ប្រធានក្រុម Bayern Munich អ្នកចាំទី Manuel Neuer បានសម្រេចចុះកិច្ចសន្យាបន្តកុងត្រាថ្មី ដែលនឹងធ្វើអោយរូបគេលេងនាកីឡដ្ឋាន Allianz Arena ដល់ខែមិថុនា ឆ្នាំ២០២៦។ នេះបើតាមការប្រកាសរបស់ក្លិបនៅក្របខណ្ឌ Bundesliga ។
Manuel Neuer ដែលនឹងឈានដល់វ័យ៣៩ឆ្នាំ នៅខែក្រោយ បានមកចូលរួមជាមួយ Bayern Munich ដោយផ្លាស់មកពី Schalke ក្នុងឆ្នាំ២០១១ ហើយចាប់តាំងពីពេលនោះមក រូបគេបានបង្ហាញខ្លួន ៥៤៧ប្រកួត និងបានរក្សាសំណាញ់ទីមិនអោយគូប្រកួតស៊ុតចូល Clean-Sheets បានចំនួន ២៥៨ដង។
បន្ទាប់ពីបានប្រកាសចូលនិវត្តន៍ពីក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ កាលពីខែសីហា ឆ្នាំមុន ក្រោយបង្ហាញខ្លួន ១២៤ដង និងបានឈ្នះពានរង្វាន់ FIFA World Cup 2014 ជាមួយក្រុមឥន្ទ្រីយ៍ដែករួចមក Manuel Neuer ត្រូវបានដឹងថា នឹងផុតកិច្ចសន្យាជាមួយ Bayern Munich នៅដំណាច់រដូវកាលនេះ ប៉ុន្តែ Bayern Munich បានសម្រេចរក្សារូបគេនៅជាមួយក្លិបបន្តទៀត។
ជាមួយការទទួលបានកុងត្រាថ្មីនេះដែរ Manuel Neuer បានបញ្ចេញចំណាប់អារម្មណ៍របស់ខ្លួនថា “ ខ្ញុំពិតជានៅចង់លេងបាល់ទាត់ និង ចង់បន្តឈ្មោះជាកីឡាកររបស់ Bayern Munich តទៅទៀត។ ខ្ញុំនៅតែស្រេកឃ្លានការប្រកួត និង ចង់បន្តជាកីឡាករពិសេសរបស់ក្លិប ដើម្បីទទួលបានភាពជោគជ័យជាមួយគ្នា។”
ចាប់តាំងពីចូលកាន់តំណែងជាប្រធានក្រុម Bayern Munich ក្នុងឆ្នាំ ២០១៧ មក Manuel Neuer មិនត្រឹមតែជាអ្នកដឹកនាំដ៏ល្អមួយរូបប៉ុណ្ណោះទេ ប៉ុន្តែជាវីរបុរសរបស់ក្លិបផងដែរ ដោយថ្មីៗនេះបានឈានចូលក្នុងបញ្ជីចំណាត់ថ្នាក់លេខ១០ កីឡាករដែលបង្ហាញខ្លួនច្រើនជាងគេនៅក្របខណ្ឌ Bundesliga ផងដែរ ដោយបង្ហាញខ្លួន ៥១៧ដង។
សម្រាប់ការលេងជាមួយ Bayern Munich កន្លងមក Manuel Neuer បានរួមចំណែកឈ្នះពានរង្វាន់ជាច្រើន ដូចជា Bundesliga ១១ដង German Cup ៥ដង German Super Cup ៦ដង UEFA Champions League ២ដង UEFA Super Cup ២ដង និង FIFA Club World Cup ២ដងផងដែរ៕