×

ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ បាននាំចូលទូរថភ្លើងដឹកទំនិញថ្មីចំនួន៤៤គ្រឿងបន្ថែម ដើម្បីបង្កើនសមត្ថភាពសេវាកម្មដឹកទំនិញឱ្យកាន់តែល្អជាងមុន

កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ រ៉ូយ៉ាល់គ្រុប បាននាំចូលទូរថភ្លើងដឹកទំនិញថ្មីចំនួន ៤៤ គ្រឿងទៀតពីប្រទេសចិនបានមកដល់ជោគជ័យហើយ ដើម្បីពង្រឹងបន្ថែមទៀតនូវសេវាកម្មដឹកជញ្ជូនតាមរថភ្លើងឱ្យមានប្រសិទ្ធភាពក្នុងប្រទេសកម្ពុជា។

ទូរថភ្លើងដឹកទំនិញថ្មីទាំងនេះ ត្រូវបានផលិតដោយក្រុមហ៊ុនដ៏ល្បីឈ្មោះមួយនៅប្រទេសចិន។ វាត្រូវបានបង្កើតឡើងដោយសមត្ថភាពពិសេសជាច្រើនសម្រាប់ការផ្គត់ផ្គង់ការដឹកជញ្ជូនដូចជាកុងតឺន័រ គ្រឿងចក្រ ឬសម្ភារៈសំណង់ ខ្សាច់ ឬទំនិញផ្សេងៗទៀតយ៉ាងជំនាញ។ ទូរថភ្លើងដឹកទំនិញទាំងនេះនឹងជាការឆ្លើយតបល្អប្រសើរទៅនឹងតម្រូវការដឹកជញ្ជូនតាមរយៈផ្លូវដែកក្នុងប្រទេសកម្ពុជា។

មុនពេលចូលបម្រើសេវាកម្ម ទូរថភ្លើងដឹកទំនិញទាំង ៤៤គ្រឿង នឹងត្រូវបានធ្វើតេស្តប្រព័ន្ធហ្វ្រាំង និងប្រព័ន្ធសុវត្ថិភាពផ្សេងៗទៀត ដើម្បីធានាសុវត្ថិភាពនិងប្រសិទ្ធភាពខ្ពស់ក្នុងពេលបម្រើសេវាកម្មជូនដល់អតិថិជន រួចនឹងដាក់ឱ្យដំណើរសេវាកម្មចាប់ពីថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២៥ តទៅ។

គិតត្រឹមថ្ងៃនេះរថភ្លើងដឹកទំនិញថ្មីដែលបានបញ្ជាទិញពីប្រទេសចិនមកដល់ដោយសុវត្ថិភាព និងកំពុងដាក់ដំណើរការអាជីវកម្មសរុប១៤០គ្រឿងហើយ ទូបន្តបន្ទាប់ទៀតនឹងគ្រោងមកដល់កម្ពុជាឆាប់ៗនេះ។ ការនាំចូលមកបន្ថែមនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Royal Railway ដើម្បីឆ្លើយតបទៅនឹងតម្រូវការកាន់តែធំលើដំណោះស្រាយដឹកជញ្ជូនសម្រាប់ឧស្សាហកម្មក្នុងប្រទេស៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង