×

Brighton បដិសេធសំណើសុំទិញខ្សែបម្រើ Kaoru Mitoma ពី Al-Nassr

សារព័ត៌មាន BBC បានរាយការណ៍អោយដឹងថា ក្លិប Brighton នៃក្របខណ្ឌ Premier League បានបដិសេធសំណើសុំទិញយកខ្សែបម្រើ Kaoru Mitoma ពី ក្លិប Al-Nassr នៃក្របខណ្ឌ Saudi Pro League។

សំណើចរចាសុំទិញកីឡាករជប៉ុន របស់ក្លិប Al-Nassr ត្រូវបានជឿថា មានតម្លៃប្រមាណ ៦៥លានអឺរ៉ូ ប៉ុន្តែដោយសារស្ថានការណ៍បច្ចុប្បន្ន ក្លិប Brighton មិនចង់លក់កីឡាករកំពុងឡើងជើងរបស់ពួកគេណាមួយនោះទេ ទើបបដិសេធសំណើដ៏ធំរបស់ក្លិបនៅអារ៉ាប៊ីសាអូឌីត។

ទោះយ៉ាងណា ប្រភពជិតស្និទ្ធនិងក្លិប Al-Nassr បានបង្ហើបថា ក្លិបមិនមានគម្រោងបោះបង់ការចរចាចង់បានកីឡាករវ័យ២៧ឆ្នាំ ដោយពួកគេនឹងត្រឡប់មកវិញ ជាមួយនឹងសំណើកាន់តែល្អជាងមុនទៅទៀត។

ខណៈដែល Brighton មានជំនឿចិត្តទៅលើការធានាកៅអីរបស់ពួកគេនៅក្របខណ្ឌ Premier League បន្តទៀតនោះ ក្លិបក៏ជឿថា កីឡាករ Kaoru Mitoma មិនមានបំណងចង់ចាកចេញពីកីឡដ្ឋាន Falmer Stadium នោះឡើយ ហើយជាមួយនឹងទំនាក់ទំនងល្អរបស់កីឡាករជាមួយក្លិប នឹងធ្វើអោយរូបគេពិចារណាយ៉ាងម៉ដ្ឋចត់ ចំពោះកិច្ចព្រមព្រៀងណាមួយទៅកាន់ក្លិបដទៃ។

Kaoru Mitoma មានកិច្ចសន្យាជាមួយ Brighton រហូតដល់ ខែមិថុនា ឆ្នាំ២០២៧ ហើយរូបគេគេជាកីឡាករដែលមានប្រជាប្រិយភាពខ្ពស់មួយរូបរបស់ក្លិប និង អ្នកគាំទ្រ។ មន្ត្រីក្លិបក៏បានដឹងយ៉ាងច្បាស់អំពីទំហំពាណិជ្ជកម្មដែលកីឡាករបានបង្កើតជាមួយក្លិប Brighton និងទំនាក់ទំនងរបស់គេនៅប្រទេសកំណើត ដោយសារតែក្លិបបានទៅលេងប្រកួតមិត្តភាពនៅប្រទេសជប៉ុនមុនពេលចាប់ផ្តើមយុទ្ធនាការរដូវកាល ២០២៤-២៥ នេះ។

សូមបញ្ជាក់ថា Kaoru Mitoma បានមកចូលរួមជាមួយ Brighton ដោយផ្ទេរមកពីក្លិបនៅលីគកំពូលជប៉ុន Kawasaki Frontale កាលពីឆ្នាំ២០២១។ រូបគេបានបង្ហាញខ្លួនសរុប ៩២ដង ស៊ុតបាន១៨គ្រាប់នៅគ្រប់ការប្រកួតទាំងអស់។ Kaoru Mitoma ក៏ជាកីឡាករតែមួយរូបគត់ដែល បានបង្ហាញខ្លួនលេងអោយ Brighton នៅគ្រប់ការប្រកួត Premier League នៃរដូវកាលនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង