×

«ថ្ងៃសែនដកជើងធូប» គ្រូចិនសែ ប្រាប់អំពីរបៀបរៀបចំគ្រឿងរណ្តាប់សែន​ យកង៉ូវហេងពេញមួយឆ្នាំ

ភ្នំពេញ៖ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ គឺជាថ្ងៃសែនដកជើងធូប។ សែនដកជើងធូប ជាពិធីសែនព្រេនដែលពលរដ្ឋចិន និងពលរដ្ឋខ្មែរកាត់សែស្រឡាយចិន តែងតែនិយមធ្វើឡើងនៅមុនថ្ងៃបុណ្យចូលឆ្នាំចិនចន្លោះពី៥ថ្ងៃ ទៅ៧ថ្ងៃ។

​ពេលវេលាដែលល្អបំផុតសម្រាប់ថ្ងៃសែនដកជើងធូប គឺចាប់ពីព្រឹកព្រលឹមឡើងទៅ ពោលមិនត្រូវសែនឱ្យលើសពីម៉ោង១១ថ្ងៃត្រង់ឡើយ ហើយក្នុងកំលុងដកជើងធូប គឺត្រូវនាំគ្នាញញឹមនាំសេរីសួស្តីដល់ក្រុមគ្រួសារ។

យោងតាមការស្រាវជ្រាវ ​បានឲ្យដឹងថា ចំពោះអំពីអត្ថន័យនៃថ្ងៃសែនដកជើងធូប ពោលគឺជាថ្ងៃសែនជូនដំណើរ និងអរគុណចំពោះទេវតាឆ្នាំចាស់ដែលបានតាមជួយថែរក្សាដល់កូនចៅនៅឋានកណ្តាលពេញមួយឆ្នាំកន្លងមក។
តាមប្រពៃណីចិន មុនថ្ងៃសែនដកជើងធូប គឺពលរដ្ឋចិនត្រូវរៀបចំ និងបោសសម្អាតផ្ទះឱ្យបានស្អាតបាត និងបោកសម្លៀកបំពាក់ឱ្យបានស្អាតល្អ។ ​កំប៉ុងជើងធូប តាមប្រពៃណីចិន គេកម្រផ្លាស់ប្តូរ ពោលគឺប្រើទាល់តែបែក និងខូចខាត ទើបគេដូរចេញ។

​ពិធីសែនដកជើងធូប គឺមិនមែនមានន័យថាត្រូវតែដកជើងធូបទាំងអស់ចេញពីកំប៉ុង និងផើងឡើយ ពោលគឺត្រូវទុកជើងធូបចាស់ចំនួន ៥សរសៃនៅកន្លែងសែនទេវតាជំនាងផ្ទះ ទេវតាខាងមុខផ្ទះចំនួន ៣សរសៃ ទេវតាថែរក្សាទ្វារផ្ទះសងខាងចំនួន១ ទៅ៣សរសៃ កន្លែងសែនកុងម៉ាត្រូវរក្សាទុកជើងធូបចំនួន ៣សរសៃក្នុងមួយកំប៉ុងជើងធូប និងកន្លែងសែនទេវតាចង្រ្កានត្រូវរក្សាទុកជើងធូបចំនួន ៣សរសៃ។

​បើតាមគ្រូចិនសែ ​​គ្រឿងសំណែនសម្រាប់សែនដកជើងធូប ត្រូវរៀបចំផ្លែឈើពី៣ ទៅ៥មុខទៅតាមលទ្ធភាព ហើយផ្លែឈើដែលសែនទទួលបានមង្គលមានដូចជា ផ្លែក្រូច ប៉ម ទម្លាប់ សារី និងផ្លែមៀន មាន់ស្ងោរ សាច់ជ្រូក៣ជាន់ យឺហ៊ឺ តែ ស្ករគ្រាប់ តែក្តៅ ស្រាស ថ័រគួយ ឬនំគូឆាយក្រហម និងក្រដាសសែន។

​ប្រភពខាងលើនេះ បានបញ្ជាក់ថា កន្លែងដែលគួរតែសែនមុនគេបង្អស់នោះគឺជាកន្លែងសែនទេវតាចង្រ្កាន្ត ពីព្រោះជាកន្លែងដែលទេវតាមុននឹងឡើងឋានសួគ៌ គឺអាចដឹងច្បាស់ថាម្ចាស់ផ្ទះមានលទ្ធភាពគ្រប់គ្រាន់ធ្វើម្ហូបអាហារឆ្ងាញ់ៗឱ្យសោយ ហើយនឹងទូលថ្វាយស្តេចអំពីទឹកចិត្តដែលយើងបានធ្វើ ដើម្បីដំឡើងបារមីទេវតានាំលាភជ័យដល់យើងពេញមួយឆ្នាំថ្មី។
​បន្ទាប់មកត្រូវសែននៅមុខផ្ទះដោយសែនជាសំណែនបួស ដូចជា មីសួរ ពពុះសណ្តែក ផ្សិតខ្មៅ ផ្សិតត្រចៀកកណ្តុរ និងជីចាយ នំអ៊ី តែ៣ពែង និងផ្កាពណ៌លឿង។

សូមជម្រាបជូនថា នៅកម្ពុជា ​សម្រាប់ថ្ងៃចូលឆ្នាំចិនឆ្នាំថ្មី ឆ្នាំម្សាញ់ នឹងប្រារព្ធធ្វើឡើង នៅថ្ងៃទី២៩, ៣០ និង ៣១ ខែមករា ឆ្នាំ២០២៥ ហើយសម្រាប់ថ្ងៃទី២៨ គឺជាថ្ងៃសែនចូលឆ្នាំចិន៕

ប្រភព៖ CNC

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង