×

លោក Jim Ratcliffe ចង់កាត់បន្ថយបុគ្គលិកក្លិប Man UTD ១០០នាក់បន្ថែមទៀត

ម្ចាស់ភាគហ៊ុនក្លិប Man UTD មហាសេដ្ឋីអង់គ្លេស លោក Jim Ratcliffe កំពុងរៀបចំផែនការក្នុងការកាត់បន្ថយបុគ្គលិកក្លិបបិសាចក្រហមលើសពី១០០នាក់បន្ថែមទៀត។

កាលពីឆ្នាំមុន ក្លិប Man UTD បានបញ្ឈប់បុគ្គលិកចំនួន ២៥០ នាក់ ឬ ប្រហែលមួយភាគបួននៃកម្លាំងការងាររបស់ក្លិប ដែលជាផ្នែកមួយនៃវិធានការកាត់បន្ថយការចំណាយដ៏ច្រើននៅកីឡដ្ឋាន Old Trafford។

ឥឡូវ មន្ត្រីបុគ្គលិករបស់ក្លិប Man UTD នឹងជួបប្រទះហានិភ័យសាជាថ្មី ដោយក្លិបមានគម្រោងកាត់បន្ថយបុគ្គលិកបន្ថែមលើសពី១០០នាក់ ខណៈក្លិបកំពុងពិចារណាលើដំណើរការនេះហើយ។

Man UTD មានបុគ្គលិកប្រមាណ ១១១២ នាក់ មុនពេលលោក Jim Ratcliffe បានកាន់កាប់ភាគហ៊ុនមួយភាគបួននៅក្នុងក្លិបកាលពីដើមឆ្នាំមុន។ នេះគឺជាចំនួនបុគ្គលិកដ៏ច្រើនជាងក្លិបធំៗដទៃនៅក្របខណ្ឌ Premier League ខណៈក្លិបធំដូចជា Man City បានជួលបុគ្គលិកប្រមាណ ៥២០នាក់ប៉ុណ្ណោះ ។

ការផ្លាស់ប្តូរនេះគឺមានគោលបំណងដើម្បីបន្ធូរការចំណាយទៅលើក្រុមគ្រូបង្វឹករបស់លោក Ruben Amorim ដោយ Man UTD កំពុងព្យាយាមស្វែងរកភាពរុងរឿងរបស់ខ្លួនមកវិញ។ ថ្វីត្បិតតែមានប្រាក់ចំណូលច្រើនក៏ដោយ Man UTD បានខាតបង់ ៣០០ លានផោនក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ។

លោក Jim Ratcliffe បានបន្ថែមទឹកប្រាក់ប្រហែល ២៤១លានផោន ដែលជាជំនួយដល់ការអភិវឌ្ឍ របស់ Man UTD ប៉ុន្តែវានៅតែមានបញ្ហាជាមូលដ្ឋាននៅក្នុងកីឡដ្ឋាន Old Trafford ដែលចាំបាច់ត្រូវដោះស្រាយអោយស្រាច់បាច់។

ក្លិបក៏កំពុងពិចារណាផ្លាស់ប្តូរទៅកាន់កីឡដ្ឋានថ្មី ដែលមានសមត្ថភាពផ្ទុកអ្នកគាំទ្រប្រមាណ១០ម៉ឺននាក់ ឬធ្វើការកែលម្អជាលក្ខណៈទ្រង់ទ្រាយធំនៃកីឡដ្ឋាន Old Trafford ហើយពួកគេនឹងត្រូវស្វែងរកមូលនិធិដើម្បីធ្វើដូច្នេះបាន។ ទន្ទឹមនឹងនេះ ការកាត់បន្ថយការចំណាយជាជំហានដែល Man UTD ត្រូវតែធ្វើដើម្បីការអនុលោមតាមជៀសផុតការល្មើសច្បាប់ប្រាក់ចំណេញ និងនិរន្តរភាព PSR របស់ក្របខណ្ឌ Premier League ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង