×

ហេតុអ្វីបានជា Manchester United និង Real Madrid តែងតែគេនិយាយថាជាក្លិបបងប្អូនគ្នា?

ប្រវតិ្តរបស់ Manchester United និង Real Madrid ដែលក្លិបទាំងពីរតែងតែមានទំនាក់ទំនងល្អនឹងគ្នា ហើយដើមហេតុវាមិនមែនមកពីរឿងដោះដូរកីឡាករទៅវិញទៅមកដូចដែលបងប្អូនធ្លាប់ដឹងនោះទេ!

ប្រវត្តិសាស្ត្រដ៏អស្ចារ្យរវាងក្លិបទាំង ២ បានចាប់ផ្តើមក្នុងការប្រកួតពានរង្វាន់អឺរ៉ុប វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីខែមេសា ឆ្នាំ ១៩៥៧។ ក្រុមវ័យក្មេងរបស់ Manchester United (អាយុជាមធ្យម ២១ ឆ្នាំ) បានលេងទល់នឹងក្រុម Real Madrid ដែល Real Madrid បានយកឈ្នះ 5-3 ក្នុងលទ្ធផលសរុបទាំងពីរជើង។

ទោះបីជា Man Utd ចាញ់ក៏ដោយ ក៏លោក Santiago Bernabeu មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរបៀបលេងរបស់ក្រុមបិសាចក្រហម។ លោក Bernabeu បានកោតសរសើរលោក Sir Matt Busby ដែលជាគ្រូបង្វឹកក្រុម Man Utd យ៉ាងខ្លាំង ដែលគាត់ថែមទាំងផ្តល់ការងារឱ្យគាត់ទៀតផង។

ប៉ុន្តែលោក Sir Matt Busby បានបដិសេធ ដោយសារគាត់ចង់ជួយឱ្យក្រុមបិសាចក្រហមឈ្នះពានរង្វាន់អឺរ៉ុប។ ចំណែកមិត្តភាពរវាងលោក Sir Matt Busby និងលោក Santiago Bernabeu កាន់តែល្អប្រសើរ ដោយសារតែការគោរពគ្នាទៅវិញទៅមក។ ការគោរពគ្នានេះហើយ ដែលនាំឱ្យមានរឿងមិនគួរឱ្យជឿរវាងក្លិបទាំងពីរ…

១០ ខែ​ក្រោយ​មក ក្រុម Manchester United បាន​ជួបនូវសោកនាដកម្មដ៏រន្ធត់មួយដោយ​ការ​ធ្លាក់​យន្តហោះ ដែលបាន​សម្លាប់​កីឡាករ​វ័យ​ក្មេង​ចំនួន ៨ នាក់ បុគ្គលិក ៣ នាក់ និងមនុស្ស ១០ នាក់​ផ្សេង​ទៀត ហើយ​រាប់​សិប​នាក់​ទៀត​រង​របួស។ ក្តីស្រមៃរបស់ Sir Matt Busby ក្នុងការដណ្តើមយកពានរង្វាន់ទ្វីបអឺរ៉ុប ត្រូវបានបាត់បង់បន្ទាប់ពីរឿងដ៏សោកសៅមួយនេះ។

៣ ខែក្រោយមក Man Utd បានចាញ់ ក្រោមស្នាដៃក្រុម Milan នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ តែក្រោយមក ក្រុម Real Madrid យកឈ្នះ Milan ក្នុងវគ្គផ្តាច់ព្រ័ត្រ។ លោក Bernabeu បានឧទ្ទិសជ័យជម្នះនេះជនរងគ្រោះនៅក្នុងការធ្លាក់យន្តហោះ ហើយថែមទាំងបានផ្តល់ពានរង្វាន់ដែលពួកគេឈ្នះ ដល់ Man Utd ទៀតផង ប៉ុន្តែក្រុមបិសាចក្រហមបានបដិសេធ។

Real Madrid នៅតែរកវិធីដើម្បី​ជួយ Man Utd ឱ្យ​រួច​ផុត​ពី​គ្រោះ​មហន្តរាយដែលបានកើតឡើងនៅ​ទីក្រុង Munich ឱ្យ​បាន​ឆាប់។ ដូច្នេះ ក្រុម Real ចង់ផ្ដល់កីឡាករឆ្នើម Alfredo di Stefano របស់ពួកគេទៅឱ្យ Man Utd សម្រាប់រដូវកាល 1958-59 ។

កិច្ច​ព្រម​ព្រៀង​នេះ​ មិនទទួលបានជោគជ័យទេ ដោយ​សារ​តែ​សមាគម​កីឡា​បាល់​ទាត់អង់គ្លេស​។ ប៉ុន្តែ Real Madrid មិនបោះបង់ការចង់​ជួយ​ Man Utd ឡើយ។

ពួកគេ​បានបង្កើតទង់ “Champions of Honour” ដើម្បី​លក់​ក្នុង​ប្រទេស​អេស្ប៉ាញ​ដើម្បី​រៃអង្គាស​ប្រាក់​សម្រាប់ជួយ Man Utd។ ពេលនោះ ក្រុមបិសាចក្រហមទទួលរងនូវិបត្តិហិរញ្ញវត្ថុផងដែរ ដើម្បីជួយ Real Madrid បានរៀបចំឱ្យមានការប្រកួតមិត្តភាពរៃអង្គាសប្រាក់រវាងក្រុមទាំងពីរ។

ដោយ​សារ​សោកនាដកម្មមួយ​នេះ វា​ពិបាក​ណាស់​សម្រាប់​ Man Utd ​ក្នុង​ការ​រក្សាកន្លែងរបស់ពួកគេនៅក្នុងលីគកំពូលអង់គ្លេស។ ដូច្នេះ ការ​ប្រកួត​មិត្តភាពជាមួយ Real Madrid​ មិនត្រឹមតែជួយ Man Utd ផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យពួកគេមិនបោះបង់ក្ដីសង្ឃឹមរបស់ខ្លួនថែមទៀតផង។

ឥឡូវយើងក្រឡេកមកមើលលទ្ធផលពីការប្រកួតរបស់ក្រុមទាំងពីរ។

នៅខែតុលា ឆ្នាំ ១៩៥៩ Real Madrid បានឈ្នះការប្រកួតមិត្តភាពដំបូងដោយលទ្ធផល 6-1 នៅចំពោះមុខអ្នកគាំទ្រ ៦៣០០០ នាក់នៅកីឡដ្ឋាន Old Trafford ជាមួយនឹងការបង្ហាញទម្រង់លេងដ៏ល្អពីកីឡាករ Di Stefano, Puskas និង Francisco Gento ។

ម្ដងទៀត Real Madrid បានយកឈ្នះនៅខែបន្ទាប់ ដោយលទ្ធផល 6-5! ការប្រកួតនេះ មានអ្នកគាំទ្រ ៨០០០០ នាក់។ នៅល្ងាចនោះ Real បានរៀបចំពិធីជប់លៀងរៃអង្គាសប្រាក់សម្រាប់ក្រុមគ្រួសារជនរងគ្រោះដែលបានបាត់បង់ជីវិតនៅទីក្រុង Munich ។ លោក Bernabeu បាននិយាយថា លោក Busby មិនត្រឹមតែជាបុរសដ៏ក្លាហាននោះទេ ប៉ុន្តែគាត់ក៏ជាបុរសដ៏អស្ចារ្យបំផុតដែលគាត់ធ្លាប់ជួបក្នុងកីឡាបាល់ទាត់ផងដែរ។

ការប្រកួតមិត្តភាពបន្ទាប់ Man Utd បានចាញ់ 3-2 នៅឆ្នាំ ១៩៦០។ ក្រុមបិសាចក្រហម ធ្វើបានកាន់តែល្អទៅល្អទៅ ដែលវាជាសញ្ញាដ៏ល្អមួយ។ ក្នុងការប្រកួតមិត្តភាពបន្ទាប់ Real Madrid បានចាញ់ 3-1​ នៅឆ្នាំ ១៩៦១ និងបន្តបរាជ័យក្នុងការប្រកួតមិត្តភាពបន្ទាប់ ដោយលទ្ធផល 2-0 នៅកីឡដ្ឋាន Bernabeu ។

វឌ្ឍនភាពនេះបានកើតឡើងដោយសារតែមូលនិធិដែលប្រមូលបានដោយសារតែជំនួយរបស់ Real Madrid ។

Man Utd បានឈ្នះពានរង្វាន់ FA Cup នៅរដូវកាលនោះ ដែលជាពានរង្វាន់ដំបូងរបស់ពួកគេ បន្ទាប់ពីឧបទ្ទវហេតុនៅទីក្រុង Munich ហើយបន្តឈ្នះពានរង្វាន់ European Cup ក្នុងឆ្នាំ ១៩៦៨ ដែលពួកគេបានយកឈ្នះលើ Real Madrid ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោមការដឹកនាំរបស់លោក Busby ។

ចំពោះលោក Santiago Bernabeu មិនមានការសោកស្ដាយឡើយ បន្ទាប់ពីចាញ់ការប្រកួត៖ “ប្រសិនបើឱ្យខ្ញុំរើសយកក្រុមណាមួយ នោះខ្ញុំរីករាយដែលវាគឺជាពួកគេ”។ លោក Bernabeu បានដើរតួយ៉ាងសំខាន់ក្នុងការរស់ឡើងវិញរបស់ Man Utd ។

ដូច្នេះ ចំណង​មិត្តភាពរវាង​ក្លឹប​ទាំង​ពីរ​មិន​មែន​ដោយ​សារ​តែ​ការ​ផ្លាស់​ប្តូរ​អ្នក​ចាត់​ការ​មួយ​ចំនួន ឬក៏ការ​ផ្លាស់​ប្តូរ​កីឡាករ​គ្នាទេ។ វាមានរឿងធំជាងនេះទៅទៀត។ ហើយក៏គ្មាន​ក្លឹប​ណា​ដែល​អាច​មាន​ចំណងមិត្តភាព​ស្អិតរមួតបែប​នេះ​ដែរ!

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង