គាល់កាលពីរដូវកាលទី៣ ដែលនាងបានចូលរួមដាក់ពាក្យសាជាថ្មីផងដែរ។
បេក្ខនារីដំបូងគេបង្អស់ ដែលពាក់ស្លាកលេខ PP -0001 ជាអតីតបេក្ខនារីដែលធ្លាប់បានជាប់ចំណាត់ថ្នាក់កំពូលទាំង៦០ បានត្រលប់មកវិញជាមួយនឹងក្តីសង្ឃឹមថ្មីក្នុងការសម្រេចគោលដៅរបស់នាង។ វត្តមានរបស់នាងបានជំរុញឱ្យទស្សនិកជនមានការរំភើបចិត្ត និងលើកជាសំណួរថា តើនាងអាចជាប់ជាងបេក្ខជន ៦០នាក់ចុងក្រោយបានម្ដងទៀតដែរឬទេ? ទោះជាយ៉ាងណា អ្នកដាក់ពាក្យរូបនេះបានបង្ហាញថា មិនត្រូវបោះបង់ការព្យាយាម ដួលហើយត្រូវតែងើបឈរឡើងវិញ។
ដំណើរនៃការស្វែងរកអ្នកចម្អិនតាមផ្ទះដែលមានទេព្យកោសល្យរបស់ក្រុមការងារ MasterChef Cambodia រដូវកាលទី៤ មិនទាន់បញ្ចប់នោះទេ! កម្មវិធីនឹងបន្តស្វែងរកម្ចាស់ជ័យលាភីបន្ទាប់របស់ខ្លួន នៅតាមបណ្ដាខេត្តមួយចំនួនទៀត ដែលនឹងត្រូវប្រកាសនៅលើហ្វេសប៊ុកផ្លូវការរបស់ MasterChef Cambodia ។ រង់ចាំតាមដានព័ត៌មានលម្អិត និងកុំឱ្យឱកាសដ៏អស្ចារ្យនេះកន្លងផុតទៅឱ្យសោះ!
