×

ការធ្វើដំណើរតាមរថភ្លើង របស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ មានការកើនឡើង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន, ខណៈទូររថភ្លើងទំនើបថ្មី បើកដំណើរការ១សប្តាហ៍នេះពេញ

ភ្នំពេញ៖ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ឆ្នាំ២០២៥នេះ មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ​ បានចាប់អារម្មណ៍ក្នុងការធ្វើដំណើរតាមរថភ្លើង ដែលមានការកើនឡើង បើធៀបនឹងថ្ងៃធម្មតា។ នេះបើតាមការឱ្យដឹងពីកញ្ញា មុនី លិតា បុគ្គលិកផ្នែកផ្សព្វផ្សាយរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ បានប្រាប់ CNC ឱ្យដឹងនៅល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥។

កញ្ញា មុនី លិតា បន្ថែមថា ការកក់សំបុត្ររថភ្លើង មានការកើនឡើងបើធៀបនឹងថ្ងៃធម្មតា ទាំងខ្សែភាគខាងត្បូង និងខ្សែភាគខាងជើង។ ប៉ុន្តែយ៉ាងណាមិញ មិនមានកំណើនខ្លាំង ដូចអំឡុងពិធីបុណ្យចូលឆ្នាំចិន នាឆ្នាំកន្លងទៅនោះទេ ដោយសារពិធីបុណ្យចូលឆ្នាំចិនឆ្នាំនេះ មិនចំថ្ងៃចុងសប្តាហ៍។

បុគ្គលិកផ្នែកផ្សព្វផ្សាយរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ បានបញ្ជាក់ថា ដោយមើលឃើញពីកំណើន នៃការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ, ក្រុមហ៊ុន បានសម្រេចដាក់ឱ្យដំណើរការពេញមួយសប្តាហ៍នេះតែម្តង ពោលគឺចាប់ពីថ្ងៃទី២៧ ខែមករា រហូតដល់ថ្ងៃទី២ ខែកុម្ភៈខាងមុខ ចំពោះទូររថភ្លើងទំនើបថ្មី ដែលទើបនាំចូលពីប្រទេសជប៉ុន នូវខ្សែភាគខាងត្បូង (តាកែវ-កែប-កំពត-ព្រះសីហនុ) ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ខណៈជាធម្មតាបើកដំណើរការ តែថ្ងៃសុក្រ-សៅរ៍-អាទិត្យប៉ុណ្ណោះ ។

សូមជម្រាបផងដែរថា ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ រ៉ូយ៉ាល់គ្រុប និងជាអ្នកផ្តល់សេវាដឹកជញ្ជូនផ្លូវដែកតែមួយគត់ ក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ បានចាប់ផ្តើមប្រតិបត្តិការសេវាកម្មតាំងពីឆ្នាំ ២០១០ បន្ទាប់ពីបានបញ្ចប់ការស្តារឡើងវិញ នូវបណ្តាញផ្លូវដែកទាំងខ្សែខាងត្បូង និងខាងជើង ដើម្បីធានាជូននូវសុវត្ថិភាព ភាពជឿជាក់ និងការពេញចិត្តរបស់អតិថិជន។

ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ តែងតែដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយសម្រួលដល់តម្រូវការដឹកជញ្ជូនទំនិញទូទៅក្នុងប្រទេស ក៏ដូចជាចូលរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

ថ្មីៗនេះ គេសង្កេតឃើញប្រជាជនខ្មែរ និងទេសចរបរទេសកាន់តែច្រើន នាំគ្នាជិះរថភ្លើងទៅកាន់បណ្តាខេត្តនានាៗ ក្នុងប្រទសកម្ពុជា។ ការកើនឡើងនៃការចំនួនអ្នកដំណើរតាមរថភ្លើងនេះ ដោយសារពួកគាត់យល់ឃើញថា ការធ្វើដំណើរតាមរថភ្លើងមានភាពងាយស្រួល មានសុវត្ថិភាព ជួយកាត់បន្ថយការកកស្ទះចរាចរណ៍ រីឯសំបុត្រក៏មានតម្លៃទាប និងអាចគយគន់ទេសភាពដ៏ស្រស់ស្អាត នៅតាមដងផ្លូវថែមទៀតផង។

ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ របស់អ្នកឧកញ៉ា គិត ម៉េង កាលពីពេលថ្មីៗនេះ បាននាំចូលទូររថភ្លើងជាច្រើនគ្រឿង ពីប្រទេសជប៉ុន ដែលទូររថភ្លើងប្រភេទថ្មីទំនើបនេះ ត្រូវបានបំពាក់ដោយម៉ាស៊ីនត្រជាក់ ជាមួយកៅអីអង្គុយងាយស្រួល និងផាសុខភាពផងដែរ។

តាមរយៈវត្តមានទូររថភ្លើងថ្មីនេះ ត្រូវបានអ្នកជំនាញក្នុងវិស័យដឹកជញ្ជូនអះអាងថា វាក៏នឹងធ្វើឱ្យការដឹកជញ្ជូនទំនិញចេញចូលកម្ពុជាមានសន្ទុះកាន់តែខ្លាំង ដោយសារការដឹកជញ្ជូនតាមរថភ្លើងមានតម្លៃសមរម្យ កាត់បន្ថយថ្លៃដើម ហើយអាចដឹកទំនិញបានច្រើន៕

ប្រភព៖ CNC

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង