×

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ គាំទ្រវិស័យឯកជនក្នុងការចូលរួមបង្ហាញវប្បធម៌ខ្មែរ ក្នុងកម្មវិធី Miss Cosmo Cambodia

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន សមាគមសិល្បករខ្មែរ បានបង្ហាញការគាំទ្រ ប្រកបដោយឆន្ទៈចូលរួមតាមគ្រប់រូបភាពជាមួយស្ថាប័នរដ្ឋដែលពាក់ព័ន្ធ ក៏ដូចជាវិស័យឯកជន សំដៅរួមចំណែកអភិរក្ស និងថែរក្សាកេរិ៍តំណែលវប្បធម៌ជាតិ ដែលបុព្វបុរសបានបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយ ស្របតាមគោលការណ៍ “បុរាណមិនយឺត សម័យមិនបរទេស” ជាពិសេសការបង្ហាញនូវកិត្យានុភាពនៃវិស័យសិល្បៈវប្បធម៌ជាតិនៅលើឆាកអន្តរជាតិ។

ថ្មីៗនេះ នៅក្នុងពិធីប្រកាសជាផ្លូវការនូវអ្នកគ្រប់គ្រងថ្មីនៃកម្មវិធីប្រកួតសម្រស់ Miss Cosmo Cambodia ក្រោមការយាងជាអធិបតីភាពរបស់ព្រះនាង នរោត្តម ជេនណា លោកជំទាវ នៅ សូនិតា អនុប្រធាន តំណាងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានអញ្ជើញចូលរួមដើម្បីបង្ហាញពីការគាំទ្រនូវវិស័យឯកជនក្នុងការចូលរួមបង្ហាញវប្បធម៌ និងប្រពៃណីដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា។

សមាគមសិល្បករខ្មែរ បានបង្ហាញសេចក្ដីសោមនស្សរីករាយ ដែលបានឃើញវិស័យឯកជនកាន់តែច្រើន បានចូលរួមក្នុងដំណើរការអភិរក្ស និងលើកស្ទូយវប្បធម៌ជាតិទាំងនៅលើឆាកជាតិ និងអន្តរជាតិ។ ជាក់ស្ដែងតាមរយៈគោលជំហរ និងបេសកកម្មរបស់កម្មវិធី Miss Cosmo Cambodia បានបង្ហាញយ៉ាងច្បាស់ពីការប្ដេជ្ញាចិត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការចូលរួមចំណែកបង្ហាញនូវវប្បធម៌ និងប្រពៃណីដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា។

សមាគមសិល្បករខ្មែរ បានសម្ដែងការអបអរសាទរជូនចំពោះលោកស្រី Tiffany Vu ដែលទទួលបានអាជ្ញាប័ណ្ណជាផ្លូវការពីស្ថាប័ន Miss Cosmo International ដើម្បីដំណើការកម្មវិធី Miss Cosmo Cambodia នាពេលឆាប់ៗនេះ។

ជាមួយគ្នានោះ សមាគមសិល្បករខ្មែរមើលឃើញថា កម្មវិធីប្រកួតសម្រស់ និងសមត្ថភាពនាពេលកន្លងមក សុទ្ធសឹងតែបានរួមបញ្ចូល និងបង្ហាញនូវអត្តសញ្ញាណជាតិ ក៏ដូចជាវប្បធម៌ជាតិ ព្រមទាំងបណ្ដុះគំនិតស្នេហាសិល្បៈវប្បធម៌ជាតិដល់យុវជនជំនាន់ក្រោយផងដែរ និងជូនពរកម្មវិធី Miss Cosmo Cambodia ដំណើរបានដោយរលូន និងទទួលជោគជ័យលើទឹកដីកម្ពុជាដ៏អច្ឆរិយៈ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង