តៃវ៉ាន់៖ យោងតាមការចេញផ្សាយដោយសារព័ត៌មាន BBC និង CNA បានរាយការណ៍ថា តារាចម្រៀង និងសម្តែងតៃវ៉ាន់ អ្នកនាង បាប៊ី ស៊ូ (Barbie Hsu) អាយុ ៤៨ឆ្នាំ ដែលគេស្គាល់ថាជាតួអង្គសាន់ឆាយ នៅក្នុងខ្សែភាពយន្ត F4 អំឡុងឆ្នាំ២០០១ បានទទួលមរណភាពហើយ ដោយជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ ។
ដំបូងឡើយ ពាក្យចរចាមអារ៉ាមពីមរណភាពរបស់តារាស្រីរូបនេះ ត្រូវគេចែកចាយពាសពេញប្រព័ន្ធអ៊ីនធើណិត កាលពីថ្ងៃអាទិត្យ ទី២ ខែកុម្ភៈ ហើយកាន់តែផុសផុលឡើងៗ បន្ទាប់ពីអតីតស្វាមីរបស់នាង គឺលោក វ៉ាង សោវហ្វី (Wang Xiaofei) បានប្តូររូបភាព Profile នៅលើគណនីបណ្ដាញសង្គមរបស់លោកទៅជាពណ៌ខ្មៅ។ ក្រោយមក ដំណឹងមរណភាពនេះ ត្រូវបានអ្នកនាង ឌី ស៊ូ (Dee Hsu) ដែលត្រូវជាប្អូនស្រីរបស់តារារូបនេះ បញ្ជាក់ពីមរណភាពរបស់បងស្រីខ្លួន កាលពីព្រឹកថ្ងៃចន្ទនេះតែម្ដង ។
ថ្លែងប្រាប់កម្មវិធីទូរទស្សន៍តៃវ៉ាន់ TVBS News អ្នកនាងឌីស៊ូ (Dee Hsu) បានរៀបរាប់យ៉ាងដូច្នេះថា «សូមអរគុណចំពោះក្ដីព្រួយបារម្ភពីអ្នកទាំងអស់គ្នា! ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ក្រុមគ្រួសាររបស់យើង បានធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុន។ ជាអកុសល បងស្រីជាទីគោរព និងចិត្តល្អរបស់ខ្ញុំ ស៊ីយ័ន (Xiyuan) ឬស្គាល់ថា បាប៊ី ស៊ូ (Barbie Hsu) បានទទួលមរណភាពហើយ ដោយសារតែរលាកសួត បង្កដោយជំងឺគ្រុនផ្តាសាយ» ។
អ្នកនាង បាប៊ី ស៊ូ (Barbie Hsu) បានចូលប្រឡូកក្នុងវិស័យសិល្បៈ នៅអាយុ ១៧ឆ្នាំ និងចូលទៅក្នុងក្រុមចម្រៀងជាមួយប្អូនស្រី ឌី ស៊ូ (Dee Hsu)។ អ្នកទាំងពីរ ក៏បានបន្តក្លាយជាពិធីការិនីទូរទស្សន៍ដ៏ល្បីឈ្មោះ ដោយសារតែបុគ្គលិកលក្ខណៈដ៏រស់រវើក និងប៉ិនប្រសព្វ ។
ក្រោយមក បន្ទាប់ពីបង្ហាញវត្តមានជាតួឯកស្រីនៅក្នុងខ្សែភាពយន្ត សួនផ្កាយស្នេហ៍ ឬ F4 ដែលយកតាមលំនាំតាមរឿងត្លុករបស់ជប៉ុនក្នុងឆ្នាំ ១៩៩០ រួចមក ក៏បានជួយឱ្យអ្នកនាង បាប៊ី ស៊ូ មានឈ្មោះបោះសំឡេងទៅបរទេស កាន់តែខ្លាំងបន្ថែមទៀត ។
ដំណឹងនៃការស្លាប់របស់អ្នកនាងបាប៊ី ស៊ូ ក៏បានបង្កឱ្យមានក្ដីសោកសៅយ៉ាងខ្លាំងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលអ្នកគាំទ្ររបស់អ្នកនាង បានសម្តែងនូវភាពភ្ញាក់ផ្អើលជាខ្លាំងចំពោះព័ត៌មាននេះ។ តាមរយៈរឿងខាងលើ អ្នកនាង បាប៊ី ស៊ូ ត្រូវគេស្គាល់យ៉ាងទូលំទូលាយ ជាពិសេសនៅតាមប្រទេសជាច្រើន ក៏ដូចជានៅក្នុងតំបន់អាស៊ាន រួមមានទាំងកម្ពុជា ហ្វីលីពីន ឥណ្ឌូណេស៊ី និងថៃឡង់ដ៍ជាដើម ។
គួររម្លឹកថា អ្នកនាង បាប៊ី ស៊ូ (Barbie Hsu) ត្រូវមហាជនស្គាល់យ៉ាងទូលំទូលាយថាជាតារាសម្តែងស្រីដ៏ឆ្នើម ក្នុងរឿងភាគតៃវ៉ាន់សួនផ្កាយស្នេហ៍ ដែលចំណងជើងជាភាសាអង់គ្លេស ហៅថា មីធីអូហ្គាឌិន (Meteor Garden) ដោយភាគច្រើនស្គាល់ថាជារឿង F4 កាលពីឆ្នាំ ២០០១ ដោយកាលនោះ អ្នកនាង បានសម្តែងជាតួស្រីឈ្មោះ សាន់ឆាយ ជាមួយតារាប្រុស ៤រូបទៀត គឺលោក ជើរី យ៉ាន់ (Jerry Yan), វីក ជូ (Vic Chou), ខេន ជូ (Ken Chu) និងវ៉ាន់ណេស វូ (Vanness Wu) ៕