ប្រតិភូសមាគមសិល្បករខ្មែរ ទស្សនកិច្ច«ទំនប់អូរតេធិបតី» សមិទ្ធផលថ្មីរបស់រាជរដ្ឋាភិបាល ក្នុងទឹកដីខេត្តមណ្ឌលគិរី ជាប្រភពទឹកដ៏សំខាន់សម្រាប់ប្រេីប្រាស់ និងស្រោចដំណាំ
- កម្សាន្ត, សង្គម
- February 19th, 2025 (2 months)
Views: 83
-

មណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ប្រតិភូសិល្បករ-សិល្បការិនីដឹកនាំផ្ទាល់ដោយលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធាសមាគមសិល្បករខ្មែរ បានបន្តដំណើរចូលទស្សនកិច្ចទំនប់អូរតេធិបតី ស្ថិតក្នុងស្រុកអូររំាង ខេត្តមណ្ឌលគិរី ដែលជាសមិទ្ធផលថ្មីមួយរបស់រាជរដ្ឋាភិបាលកម្ពុជា គួរជាទីចាប់អារម្មណ៍ នឹងផ្ដល់នូវអត្ថប្រយោជន៍យ៉ាងច្រើនដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តនាភូមិភាគឦសាន្តមួយនេះ។
ក្នុងឱកាសនោះ មានវត្តមាន លោក ហ៊ាញ ប៊ុណ្ណា អភិបាលរងខេត្តមណ្ឌលគិរី, លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធាសមាគម ។ លោក ទិត ថាវរិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ឡុង ភិរម្យ រដ្ឋលេខាធិការក្រសួងទេសចរណ៍សិល្បករខ្មែរ ព្រមទាំងបងប្អូនសិល្បករ-សិល្បការិនី និងក្រុមការងារជាច្រើននាក់។
លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានសម្តែងនូវមោទនភាពចំពោះសមិទ្ធផលថ្មីលើទឹកដីមណ្ឌលគិរី ហើយក៏សប្បាយចិត្តនៅពេលបានធ្វើដំណើរមកដល់ទំនប់អូរតេធិបតី រួមគ្នាជាមួយថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ និងសិល្បករ-សិល្បការិនី មកស្វែងយល់ និងផ្សព្វផ្សាយពីសមិទ្ធផលទំនប់ទឹកពហុវិស័យដែលកើតចេញពីកិច្ចខិតខំអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោក ហ៊ាញ ប៊ុណ្ណា អភិបាលរងខេត្តមណ្ឌលគិរី បានថ្លែងបង្ហាញពីសារៈសំខាន់របស់ទំនប់អូរតេធិបតី ជូនថ្នាក់ដឹកនាំប្រតិភូសិល្បករ-សិល្បការិនី បានជ្រូតជ្រាបយ៉ាងក្បោះក្បាយ។ លោកសង្កត់ធ្ងន់ថា ទំនប់នេះក៏បានជួយកាត់បន្ថយហានិភ័យ នៃគ្រោះមហន្តរាយធម្មជាតិ ដែលបង្កឡើងដោយជំនន់គ្រប់ប្រភេទ និងគ្រោះរាំងស្ងួតដែលតែងតែកើតមានឡើងក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងបានជួយសម្រួលដល់ការប្រើប្រាស់ទឹកជាប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងរក្សាបាននូវបរិស្ថានបៃតងជាប់ជាប្រចាំផងដែរ។
ទំនប់អូរតេធិបតីសមិទ្ធផលថ្មីលើដីមណ្ឌលគិរី សាងសង់ដោយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងត្រូវសម្ពោធដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ទំនប់អូរតេធិបតី ជាសមិទ្ធផលថ្មីមួយទៀតលើទឹកដីនៃខេត្តមណ្ឌលគិរី ដែលនឹងបម្រើជាប្រយោជន៍មហាសាលសម្រាប់ប្រជាពលរដ្ឋ។ ទំនប់អូរតេធិបតី ត្រូវបានសាងសង់ឡើងក្នុងពេលសម្តេចតេជោ ហ៊ុន សែន ដឹកនាំ ហើយត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ។
ទំនប់អូរតេ បូករួមនឹងទំនប់លើ និងទំនប់ក្រោម ជាគម្រោងអភិវឌ្ឍធនធាន ទឹកសម្រាប់ពហុវិស័យ ក្នុងខេត្តមណ្ឌលគិរី ដែលបានអនុវត្តការសាងសង់អស់រយៈពេលប្រមាណ ៣ឆ្នាំ ចាប់ពីខែតុលា ឆ្នាំ២០២១ ដល់ខែមករា ឆ្នាំ២០២៤ ដោយចំណាយថវិកាសរុបប្រមាណ ៦២លានដុល្លារអាម៉េរិក ក្រោមក្របខ័ណ្ឌឥណទានមូលនិធិទ្រទ្រង់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា។
យោងតាមរបាយការណ៍ បានឱ្យដឹងថា ទំនប់អូរតេ ដែលមានទីតាំងស្ថិតក្នុងស្រុកអូររាំង មានសមត្ថភាពស្តុកទឹកបានប្រមាណ ១២លានម៉ែត្រគូប និងមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា ទំនប់បេតុងប្រវែង ៣០៦ម៉ែត្រ កម្ពស់ ២០ម៉ែត្រ មានតួទំនប់ជាស្ពានធ្វើចរាចរណ៍ឆ្លងកាត់បាន, សំណង់បង្ហូរបេតុងប្រវែង ១០០ម៉ែត្រ កម្ពស់ ១៥ម៉ែត្រ និងទ្វារទឹកសម្អាតអាងចំនួន ២ទ្វារ សំណង់ការពារជើងទេរប្រវែង ៣,១៧៦ម៉ែត្រ, អគារការិយាល័យ និងសហគមន៍កសិករប្រើប្រាស់ទឹកចំនួន ១ខ្នង, ស្ថានីយភ្លើងដំឡើងត្រង់ស្វូរ ១ឈុត និងម៉ាស៊ីនភ្លើង ១ឈុត, ផ្លូវបេតុងក្រវាត់ជុំវិញអាងប្រវែង ៣,១៧៦ម៉ែត្រ និងផ្លូវបេតុងចូលទៅកាន់ទំនប់ប្រវែង ៣,០៦១ម៉ែត្រ និងស្ពានបេតុងចំនួន ៣កន្លែង មានប្រវែងសរុប ៣០៤ម៉ែត្រ។
ទំនប់នេះ បានជួយកាត់បន្ថយហានិភ័យ នៃគ្រោះមហន្តរាយធម្មជាតិ ដែលបង្កឡើងដោយជំនន់គ្រប់ប្រភេទ និងគ្រោះរាំងស្ងួតដែលតែងតែកើតមានឡើងក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងការឡើងកម្តៅនៃភពផែនដី។ ទំនប់អូរតេធិបតីនេះ ក៏បានជួយសម្រួលដល់ការប្រើប្រាស់ទឹកជាប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងរក្សាបាននូវបរិស្ថានបៃតងជាប់ជាប្រចាំផងដែរ៕