ដោយទទួលបានការណែនាំពីលោកជំទាវអ្នកឧកញ៉ា ប្រធានក្រុមការងារសមាគមសិល្បករខ្មែរ បានចុះសួរសុខទុក្ខតារាកំប្លែងនាយ ផ្លក់ចយ (លោក ឡុង ចាន់ដារ៉ា) ដែលទេីបតែចេញពីបន្ទប់សង្គ្រោះបន្ទាន់ និងបន្តការព្យាបាលនៅមន្ទីរពេទ្យ។
ក្នុងឱកាសនោះ ក្រុមការងារបានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ ជូនចំពោះតារាកំប្លែងនាយ ប្លក់ចយ និងជូនពរសូមឱ្យលោកឆាប់បានជាសះស្បេីយ អាចវិលទៅប្រកបអាជីពសិល្បៈបង្កសំណេីចជូនដល់មហាជនទូទៅឡេីងវិញ និងជាបង្អែករឹងមាំសម្រាប់ក្រុមគ្រួសារ។ ជាមួយគ្នា ក្រុមការងារសមាគមក៏បានសំណេះសំណាលស្វែងយល់ពីស្ថានភាពនានារបស់តារាកំប្លែងរូបនេះ ព្រមទាំងបានលេីកទឹកចិត្តដល់តារាកំប្លែងនាយ ប្លក់ចយ កុំមានការអស់សង្ឃឹម ត្រូវខិតខំថែរក្សាសុខភាព គោរពតាមការណែនាំរបស់គ្រូពេទ្យ ដេីម្បីបានជាសះស្បេីយឆាប់ៗ។
ក្នុងឱកាសនោះ ក្រុមការងារ ក៏បាននាំយកនូវថវិកាពីសមាគមសិល្បករខ្មែរ ចំនួន ៨០០ ០០០ រៀល ដេីម្បីសម្រាលបន្ទុកចំណាយជាប្រចាំថ្ងៃមួយផ្នែកក្នុងដំណាក់ថែទាំព្យាបាលជំងឺ។
តារាកំប្លែងនាយ ប្លក់ចយ បានបង្ហាញអារម្មណ៍រីករាយ និងបានថ្លែងអំណរគុណដល់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ ក៏ដូចជាក្រុមការងារទាំងអស់ ដែលមានការយកចិត្តទុកដាក់ពីសុខទុក្ខរបស់លោក ព្រមទាំងបានអញ្ជេីញទៅសាកសួរសុខទុក្ខដោយផ្ទាល់ដូច្នេះ។ នេះជាការលេីកទឹកចិត្តយ៉ាងធំធេងដល់រូបលោក និងក្រុមគ្រួសារ។
ដោយសារតារាកំប្លែងរូបនេះមានជំងឺច្រេីនមុខ និងត្រូវបន្តព្យាបាលជាបន្តបន្ទាប់ទៀត ដូច្នេះសប្បុរសជនក៏អាចបរិច្ចាគជួយដល់រូបលោកតាមលទ្ធភាពផងដែរ។
សូមញ្ជាក់ថា ការជួយសម្រាលទុក្ខលំបាកដល់សិល្បករ ពិសេសសមាជិករបស់សមាគម គឺជាការងារអទិភាពមួយនៅក្រោមការដឹកនាំរបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ក្នុងចំណោមកិច្ចការអទិភាពមួយចំនួនទៀត ដែលបានកំណត់នៅក្នុងផែនការសកម្មភាពរបស់សមាគម ក្នុងការរួមចំណែកលេីកកម្ពស់វិស័យសិល្ប:វប្បធម៌ជាតិជាមួយរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ៕