×

កម្មវិធី TikTok ស្តារសេវាកម្មឡើងវិញនៅសហរដ្ឋអាមេរិក

ក្រោយពីផ្អាកដំណើរការមិនយូរប៉ុន្មាន កាលពីចុងសប្ដាហ៍កន្លងទៅ បណ្ដាញសង្គម TikTok បានប្រកាសថា ខ្លួនកំពុងតែស្ដារសេវាកម្មឡើងវិញ ក្រោយពេលប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ និយាយថា លោកនឹងអនុញ្ញាតឱ្យកម្មវិធីនេះ បន្តដំណើរការឡើងវិញនៅសហរដ្ឋអាមេរិក បន្ទាប់ពីលោកឡើងកាន់អំណាចជាផ្លូវការនៅថ្ងៃទី២០ ខែមករា នេះ។

សេចក្ដីថ្លែងការណ៍របស់ TikTok បានធ្វើឡើង បន្ទាប់ពីអ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក និយាយថា ពួកគេអាចចូលទៅកាន់គេហទំព័រ (Website) របស់ TikTok បានវិញហើយ បើទោះបីជាកម្មវិធី ឬ App របស់ TikTok ហាក់នៅមិនទាន់ដំណើរការភ្លាមៗក៏ដោយ ។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ TikTok បាននិយាយថា៖ «ខ្លួនកំពុងស្ថិតនៅក្នុងដំណើរការនៃការស្ដារសេវាកម្មឡើងវិញ ដោយមានការសម្របសម្រួលជាមួយអ្នកផ្ដល់សេវាកម្មរបស់ខ្លួន ហើយ TikTok ក៏បានថ្លែងអំណរគុណដល់លោកត្រាំ សម្រាប់ការផ្ដល់នូវភាពច្បាស់លាស់ និងការធានាដល់អ្នកផ្ដល់សេវាកម្មទាំងនោះ ថាពួកគេ នឹងមិនប្រឈមនឹងការផាកពិន័យ សម្រាប់ការជួយផ្ដល់វត្តមានរបស់ TikTok ដល់ ជនជាតិអាមេរិកជាង ១៧០ លាននាក់ ដោយវត្តមានរបស់ TikTok នឹងអនុញ្ញាតឱ្យអាជីវកម្មខ្នាតតូចជាង ៧ លាន អាចដំណើរការទៅមុខបានជាបន្តទៀត ។

កម្មវិធី TikTok បានផ្អាកដំណើរការសម្រាប់អ្នកប្រើប្រាស់ ១៧០លាននាក់ នៅលើទឹកដីសហរដ្ឋអាមេរិក កាលពីយប់ថ្ងៃសៅរ៍ ទី១៨ ខែមករា មុនច្បាប់បិទ TikTok ដោយសារតែក្ដីកង្វល់ចំពោះសន្តិសុខជាតិ ចូលជាធរមាននៅថ្ងៃអាទិត្យ។ ការព្រមានបិទសេវាកម្ម TikTok នេះ ព្រោះតែមន្ត្រីអាមេរិក ចេញការព្រមានពីហានិភ័យដែលថា ក្រុមហ៊ុនបៃដាន (ByteDance) និងជាក្រុមហ៊ុនមេរបស់ TikTok អាចនឹងយកទិន្នន័យរបស់អ្នកប្រើប្រាស់របស់សហរដ្ឋអាម៉េរិក ប្រើប្រាស់ក្នុងផ្លូវអវិជ្ជមាន ៕

ដកស្រង់ និងប្រែសម្រួលដោយ CNC

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង