×

តស់មកស្គាល់បេក្ខជនពិការភ្នែកម្នាក់ ដែលធ្លាប់ឈ្នះពាន MasterChef

បេក្ខនារីឈ្មោះ Christine Ha គឺជាបេក្ខនារីពិការភ្នែកម្នាក់ ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងសម្រាប់កម្មវិធី MasterChef ដែលជាស្លាកយីហោដ៏ល្បីល្បាញកម្រិតពិភពលោក។ នាងបានបង្ហាញខ្លួននៅក្នុងរដូវកាលទី៣ នៃកម្មវិធី MasterChef US ដែលចាក់ផ្សាយក្នុងឆ្នាំ ២០១២។

Christine ដែលមានពិការភ្នែកដោយសារជំងឺអូតូអ៊ុយមីន បានទាក់ទាញទស្សនិកជនជាមួយនឹងជំនាញធ្វើម្ហូបយ៉ាងពិសេស ភាពអត់ធ្មត់ និងការបង្ហាញពីភាពតស៊ូទោះបីជាខ្លួនជាជនពិការភ្នែកក៏ដោយ។

ទោះមិនអាចមើលឃើញ Christine នៅតែអាចបញ្ចេញទេពកោសល្យ និងបង្ហាញពីការប្តេជ្ញាចិត្តរបស់នាង។ ដោយទីបំផុត នាងបានឈ្នះពានរង្វាន់ MasterChef US ហើយក្លាយជាបេក្ខនារីពិការភ្នែកដំបូងគេបង្អស់ដែលឈ្នះងារជាកំពូលចុងភៅឯក ក្នុងប្រវត្តិសាស្ត្រ MasterChef ។

Christine មានសមត្ថភាពហួសពីការរំពឹងទុក ក្នុងការបង្កើតមុខម្ហូបដ៏គួរឱ្យភ្ញាក់ផ្អើល និងឆ្ងាញ់ រួមជាមួយនឹងការតស៊ូពុះពារទាំងដែលមិនអាចមើលឃើញ បានបន្សល់ទុកនូវការចងចាំមិនអាចបំភ្លេចបានសម្រាប់ទស្សនិកជននៅទូទាំងពិភពលោក។

ជ័យជម្នះរបស់ Christine បានក្លាយជាគំរូដ៏ល្អមួយសម្រាប់លើកទឹកចិត្តដល់មនុស្សគ្រប់រូប ឱ្យជម្នះលើឧបសគ្គ និងឈោងចាប់យកក្ដីស្រមៃរបស់ខ្លួន ហើយបច្ចុប្បន្ន នាងនៅតែជាបុគ្គលដ៏មានឥទ្ធិពលម្នាក់នៅក្នុងពិភពនៃការចម្អិនម្ហូប។

រឿងរ៉ាវរបស់ Christine បានបំផុសគំនិតដល់ជនមានពិការភាពនៅទូទាំងសាកលលោក ឱ្យចង់ចូលរួមសាកល្បងបង្ហាញពីស្នាដៃនៃការចម្អិនម្ហូប និងដំណើរជីវិតរបស់ពួកគេ នៅក្នុងកម្មវិធី MasterChef ផងដែរ។

ដូច្នេះ MasterChef មិនត្រឹមតែជាកម្មវិធីប្រកួតធ្វើម្ហូបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្មវិធីដែលបំផុសគំនិតឱ្យមនុស្សគ្រប់ៗគ្នា ទោះស្ថិតក្នុងកាលៈទេសៈបែបណា ក៏ត្រូវជម្នះរាល់ឧបសគ្គ មិនត្រូវបាក់ទឹកចិត្ត ដើម្បីសម្រេចក្ដីស្រមៃ និងគោលដៅរបស់ខ្លួន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង