×

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ចូលរួមខួបអនុស្សាវរីយ៍នៃទំនាក់ទំនងការទូតសហរដ្ឋអាមេរិក-កម្ពុជា លើកទី៧៥ នៅសារមន្ទីរជាតិ

ភ្នំពេញ៖  សហរដ្ឋអាមេរិក-កម្ពុជា បានប្រារព្ធខួបអនុស្សាវរីយ៍នៃទំនាក់ទំនងការទូតគម្រប់៧៥ឆ្នាំ  (១៩៥០-២០២៥) ដែលពិធីនេះធ្វើឡើងនៅសារមន្ទីរជាតិ នារាត្រីថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៥ ។

តាមគេហទំព័រផ្លូវការរបស់ទូតសហរដ្ឋអាមេរិក បានឲ្យដឹងថា សហរដ្ឋអាមេរិក និងប្រទេសកម្ពុជា បានបង្កើតទំនាក់ទំនងការទូតជាលើកដំបូង នៅឆ្នាំ១៩៥០ នៅពេលអ្នកការទូតអាមេរិកម្នាក់ឈ្មោះ Donald Heath ​ប្រចាំការនៅទីក្រុង Saigon ដែលស្ថិតក្រោមការគ្រប់គ្រងរបស់បារាំង បានថ្វាយសារតាំងជូនព្រះករុណា ព្រះបាទនរោត្តម សីហនុ ។ 

នៅក្នុងពិធីប្រារព្ធខួបអនុស្សាវរីយ៍នេះ  ក៏មានការថ្លែងសុន្ទរកថាយ៉ាងពិសេសរបស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ, លោកជំទាវ ប្រៃហ្គេត អែលវ៉កឃឺរ (Bridgette L. Walker) ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា  និងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។ ជាមួយគ្នានោះ គេក៏សង្កេតឃើញវត្តមានរដ្ឋមន្ត្រីតាមក្រសួង និងមន្ត្រីរាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូប រួមជាមួយមន្ត្រីកាទូតនានា និងវត្តមានលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ និងក្រុមការងារ រួមជាមួយអ្នកមុខអ្នកការជាច្រើនទៀតផងដែរ។

ឆ្នាំ២០២៥ ជាការប្រារព្ធពិធីអបអរសាទរភាពជាដៃគូដ៏រឹងមាំរបស់សហរដ្ឋអាមេរិក-កម្ពុជា លើវិស័យជាច្រើន និងបង្ហាញពីទំនាក់ទំនងពិសេសក្នុងការអភិរក្សវប្បធម៌ និងសិល្បៈ ពិធីជប់លៀងនេះ គឺជាព្រឹត្តិការណ៍ដំបូងបង្អស់នៅក្នុងឆ្នាំថ្មី ។

 លោកស្រីភារធារីស្តីទី Bridgette L. Walker មានប្រសាសន៍ថា “ប្រធានបទសម្រាប់ឆ្នាំទី ៧៥ឆ្នាំរបស់យើង “យើងជាប្រជាជន” តំណាងឱ្យការខិតខំប្រឹងប្រែងរួមគ្នារបស់យើងនៃភាពរុងរឿង សន្តិភាព និងវឌ្ឍនភាពសម្រាប់ប្រជាជនអាមេរិក និងកម្ពុជា ដូចដែលបានឆ្លុះបញ្ចាំងនៅក្នុងរដ្ឋធម្មនុញ្ញនៃប្រទេសទាំងពីរ។

ក្នុងឱកាសនោះ  លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានមានប្រសាសន៍ថា “កម្ពុជាវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ស្និទ្ធស្នាលជាមួយសហរដ្ឋអាមេរិក ដែលបង្កើតឡើងដោយការគោរពគ្នាទៅវិញទៅមក ហើយរីករាយនឹងសន្ទុះវិជ្ជមានដែលឃើញនៅក្នុងទំនាក់ទំនងទ្វេភាគីរបស់យើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រាប់ចាប់ពីទំនាក់ទំនងពាណិជ្ជកម្ម និងប្រជាជនទៅប្រជាជន។ ការបន្តនៃកិច្ចសហប្រតិបត្តិការយោធា និងយោធា។ 

 ទន្ទឹមនឹងនោះ កម្ពុជាបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការពង្រឹងចំណងមិត្តភាព ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជន ហើយក៏មានបំណងចង់ចូលរួមជាមួយសហរដ្ឋអាមេរិកក្នុងនាមជាអ្នកសម្របសម្រួលប្រទេសសម្រាប់អាស៊ាន-សហរដ្ឋអាមេរិកផងដែរ។  ទំនាក់ទំនង ស្វែងយល់ពីវិស័យថ្មីនៃកិច្ចសហប្រតិបត្តិការដែលនឹងរួមចំណែកដល់ការបន្តវិបុលភាព និងស្ថិរភាពក្នុងតំបន់។

 រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានមានប្រសាសន៍ថា ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក សម្រេចបាននូវចំណុចសំខាន់អស្ចារ្យក្នុងវិស័យវប្បធម៌។  ការគាំទ្រពីសហរដ្ឋអាមេរិកបានដើរតួយ៉ាងសំខាន់ក្នុងការធ្វើមាតុភូមិនិវត្តន៍ដោយជោគជ័យនូវសម្បត្តិវប្បធម៌រាប់រយរបស់ប្រទេសកម្ពុជា។  ការត្រលប់មកវិញនៃវត្ថុបុរាណទាំងនេះគឺច្រើនជាងការងើបឡើងវិញនៃវត្ថុបុរាណ។  វា​គឺ​ជា​ការ​ស្ដារ​ឡើងវិញ​នូវ​ប្រវត្តិសាស្ត្រ អត្តសញ្ញាណ​របស់​យើង និង​សេចក្តី​ថ្លៃថ្នូរ​របស់​យើង​ក្នុង​នាម​ជា​ជាតិ។  បំណែកនីមួយៗដែលបង្កប់ដោយព្រលឹងនៃបុព្វបុរសខ្មែរយើង ប្រាប់ពីរឿងមួយនៃភាពធន់ពីមរតក និងពីអំណាចនៃការសហការគ្នាដើម្បីកែកំហុសពីអតីតកាល។

នៅក្នុងពិធីប្រកបដោយរីករាយនោះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ ក៏បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះទំនាក់ទំនងកាទូតកាន់តែប្រសើររវាងប្រទេសទាំងពីរ ពិសេសក៏សូមថ្លែងអំណរគុណ ដែលសហរដ្ឋអាមេរិកតែងតែផ្តល់កិត្តិយសក្នុងការប្តេជ្ញាចិត្តយូរអង្វែង ក្នុងការអភិរក្ស និងជួសជុលបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា។

លោកជំទាវអ្នកឧកញ៉ាមានប្រសាសន៍ថា៖«សូមថ្លែងអំណរគុណរដ្ឋាភិបាលសហរដ្ឋអាម៉េរិក សម្រាប់ការបន្តការគាំទ្រការគាំពារ និងអភិរក្សលើវិស័យវប្បធម៌។ ពិសេសតាំងពីឆ្នាំ ២០០១ មក សហរដ្ឋអាមេរិក បានផ្តល់ជំនួយជាថវិកាជិត ៦ លានដុល្លារ សម្រាប់ការអភិរក្សវប្បធម៌នៅកម្ពុជា ដែលរួមមានជំនួយជាថវិកា សម្រាប់ជួសជុលប្រាសាទភ្នំបាខែង និងប្រាសាទព្រះវិហារ ជួយដល់សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង បង្កើតបញ្ជីសារពើភណ្ឌតាមប្រព័ន្ធអនឡាញនៃវត្ថុសិល្បៈនៅសារមន្ទីរតាមខេត្តនានា និងអប់រំផ្សព្វផ្សាយដល់សាធារណជនលើការការពារបេតិកភណ្ឌវប្បធម៌»៕

ដោយ៖ គង់ វណ្ណៈ រូបភាព កែវ ភារុណ  និង អ៊ុន ផាណាត

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង