×

គ្រូ Man City បង្ហាញភាពធូរស្រាលក្រោយក្រុមនៅតែមានឱកាសលេងក្នុងពានរង្វាន់ UEFA Champions League

គ្រូបង្វឹក Man City លោក Pep Guardiola បានបង្ហាញពីភាពធូរស្រាល ក្រោយពីក្រុមរបស់លោក បានយកឈ្នះក្រុម Club Brugge របស់បែលហ្ស៊ីក ក្នុងពានរង្វាន់ UEFA Champions League ដើម្បីទទួលបានឱកាសបន្តការប្រកួតក្នុងពានរង្វាន់កំពូលអឺរ៉ុបនេះទៀត។

ជាក់ស្តែងក្នុងការប្រកួតទី៨ដែលជាប្រកួតចុងក្រោយវគ្គ League Phase ក្រុម Man City បានឈ្នះ Club Brugge ដោយលទ្ធផល ៣-១ ។ ជំនួបនាកីឡដ្ឋាន Etihad ក្រុមម្ចាស់ផ្ទះ Man City ត្រូវបានគូប្រជែងនាំមុខមុនដោយគ្រាប់បាល់របស់ Raphael Onyedika នៅនាទី៤៥ មុនចប់វគ្គទី១។

ប៉ុន្តែនៅក្នុងវគ្គទី២ Man City បានវាយបកយក៣គ្រាប់ផ្ទួនៗមកវិញ ដែលធ្វើបានដោយ Mateo Kovačić នៅនាទី ៥៣ គ្រាប់បាល់ចូលទីខ្លួនឯងរបស់ Joel Ordóñez នៅនាទី ៦២ និង គ្រាប់បាល់ចុងក្រោយធ្វើបានដោយ Savinho នៅនាទី៧៧ ដើម្បីឈ្នះការប្រកួតនេះ។

មុនឈានដល់ការប្រកួតទល់នឹង Club Brugge នេះ ក្រុម Man City កំពុងស្ថិតក្នុងគ្រោះថ្នាក់ក្នុងការប្រឈមការធ្លាក់ចេញពីពានរង្វាន់ UEFA Champions League ត្រឹមវគ្គ League Phase។ Man City ត្រូវតែឈ្នះដាច់ខាតនៅប្រកួតចុងក្រោយទល់ក្រុម Club Brugge ដើម្បីបានបន្តឱកាសបានលេងវគ្គ Play Off រកកៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយ ហើយជ័យជំនះលើ Club Brugge បានធ្វើអោយក្រុមមេឃខៀវបន្តក្តីសង្ឃឹមនេះ។ ជាមួយនឹងឱកាសបន្តលេងក្នុងពានរង្វាន់ UEFA Champions League ទៀតសោត បានធ្វើអោយគ្រូបង្វឹក Man City លោក Pep Guardiola មានភាពធូរស្រាល ក្រោយធ្វើមិនបានល្អក្នុងការប្រកួតនេះនាពេលកន្លងមក។

លោក Pep Guardiola បានប្រាប់អោយដឹងក្រោយចប់ការប្រកួតដូច្នេះ “ វាជាការប្រកួតដ៏តានតឹង ប៉ុន្តែយើងអាចធ្វើវាបាន។ ជ័យជំនះនេះនឹងធ្វើអោយយើងប្រឹងប្រែងធ្វើបានល្អជាងពេលកន្លងមក ហើយយើងរីករាយជាមួយឱកាសដែលយើងអាចចាប់វាបាន។”

ឆ្លងកាត់ ៨ប្រកួត វគ្គ League Phase ពានរង្វាន់ UEFA Champions League ក្រុម Man City ឈ្នះ៣ ស្មើ២ ចាញ់៣ មាន១១ពិន្ទុ ឈរលេខ២ ដែលជាតំបន់មានកៅអីទៅកាន់វគ្គ Play Off ស្របពេល Club Brugge បញ្ចប់នៅចំណាត់ថ្នាក់លេខ២៤ ដែលជាចំណាត់ថ្នាក់ចុងក្រោយមានកៅអីទៅកាន់ Play Off ដូចគ្នា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង