ក្រសួងទេសចរណ៍ បានឱ្យដឹងថា មូលនិធិចែករំលែកសង្គ្រោះជីវិតសកល បានបង្ហាញពីបំណងក្នុងការរៀបចំ “ការប្រគំតន្ត្រីសប្បុរសធម៌ចែករំលែកសង្គ្រោះជីវិតសកល” ដែលគ្រោងនឹងធ្វើឡើងនៅចន្លោះពីខែឧសភា ដល់ ខែតុលា ឆ្នាំ២០២៥។
ដើម្បីឱ្យព្រឹត្តិការណ៍សប្បុរសធម៌នេះអាចទៅរួច ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងទេសចរណ៍ នាថ្ងៃទី១៦ ខែមករានេះ ឯកឧត្តម ម៉ម ប៉ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា និងលោក KIM YONG HWAN នាយកមូលនិធិចែករំលែកសង្គ្រោះជីវិតសកល បានស្នើ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អំពីគោលបំណងឱ្យក្រសួងទេចរណ៍ជួយសម្របសម្រួល និងពិនិត្យលទ្ធភាពក្នុងការសហការរៀបចំ “ការប្រគំតន្រ្តីសប្បុរសធម៌ចែករំលែកសង្រ្គោះជីវិតសកល” នេះ ដើម្បីផ្សព្វផ្សាយទៅដល់ ៥ប្រទេស/ដែនដី រួមមាន ប្រទេសកម្ពុជា, កូរ៉េខាងត្បូង, ជប៉ុន, ហ្វីលីពីន និងកោះតៃវ៉ាន់។
សូមជម្រាបថា ព្រឹត្តិការណ៍នេះ នឹងមានការចូលរួមសម្តែងពីសិល្បៈករ សិល្បៈការនីរបស់ K-POP ដ៏ល្បីល្បាញរបស់សាធារណរដ្ឋកូរ៉េ ជាពិសេសក្រុមតារាចម្រៀងបុរសដ៏ល្បីនៃសាធារណរដ្ឋកូរ៉េ រួមមាន ក្រុម Super Junior និងសិល្បៈករ សិល្បៈការិនីខ្មែរជាច្រើនរូបទៀត ក្នុងគោលដៅប្រមូលមូលនិធិសប្បុរសធម៌ជួយគាំទ្រដល់មន្ទីរពេទ្យ និងគ្រឹះស្ថានអប់រំនានានៅក្នុងប្រទេសកម្ពុជា៕