
កម្មវិធី MasterChef Cambodia បានបង្ហាញការកែប្រែមួយដ៏រំភើបសម្រាប់រដូវកាលទី ៤ នូវរង្វាន់ថ្មីមិនធ្លាប់មានសម្រាប់អ្នកជាប់ចំណាត់ថ្នាក់ជើងឯករងទីមួយ និងជើងឯករងទីពីរ។

អំឡុងសន្និសីទសារព័ត៌មាន ការប្រកាសជាផ្លូវការបានឱ្យដឹងថា រង្វាន់ដ៏ធំសម្រាប់ម្ចាស់ជ័យលាភីលេខ១នារដូវកាលទី៤ នឹងបន្តទទួលបានទឹកប្រាក់ ២០០ លានរៀល ហើយអ្វីដែលថ្មីនោះគឺ ជើងឯករងទីមួយ នឹងទទួលបានម៉ូតូស៊េរីថ្មីមួយគ្រឿង ចំណែក ជើងឯករងទី២ នឹងទទួលបានស្មាតហ្វូនលំដាប់កំពូល ១គ្រឿង ដែលឧបត្ថម្ភដោយក្រុមហ៊ុន Khmer Beverages ។ នេះជាការផ្លាស់ប្តូរដ៏សំខាន់ពីរដូវកាលទី៣ ដែលមានតែអ្នកឈ្នះប៉ុណ្ណោះដែលទទួលបានរង្វាន់។
ជាមួយនឹងរង្វាន់ថ្មីទាំងនេះ MasterChef Cambodia រដូវកាលទី ៤ នឹងផ្ដល់ជូននូវការប្រកួតដ៏រំភើប និងកាន់តែជក់ចិត្ត នៅពេលបេក្ខជននីមួយៗ កាន់តែមានទឹកចិត្តខ្លាំងឡើងនៅក្នុងការប្រកួតប្រជែងដើម្បីក្លាយជាកំពូលចុងភៅឯកបន្ទាប់របស់ MasterChef ៕
