×

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារតារាចម្រៀងរ៉េបលោក ដាវិឌ ឬទ្ធិរុទ្រ (Ruthko)

ក្រោមការចង្អុលបង្ហាញរបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ នៅព្រឹកថ្ងៃទី១២ មករា ឆ្នាំ២០២៥ ក្រុមការងារសមាគម បានអញ្ជើញចូលរួមពិធីបុណ្យកម្រប់៧ថ្ងៃ ឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធលោក ដាវិឌ ឬទ្ធិរុទ្រ (Ruthko) ដែលបានទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍ កាលពីរាត្រីឈានចូលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ កន្លងទៅ ក្នុងវ័យ ២៤ឆ្នាំ។

សមាគមសិល្បករខ្មែរ បានឱ្យដឹងថា មរណភាពរបស់តារាចម្រៀងរ៉េបលោក ដាវិឌ ឬទ្ធិរុទ្រ (Ruthko) ជាការបាត់បង់កូនប្រុស និងប្អូនប្រុសជាទីស្រលាញ់នៅក្នុងក្រុមគ្រួសារ និងជាមិត្តភក្តិគួរជាទីស្រលាញ់រាប់អាន។ ម្យ៉ាងទៀតមរណភាពរបស់លោក ក៏ជាការបាត់បង់នូវធនធានសិល្បករផ្នែកចម្រៀងរ៉េបដ៏មានសក្ដានុពល និងទេពកោសល្យគួរជាទីសោកស្ដាយបំផុត។

ក្នុងបរិយាកាសប្រកបដោយក្ដីអាឡោះអាល័យនេះ ក្រុមការងារបានពាំនាំនូវការចូលរួមរំលែកទុក្ខពីសំណាក់អ្នកឧកញ៉ា ម៉ៅ ចំណាន គិងម៉េង ប្រធានសមាគមសិល្បករខ្មែរ ក៏ដូចជាបច្ច័យមួយចំនួនចូលចាប់មគ្គផល និងរួមរំលែកទុក្ខជាមួយក្រុមគ្រួសារផងដែរ។ សមាគមសិល្បករខ្មែរ សូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធលោក ដាវិឌ ឬទ្ធិរុទ្រ (Ruthko) បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយគ្នានោះ អ្នកស្រី សូ កូរីតា ម្ដាយរបស់សពតារាចម្រៀងរ៉េបលោក ដាវិឌ ឬទ្ធិរុទ្រ (Ruthko) សូមថ្លែងអំណរគុណដល់សមាគមសិល្បករខ្មែរ ដែលមានអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ជាប្រធាន ដែលមានយកចិត្តទុកដាក់ចំពោះសុខទុក្ខគ្រួសាររបស់អ្នកស្រី។

ក្នុងនាមជាម្ដាយអ្នកស្រីបានអះអាងថា ចាប់តាំងពីថ្ងៃកើតហេតុ រហូតមកដល់ថ្ងៃបុណ្យគម្រប់៧ថ្ងៃនេះ នៅមិនទាន់មានសមត្ថកិច្ចណាទៅសួរនាំអ្វីពីក្រុមគ្រួសារនៅឡើយទេ។ ហើយជនបង្កត្រូវបានវិនិច្ឆ័យទោសបែបណា ក៏ក្រុមគ្រួសារមិនទាន់បានដឹងនៅឡើយដែរ។ ដូច្នេះអ្នកស្រី សូមអំពាវដល់អាជ្ញាធរពាក់ព័ន្ធជួយរកយុត្តិធម៌ដល់ក្រុមគ្រួសាររបស់អ្នកស្រីដែលបាត់បង់កូនប្រុសជាទីស្រលាញ់ផង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង