×

ឈ្វេងយល់អំពី ភាពលាយឡំនៃវប្បធម៌ជនជាតិចិននៅក្នុងវប្បធម៌ខ្មែរ

ភ្នំពេញ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន​ឆ្នាំថ្មី ឆ្នាំម្សាញ់នេះ (ចាប់ពីថ្ងៃទី២៨-៣១ ខែមករា ឆ្នាំ២០២៥) CNC សូមលើកបង្ហាញពីភាពលាយឡំនៃវប្បធម៌ជនជាតិចិននៅក្នុងវប្បធម៌ខ្មែរថាតើមានអ្វីខ្លះ?

យោងតាមឯកសារនិពន្ធ និងស្រាវជ្រាវដោយមជ្ឈមណ្ឌលសម្រាប់ការសិក្សាស្រាវជា្រវជាន់ខ្ពស់
បានឲ្យដឹងថាវប្បធម៌ខ្មែរបានគ្របដណ្ដប់លើជនជាតិភាគតិចជាច្រើនក្រុមដែលបានរស់នៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាច្រើនសតវត្សរ៍កន្លងទៅហើយ។ ដោយឡែកឥទ្ធិពលចិនមកលើអរិយធម៌ខ្មែរមានដូចជា សិល្បៈ ម្ហូបអាហារ ម៉ូតសម្លៀកបំពាក់ និងភាសា ជាដើម។

លោក ហង់រី ម៉ាហ្សាល (Henri Marchal) ដែលធ្លាប់ជាអ្នកអភិរក្សអង្គរអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ បានអះអាងថា ឥទ្ធិពលចិនមកលើសិល្បៈខ្មែរមានតាំងពីសម័យអង្គររហូតមកដល់ដើមសតវត្សរ៍ទី២០។ ចំណែក លោក ហ្សក ហ្រូ្គលីយ៉េ (George Groslier) ដែលជាអ្នកស្រាវជ្រាវ និងជាមន្ដ្រីរបស់អាណានិគម បានធ្វើចំណាប់អារម្មណ៍លើសារៈសំខាន់របស់កម្មករចិននៅប្រទេសកម្ពុជានៅក្នុងសម័យកណ្ដាល(មជ្ឈិមសម័យ)។ រីឯលោក វិចទឺ ហ្គូលូបឺវ (Vitor Goloubew) ដែលជាអ្នកធ្វើការនៅសាលាបារាំងចុងបូព៌ា បានសន្និដ្ឋានថា សិល្បករចិនប្រហែលជាបានឆ្លាក់ក្បាច់ចម្លាក់លេចទាំងឡាយនៅលើជញ្ជាំងដែលបែរមុខមកទិសខាងជើងនៃល្វែងខាងកើតប្រាង្គប្រាសាទអង្គរវត្ត។ ដោយឡែក លោក វៀល មត់ត៌ អះអាងថា រូបចម្លាក់ទាំងនេះបានឆ្លាក់ឡើងនៅ៤០០ឆ្នាំក្រោយពីការកសាងគ្រឹះអង្គរ ហើយបានភ្ជាប់ចម្លាក់ទាំងនេះទៅនឹងការរីកដុះដាលនៃសហគមន៍ចិននៅភ្នំពេញនាសម័យថ្មី។

ពាក្យខ្ចីមកពីភាសាចិនក្នុងភាសាខ្មែរប្រចាំថ្ងៃទាក់ទងនឹងសម្លៀកបំពាក់ គ្រឿងសង្ហារិម និងម្ហូបអាហារ ដែលជាសញ្ញាណបញ្ជាក់ឲ្យឃើញបន្ថែមទៀតអំពីឥទ្ធិពលចិនមកលើប្រទេសខ្មែរ។ សម្លៀកបំពាក់សម្រាប់តួអង្គយក្សនៅក្នុងល្ខោនខ្មែរកាលពីសម័យមុនមានលក្ខណៈជាខ្មែររហូតមកដល់សតវត្សរ៍១៩ ប៉ុន្ដែនៅសតវត្សរ៍ទី២០ សម្លៀកបំពាក់នេះមានលក្ខណៈជារបៀបចិនច្រើនជាង។

ខណៈពេលដែលចំនួននៃការរៀបអាពាហ៍ពិពាហ៍រវាងជនជាតិចិននិងខ្មែរ ព្រមទាំងការផ្លាស់ប្ដូរវប្បធម៌គ្នាទៅវិញទៅមក បានបង្ហាញឲ្យឃើញអំពីចរិតនៃការពេញចិត្ដលើវប្បធម៌ចិននោះ មានសំណេរពាក្យកាព្យ និងរឿងនិទានខ្មែរជាច្រើននៅសតវត្សរ៍ទី២០ បង្ហាញអំពីជនជាតិចិនថាជាអ្នកគួរឲ្យខ្លាច និងច្រណែន។ តួអង្គចិននៅក្នុងរឿងប្រពៃណីខ្មែរតែងតែតំណាងតួអង្គដែលមានអំណាច មានល្បិចនិងជាអ្នកលោភលន់។ លោក ក្រម ង៉ុយ ដែលជាកវីខ្មែរដ៏ល្បីល្បាញម្នាក់នៅដើមសតវត្សរ៍ទី២០ តែងតែសូត្រកំណាព្យពីភូមិមួយ ទៅភូមិមួយ ដោយដាស់តឿនឲ្យកូនខ្មែររៀនលេខគណិត ចេះធ្វើជំនួញចិញ្ចឹមជីវិត និងដើម្បីការពារខ្លួន កុំឲ្យមានការកេងប្រវញ្ចពីសំណាក់ឈ្មួញ និងអ្នករកស៊ីចងការប្រាក់ជនជាតិចិន។

ទោះជាយ៉ាងណាក៏ដោយ ការព្រួយបារម្ភរបស់លោកតា ក្រម ង៉ុយ ក៏បានឆ្លុះបញ្ចាំងឲ្យឃើញផងដែរនូវការកោតសរសើរ របស់គាត់អំពីការឧស្សាហ៍ព្យាយាម និងអំណត់ក្នុងការរកស៊ីចិញ្ចឹមជីវិតរបស់ជនជាតិចិន។ តាមពិត ជនជាតិចិននៅប្រទេស កម្ពុជាមិនមែនកើតមកសុទ្ធតែមានទ្រព្យសម្បត្ដិស្រាប់នោះទេ៖ «ចិនមកពីស្រុកនាយ មានសំពាយជារបស់ មិនទាន់ចេះខ្មែរសោះ គ្មានកេរកោះស្រែចម្ការ»។

អត្ថបទទាំងនេះត្រូវបោះពុម្ពផ្សាយនៅក្នុងឆ្នាំ១៩៣៧ របស់កាសែតភាសាខ្មែរដំបូងឈ្មោះនគរវត្ដ បានលើកយកនូវគំនិតប៉ិនប្រសប់ និងឧស្សាហ៍របស់ជនជាតិចិនថា «មានតួនាទីជាគំរូសម្រាប់អភិវឌ្ឍន៍ប្រទេសខ្មែរ»។ អត្ថបទនេះបានកត់សម្គាល់អំពី របៀបដែលប្រជាជនចិនជាច្រើនធ្វើដំណើរមកកម្ពុជាដោយបាតដៃទទេ (គ្មានដើមទុនរកស៊ីឡើយ) ប៉ុន្ដែពួកគេមានតែសម្លៀកបំពាក់មួយចង្កេះ កន្ទេលមួយ និងខ្នើយមួយប៉ុណ្ណោះ។ បន្ទាប់មកមិនយូរប៉ុន្មាន គឺប្រហែលជា១០ ឬ២០ឆ្នាំ ពួកគេបានបង្កើតមុខរបរជំនួញធំៗដោយខ្លួនឯង។ អត្ថបទនោះក៏បានអះអាងផងដែរថា ជនជាតិខ្មែរមានប្រាជ្ញាមិនចាញ់ជនជាតិចិនឡើយ ប៉ុន្ដែអ្វីដែលសំខាន់ គឺការខិតខំធ្វើការងារដោយអំណត់ និងការចេះរៀបចំរបៀបរបបសង្គមដែលខ្លួនរស់នៅ។ អត្ថបទនោះ ក៏បានជំរុញឲ្យជនជាតិខ្មែរយកគំរូតាមជនជាតិចិន។ អត្ថបទកំណាព្យមួយដែលនិយាយអំពី ប្រពៃណីខ្មែរមានឈ្មោះថា ច្បាប់ប្រុស ការផ្សាយរបស់ពុទ្ធសាសនបណ្ឌិត្យ ព.ស. ២៥០៩ បានក្រើនរំឭកដល់ជនជាតិខ្មែរ។

ដូចមានសុភាសិតមួយបានចែងថា «កុំឈ្លោះជាមួយស្រី ហើយកុំក្ដីជាមួយចិន»។ សុភាសិតនេះបានឆ្លុះបញ្ចាំងឲ្យឃើញថា ជនជាតិចិនគឺជាអ្នកដែលមានឥទ្ធិពលនិងល្បិចកលច្រើន ដែលតែងតែមានវិធីទប់ទល់ជាមួយនឹងជនជាតិខ្មែរ។ រឿងនិទានខ្មែរដែលមានប្រជាប្រិយមួយឈ្មោះថា រឿងធនញ្ជ័យ បានឆ្លុះបញ្ចាំងឲ្យឃើញពីការផ្ទុយគ្នាខ្លះទៅនឹងខ្លឹមសារ ខាងលើ ដែលថាអ្នកប្រាជ្ញចិន ហោរា និងអធិរាជចិន បានចាញ់ប្រាជ្ញាធនញ្ជ័យម្ដងហើយម្ដងទៀត។ ប៉ុន្ដែរឿងធនញ្ជ័យ ក៏បានបង្ហាញអំពីការផ្លាស់ប្ដូរខាងផ្នែកវប្បធម៌ជាមួយចិន និងនិយាយអំពីភាសាចិនជាលក្ខណៈកំប្លែងដែរ។ នៅក្នុងវគ្គមួយ ធនញ្ជ័យ បានចាប់ក្ដាមជ្រលក់ទៅក្នុងទឹកខ្មៅ រួចដាក់ក្ដាមទាំងនោះឲ្យវារនៅលើក្រដាស ហើយយកក្រដាសនេះឲ្យអ្នកប្រាជ្ញ ចិនអាន។ រហូតដល់សព្វថ្ងៃនេះ ទាំងជនជាតិចិនខ្មែរ និងជនជាតិចិននៅកម្ពុជាមើលឃើញថា«អក្សរចិនដូចជើងក្ដាម»។

មានរឿងនិទានខ្មែរជាច្រើនបានឆ្លុះបញ្ចាំងឲ្យឃើញពីភាពចុះសម្រុងគ្នាក្នុងការទាក់ទងរវាងចិននិងខ្មែរ ហើយនិងទំនាក់ទំនង រវាងជនជាតិភាគតិចទាំងឡាយនៅកម្ពុជា។ ប្រជាជននិងព្រះសង្ឃ បានប្រាប់យើងអំពីរបៀបដែលបេសកជនចិនសង់ព្រះវិហារ ចិនដ៏ធំមួយនៅលើកំពូលភ្នំអដ្ឋរស្ស(ដែលគេស្គាល់ថាជាភ្នំព្រះរាជទ្រព្យ) នៅឧដុង្គក្នុងរជ្ជកាលព្រះបាទអង្គឌួង ដែលបានអនុញ្ញាតឲ្យសិប្បករចិនមកតាំងលំនៅ និងបង្កើតសហគមន៍ចិននៅឧដុង្គ។ តាមប្រវត្តិសាស្ដ្រមានរឿងនិទានពីរ ដែលគេបាននិយាយតៗគ្នាថា ព្រះវិហារនៅក្នុងបរិវេណវត្តនគរនៅខេត្ដកំពង់ចាម ប្រហែលជាបានសាងសង់ឡើងនៅសតវត្សរ៍ទី១៣ ហើយមានទំនាក់ទំនងទៅនឹងស្ដេចខ្មែរ គឺព្រះបាទស្រីគន្ធរបទ ឬព្រះបាទជយវរ្ម័នទី៧ ដែលព្រះអង្គបានសង់ប្រាសាទនេះជាសេចក្ដីតបស្នងសងគុណដល់ជនជាតិចិនដែលបានជួយសង្គ្រោះជីវិតព្រះអង្គ៕

អត្ថបទ៖ CNC

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង