ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ កាន់តែពិសេសប្លែក ជាងឆ្នាំមុនៗ ជាមួយនឹងកម្មវិធីកម្សាន្តផ្សេងៗ ពិសេសកម្មវិធី “ភូមិអាហារនៃក្ដីស្រឡាញ់” ដើម្បីជំរុញវិស័យទេសចរណ៍របស់ប្រទេសកម្ពុជា។
ភូមិអាហារនៃក្ដីស្រលាញ់ រៀបចំឡើងដោយប្រជាជនកម្ពុជា បង្កើតបានជាចលនាមហាជនរួមគ្នាធ្វើជាលក្ខណៈទ្រង់ទ្រាយធំដែលមិនត្រឹមតែជារូបភាពប៉ុណ្ណោះទេ ប៉ុន្តែជាទឹកចិត្ត និងសន្ដានចិត្តនៃការចែករំលែកជាមួយប្រជាជន និងជាពិសេសចាស់ទុំ និងព្រឹទ្ធាចារ្យ ក្នុងការលើកយកម្ហូបអាហារខ្មែរដែលជាវិស័យដ៏សំខាន់សម្រាប់ទេសចរណ៍ ព្រមទាំងវិធីសាស្ត្រនៃការធ្វើមកបង្ហាញ ដោយបង្កលក្ខណៈងាយស្រួលដល់យុវជន និងប្រជាពលរដ្ឋទូទៅឱ្យបានចូលរួមធ្វើអាហាររួមគ្នាក្នុងអំឡុងពេលនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។
សូមរំឭកថា កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥កន្លងទៅនេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត បាន អញ្ជើញចុះទៅពិនិត្យទីតាំងមួយចំនួនក្នុងបរិវេណមុខប្រាសាទអង្គរវត្ត និងសួនច្បារព្រះរាជដំណាក់ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០២៥ នាពេលខាងមុខនេះ។
ព្រឹត្តិការណ៍អង្គរសង្ក្រាន្តត្រូវបានរៀបចំឡើងលើកចុងក្រោយកាលពីឆ្នាំ២០២៣ ដែលត្រូវនឹងខួប ១០ ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដោយបាននាំមកនូវការជួបជុំប្រកបដោយភាតរក្រោមដំបូលគ្រួសារខ្មែរតែមួយ និងជាពិសេសសម្រេចបាននូវសមិទ្ធផលធំៗចំនួន ២ គឺ ការបំបែកឯកត្តកម្មបត់បេះដូងច្រើនជាងគេ និងឯតទគ្គកម្មរាំចង្វាក់ម៉ាឌីស្សុនច្រើនជាងគេ។ ដោយឡែកនៅក្នុងឆ្នាំ២០២៥នេះ អង្គរសង្ក្រាន្តនឹងត្រឡប់មកជាថ្មី ជាមួយនឹងទស្សនីយភាពសិល្បៈ វប្បធម៌ដ៏សម្បូរបែបរបស់ដូនតាខ្មែរ ដើម្បីមកដាក់បង្ហាញជូមបងប្អូនប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរណ៍អន្តរជាតិ ក្នុងឱកាសអបអរពិធីបុណ្យឆ្នាំថ្មីប្រពៃណីជាតិ។
ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ត្រូវបានរៀបចំឡើងជាផ្ទាំងទស្សនីយភាពវប្បធម៌ទ្រង់ទ្រាយធំជាលើកដំបូងនៅក្នុងឆ្នាំ២០១៣ លើទឹកដីអង្គរនៃខេត្តសៀមរាប ក្រោមការផ្ដួចផ្ដើមរបស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្នុងគោលបំណង ប្រមូលផ្តុំយុវជន ក៏ដូចជាសាធារណជន ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាមហាគ្រួសារខ្មែរតែមួយ រម្លឹក និងធ្វើឱ្យរស់រវើកឡើង នៃមរតកបេតិកភណ្ឌអរូបីខ្មែរ ចូលរួមថែរក្សា និងអភិវឌ្ឍវប្បធម៌ជាតិ និងលើកស្ទួយកិត្យានុភាពជាតិ លើឆាកអន្តរជាតិ ក៏ដូចជាផ្តល់ឱកាសដល់យុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានសិក្សាអំពីកិត្តិនាម ភាពចម្រុះនៃវប្បធម៌ អរិយធម៌ ប្រពៃណី និងសាសនា៕