ភ្នំពេញ៖ នៅរសៀលថ្ងៃទី ០១ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់ក្រុម និងជាប្រធានសមាគមសិល្បករខ្មែរ បានដឹកនាំបុគ្គលិក និងក្រុមការងារសមាគមសិល្បករខ្មែរ រំលែកទុក្ខក្រុមគ្រួសារ និងដាក់កម្រងផ្កាគោរពវិញ្ញណាក្ខន្ធ កញ្ញា នូ មៈនេត្រអាថាណ្ណា ដល់គេហដ្ឋានសព នៅបុរីវិមានភ្នំពេញ។
តាងនាមថ្នាក់ដឹកនាំក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងតាងនាមថ្នាក់ដឹកនាំសមាគមសិល្បករខ្មែរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានមានប្រសាសន៍ថា« ជាបឋម ខ្ញុំសូមចូលរួមរំលែកមរណទុក្ខ និងក្តីអាឡោះអាល័យបំផុតជាមួយក្រុមគ្រួសារកញ្ញា នូ មៈនេត្រអាថាណ្ណា និងសូមបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធ ក្នុងលោក និងទេព្តាទាំងមួយម៉ឺនលោកធាតុ តាមជួយបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធ កញ្ញា នូ មៈនេត្រអាថាណ្ណា សូមឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ »។
លោកជំទាវអ្នកឧកញ៉ា បានបញ្ជាក់ថា ក្នុងនាមថ្នាក់ដឹកនាំពិតជាសោកស្តាយជាពន់ពេកចំពោះមរណភាពរបស់ កញ្ញា ថាណា ។ នេះគឺជាការបាត់បង់នូវធនធានមនុស្សដ៏សំខាន់សម្រាប់ក្រុមហ៊ុន ហើយក៏ជាការបាត់បង់នូវបញ្ញាវន្តដ៏ឆ្នើមម្នាក់ផងដែរ។
ជាមួយគ្នានោះ លោកជំទាវ ក៏បានបន្ថែមថា សូមពុកម៉ែបងប្អូនព្យាយាមធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ និងតាមដានសុខភាពខ្លួនឯង និងក្រុមគ្រួសារជាទីស្រឡាញ់ឱ្យបានជាប្រចាំផងដែរ។
ទន្ទឹមនឹងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ លោកជំទាវអ្នកឧកញ៉ា ក៏បាននាំយកនូវថវិការបស់សមាគមមួយចំនួន រួមជាមួយនឹងថវិកាចំនួន ១០០០ដុល្លារពីឯកឧត្តម អ៊ុំ រស្មី ជំនួយការសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និង ថវិកាចំនួន១០០០ដុល្លារពីអ្នកឧកញ៉ា ឡេង ហ៊ួរ អមដោយថវិកាផ្ទាល់ខ្លួនចំនួន ៥.០០០.០០០ រៀលផងដែរ។
គួរបញ្ជាក់ថា កញ្ញា នូ មៈនេត្រអាថាណ្ណា ជានាយិការងព័ត៌មាន និងជាពិធីការនីព័ត៌មាន CNC បានទទួលមរណភាព នៅវេលាម៉ោង ១១យប់ ថ្ងៃអាទិត្យ ១៣រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ នៅមន្ទីពេទ្យនាទីក្រុងបាងកក ប្រទេសថៃ ក្នុងជន្មាយុ ៣៧ឆ្នាំ ដោយរោគាពាធ។
កញ្ញា នូ មៈនេត្រអាថាណ្ណា បានចូលបម្រើការងារនៅក្រុមហ៊ុន CBS នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០០៩ ក្នុងតួនាទីជាពិធីការនីនៃកម្មវិធីព័ត៌មានពេលព្រឹក។ ក្នុងនាមជាពិធីការនីមួយរូប កញ្ញា នូ មៈនេត្រអាថាណ្ណា បានបំពេញការងារយ៉ាងល្អ ទទួលបានការគោរពស្រលាញ់ និងកោតសរសើរពីបុគ្គលិកគ្រប់ផ្នែក ព្រមទាំងបានការគាំទ្រពីសំណាក់ទស្សនិកជន៕
អត្ថបទ គង់ វណ្ណៈ រូបភាព អ៊ុន ផាណាត ,កែវ ភិរុណ និង ផានុ