×

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រគល់អំពូលសូឡា សម្ភារៈសិក្សា និងថវិកាមួយចំនួន ជូនទៅអាជ្ញាធរកងកម្លាំងកំពុងថែរក្សាការពារទឹកដី និងសិស្សានុសិស្សក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែងជាប់ព្រំដែនកម្ពុជា -ឡាវ

ស្ទឹងត្រែង៖ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ រួមជាមួយក្រុមការងារសិល្បករ សិល្បការនី និងក្រុមការងារពាក់ព័ន្ធមកក្រសួងស្ថាបនផ្សេងៗ លោកជំទាវ ឡុង ភិរម្យ រដ្ឋលេខាធិកាក្រសួងទេសចរណ៍ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានប្រគល់ជូនអំពូលសូឡា ៥០០ឈុត សម្ភារៈសិក្សា និងថវិកាមួយចំនួន ជូនទៅអាជ្ញាធរកងកម្លាំងកំពុងថែរក្សាការពារទឹកដី និងសិស្សានុសិស្សក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែងជាប់ព្រំដែនកម្ពុជា -ឡាវ នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ។

ក្នុងឱកាសនោះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរមានប្រសាសន៍ថ្លែងអំណរគុណ ចំពោះបងៗដែលជាកងកំលាំងកំពុងប្រចាំការ ថែរក្សាការពារបន្ទាប់ព្រំដែនរវាងកម្ពុជាឡាវ ក៏ដូចជាសប្បុរសជននានាដែលបានចូលរួមបរិច្ចាគនូវធនធានផ្ទាល់ខ្លួនចូលរួមជាមួយសមាគម ដើម្បីទិញអំពូលសូឡា ជូនដល់អាជ្ញាធកងកំលាំងនៅពេលនេះ ។ សមាគមសិល្បករខ្មែរមានកិត្តិយសយ៉ាងធំធេងដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ជូនអំពូលសូឡាសម្រាប់បំភ្លឺ ដែលជាតម្រូវការចាំបាច់ ដើម្បីបំពេញការខ្វះខាតអគ្គិសនីប្រាស់ប្រាស់ផ្ទាល់ ។

ជាមួយគ្នានេះ លោកជំទាវអ្នកឧកញ៉ា សង្ឃឹមថា សម្ភារៈទាំងនេះនឹងជួយដោះស្រាយបញ្ហាបានខ្លះ នាពេលបច្ចុប្បន្ន ។ សមាគមបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការសម្រាលទុក្ខលំបាក របស់ប្រជាពលរដ្ឋ ក៏ដូចជាក្រុមគ្រួសារយុទ្ធជន អតីតយុទ្ធជន និងនគរបាល ឈរជើងនៅតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ។ ដើម្បីជាការលើកទឹកចិត្ត និងការកោតសរសើរអំពីការតស៊ូលះបង់របស់បងប្អូនដែលរស់នៅទីនេះ ដើម្បីជាផ្នែកមួយរួមចំណែកជាបង្គោលព្រំដែនក្នុងការការពារជាតិ ។

ទន្ទឹមនឹងនោះ លោកអភិបាលខេត្តស្ទឹងត្រែង សរ សុពុត្រា ថ្លែងថាក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចមហាវរធិបតី បានអភិវឌ្ឍ ស្ថាបនាផ្លូវនៅបន្ទាត់ព្រំដែននេះ ក៏ដូចជាធ្វើផ្ទះជូនដល់គ្រួសារកងទ័ព ក្នុងគោលបំណងតែមួយគត់ គឺឱ្យគ្រួសាររបស់កងទ័ពក្លាយជារបងការពារ ដែនអធិបតេយ្យរបស់កម្ពុជា ជាពិសេសគឺបន្ទាត់ព្រំដែន ។ជាមួយគ្នានេះ លោកអភិបាលខេត្តបញ្ជាក់ថា ខ្សែបន្ទាត់ព្រំដែនរបស់កម្ពុជា គឺស្របតាមច្បាប់អន្តរជាតិមិនមានអ្នកណាមករំលោភបំពានឬរំកិលបានឡើយ ហើយអាជ្ញាធរនៅទីនេះ ស៊ូយកជីវិតមកប្តូរដើម្បីការពារទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ។
ក្នុងឱកាសនោះ ក្រៅពីការប្រគល់ជូនអំពូលសូឡា លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ក៏បានប្រគល់ថវិកាមួយចំនួនដល់កងកំលាំង និងបានផ្តល់ជាកាបូបស្ពាយ សៀវភៅ ប៊ិច ខ្មៅដៃ និងថវិកាមួយចំនួនជូនដល់សិស្សានុសិស្សនៅទីនោះផងដែរ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ សីហា ២០២៤កន្លងទៅ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្តេចបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន» តបតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរ ដើម្បីបានឱកាសចូលរួមក្នុងបុព្វហេតុជាតិ ជាពិសេសការកសាងផ្លូវតាមក្រវាត់ព្រំដែន។

ក្រោយការបង្កើតមូលនិធិនាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ និងគ្រប់ទិសទី បានស្ម័គ្រចិត្តបរិច្ចាគថវិកាតាមលទ្ធភាពរបស់ពួកគេចូលរួមក្នុងមូលនិធិនេះ។

ចលនានៃការបរិច្ចាគថវិកាក្នុង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន» ត្រូវបិទបញ្ចប់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះហើយ។ របាយការណ៍បានឱ្យដឹងថា រយៈពេល៦៦ថ្ងៃ គិតចាប់ពីថ្ងៃទី២២ ខែសីហា ដល់ថ្ងៃទី៣១ ខែតុលា មានប្រជាពលរដ្ឋខ្មែរចូលរួមសរុប ៧២០,១០៥អង្គ/នាក់ ដោយទទួលបានថវិកាសរុបជិត២៧លានដុល្លារអាមេរិកពោលគឺ (២៦,៩៦៧,៦០៩ដុល្លារអាមេរិក) ៕

ដោយ៖គង់ វណ្ណៈ រូបភាព កែវ សារិទ្ធ អ៊ុន ផាណាត

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង