×

ប្រធានាធិបតីបារាំងចែករំលែកវីឌីអូ AI ដោយប្រើប្រាស់មុខរបស់គាត់ ក្នុងកិច្ចប្រជុំកំពូលបញ្ញាសិប្បនិម្មិត

លោក Emmanuel Macron ប្រធានាធិបតីបារាំង បានប្រើប្រាស់វីដេអូក្លែងក្លាយដែលបង្កើតដោយ AI ដើម្បីផ្សព្វផ្សាយជាសាធារណៈអំពីការចាប់ផ្តើមនៃកិច្ចប្រជុំកំពូលស្ដីពីបញ្ញាសិប្បនិម្មិត នៅទីក្រុងប៉ារីស ចាប់ពីថ្ងៃទី១០ ដល់ ១១ ខែកុម្ភៈ ឆ្នាំ២០២៥។

នៅក្នុងវីឌីអូដែលបានបង្ហោះនៅលើគណនី Instagram របស់គាត់ លោក Macron ប្រតិកម្មទៅនឹងការកាត់តវីឌីអូដែលប្រើប្រាស់មុខរបស់គាត់ នៅក្នុងខ្សែភាពយន្ត និងរឿងភាគទូរទស្សន៍ដ៏ពេញនិយម ដោយលោកបាននិយាយថាវា ធ្វើបានល្អណាស់

កាលពីខែតុលា ឆ្នាំមុន លោក Macron បានប្រាប់សារព័ត៌មាន Variety ថា វីឌីអូក្លែងក្លាយនេះ អាចជាវិធីនៃការរំលោភបំពានចំពោះមនុស្សមួយចំនួន។

វីឌីអូក្លែងក្លាយ ដែលត្រូវបានគេមើលរាប់លានដងនៅលើគណនី Instagram, X និង TikTok របស់ប្រធានាធិបតីបារាំង បង្ហាញថា មុខរបស់គាត់ក្នុងវីឌីអូរាំដ៏ល្បីល្បាញកាលពីឆ្នាំ ១៩៨០ ការបង្រៀនធ្វើសក់របស់ Influencer និងកម្មវិធីទូរទស្សន៍ដ៏ល្បី MacGyver

វីដេអូបែបនេះបានពេញនិយមនៅលើបណ្តាញសង្គមរបស់បារាំងយូរមកហើយ ដូច្នេះហើយទើបលោក Macron ទទួលស្គាល់ថាលោកបានក្លាយជា meme ក្នុងមជ្ឈដ្ឋានប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួន។

ប្រធានាធិបតីវ័យ ៤៧ ឆ្នាំរូបនេះបាននិយាយថា៖ ប៉ុន្តែកាន់តែមានប្រយោជន៍ ជាមួយនឹងបញ្ញាសិប្បនិម្មិត យើងអាចធ្វើរឿងធំៗមួយចំនួន៖ ផ្លាស់ប្តូរការថែទាំសុខភាព ថាមពល និងការរស់នៅក្នុងសង្គមរបស់យើង”

លោកបន្ថែមថា៖ បារាំងនិងអឺរ៉ុបត្រូវតែជាបេះដូងនៃបដិវត្តន៍នេះដើម្បីចាប់យករាល់ឱកាស ហើយក៏ដើម្បីលើកកម្ពស់គោលការណ៍របស់យើងផងដែរ”

គួរបញ្ជាក់ថា វីឌីអូនេះត្រូវបានបង្ហោះមុនកិច្ចប្រជុំកំពូល AI សាកលរយៈពេលពីរថ្ងៃ ដែលចាប់ផ្តើមនៅទីក្រុងប៉ារីសកាលពីថ្ងៃចន្ទ។ គោលបំណងនៃកិច្ចប្រជុំកំពូល គឺដើម្បីបង្រួបបង្រួមមេដឹកនាំពិភពលោក នាយកប្រតិបត្តិបច្ចេកវិទ្យា និងអ្នកសិក្សាដើម្បីពិនិត្យមើលផលប៉ះពាល់របស់ AI លើសង្គម អភិបាលកិច្ច និងបរិស្ថាន។

ច្បាប់ AI ដែលបានអនុម័តដោយ EU នាពេលកន្លងទៅ ដែលគ្រប់គ្រងការប្រើប្រាស់បញ្ញាសិប្បនិម្មិត បានប្រឈមមុខនឹងការរិះគន់ នៅឯកិច្ចប្រជុំកំពូលនេះ ចំពោះការរារាំងការច្នៃប្រឌិត។ EU នេះក៏បានបង្ហាញពីផែនការសម្រាប់ open source AI នៅទ្វីបអឺរ៉ុប ជាមួយនឹងថវិកាចំនួន ៣៧,៤ លានអឺរ៉ូ៕


អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង