វិញ្ញាសាគ្រប់គ្រងភោជនីយដ្ឋាន (Restaurant Takeover) គឺជាវិញ្ញាសាដ៏ពេញនិយម និងមានភាពស្វិតស្វាញ នៅក្នុងកម្មវិធីប្រកួតធ្វើម្ហូបលំដាប់ថ្នាក់ពិភពលោកដ៏ធំ MasterChef ទាំងក្នុងនិងក្រៅប្រទេស។ ក្នុងវិញ្ញាសានេះ បេក្ខជនទាំងអស់ត្រូវមានភារកិច្ចកាន់កាប់ផ្ទះបាយរបស់ភោជនីយដ្ឋានមួយ ដែលពួកគេទទួលខុសត្រូវលើការបង្កើតមុខម្ហូប និងដំណើរការនៃសេវាកម្មអាហាររបស់ភោជនីយដ្ឋាន។
បេក្ខជន ត្រូវបានបែងចែកជាក្រុម និងធ្វើការរួមគ្នាដើម្បីរៀបចំផែនការ និងរៀបចំមុខម្ហូបផ្សេងៗ គ្រប់គ្រងបុគ្គលិកផ្ទះបាយ និងធានាថាសេវាកម្មលើកម្ហូបដល់តុដំណើរការដោយរលូន។ វិញ្ញាសានេះ មិនត្រឹមតែសាកល្បងជំនាញធ្វើម្ហូបរបស់បេក្ខជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតេស្តសមត្ថភាពរបស់ពួកគេក្នុងការទប់ទល់នឹងសម្ពាធនៃបរិយាកាសក្នុងភោជនីយដ្ឋានដែលមានមនុស្សច្រើនថែមទៀតផង។
វិញ្ញាសាគ្រប់គ្រងភោជនីយដ្ឋាន ជាចំណុចរបត់មួយនៅក្នុងកម្មវិធី MasterChef ដែលអាចរកឃើញបេក្ខជនដែលខ្លាំង និងបេក្ខជនដែលមានសមត្ថភាពទាបជាងគេ។ វាគឺជាវិញ្ញាសាដ៏សំខាន់ ដែលបង្ហាញពីសមត្ថភាពរបស់បេក្ខជនក្នុងការធ្វើការក្រោមសម្ពាធ សហការគ្នាប្រកបដោយប្រសិទ្ធភាព និងការប្រតិបត្តិការដែលមានគុណភាពខ្ពស់ក្នុងលក្ខណៈវិជ្ជាជីវៈ។
សូមរង់ចាំទស្សនាការប្រកួតប្រជែងដ៏រំភើប និងស្វិតស្វាញនៅក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៤ ដែលគ្រោងនឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗនេះ ដើម្បីអ៊ុតមើលថាតើបេក្ខជនទាំងអស់ នឹងត្រូវឆ្លងកាត់វិញ្ញាសាអ្វីខ្លះ? MasterChef Cambodia នឹងមិនធ្វើឱ្យទស្សនិកជនខកបំណងឡើយ!