ការទទួលនិងដាក់ពាក្យរបស់បេក្ខជននៅខេត្តកំពត ដែលមានបំណងចូលរួមប្រកួតក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៤ បានបញ្ចប់ទៅដោយភាពរីករាយនិងជោគជ័យ ព្រមទាំងបានទាក់ទាញទស្សនិកជនជាតិ និងអន្តរជាតិ ចូលទស្សនាការបង្ហាញពីការចម្អិនម្ហូបរបស់អតីតបេក្ខនារីរដូវកាលទី៣។
ក្នុងរយៈពេល២ថ្ងៃ គិតពីថ្ងៃទី៨ និង ទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ បេក្ខជនដាក់ពាក្យជាច្រើនបានយកមុខម្ហូបដ៏ល្អបំផុតរបស់ពួកគេមកកាន់ទីតាំងទទួលពាក្យរបស់ក្រុមការងារ MasterChef ដោយម្នាក់ៗបង្ហាញពីអារម្មណ៍រំភើប និងក្ដីសង្ឃឹមចង់ជាប់ទៅកាន់វគ្គបន្ទាប់។
បន្ថែមលើដំណើរការនៃការដាក់ពាក្យ ពីកម្មវិធី MasterChef Cambodia រដូវកាលទី៤ ក៏មានការចូលរួមពី ឆៃ តារាម៉ាលីន បេក្ខនារី Top 3 រដូវកាលទី៣ ផងដែរ។ វត្តមានរបស់ ម៉ាលីន បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ទស្សនិកជនជាតិ និងអន្តរជាតិ ដែលបានចូលរួមទស្សនាផ្ទាល់ ពីការបង្ហាញពីជំនាញធ្វើម្ហូបរបស់អតីតបេក្ខនារី MasterChef ។ នេះបានរួមចំណែកក្នុងការផ្សព្វផ្សាយឱ្យភ្ញៀវជាតិនិងអន្តរជាតិបានស្គាល់ពីភាពសម្បូរបែបរបស់ម្ហូបខ្មែរ ដើម្បីជំរុញដល់វិស័យទេសចរណ៍។
សកម្មភាពនេះ មិនត្រឹមតែបង្ហាញពីសក្ដានុពលផ្នែកធ្វើម្ហូបក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងឱ្យឃើញពីប្រជាប្រិយភាពកាន់តែខ្លាំងឡើងរបស់កម្មវិធី MasterChef Cambodia ។
ការទទួលនិងដាក់ពាក្យបន្ទាប់ នឹងត្រលប់មកកាន់រាជធានីភ្នំពេញសាជាថ្មី នៅថ្ងៃទី ១៥-១៦ ខែកុម្ភៈ ឆ្នាំ ២០២៥ ។ សូមរង់ចាំតាមដានព័ត៌មានលម្អិតផ្សេងៗនៅលើផេកផ្លូវការរបស់ MasterChef Cambodia៕