×

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បញ្ជាក់ពីមូលហេតុសំខាន់ៗ ជុំវិញការដឹកនាំសិល្បករសិល្បការិនីមកកាន់ផ្លូវក្រវាត់ព្រំដែនកម្ពុជា វៀតណាម នៅមណ្ឌលគិរី

មណ្ឌលគិរី​៖​ លោកជំទាវអ្នកឧកញ៉ា ប្រធានសមាគមសិល្បករខ្មែរ​​ ថ្លែងថា​ លោកជំទាវបានដឹកនាំក្រុមការងារ និងសមាជិកសមាជិកាសមាគមសិល្បករខ្មែរ មកទស្សនកិច្ចផ្លូវក្រវ៉ាត់ព្រំដែន ខណៈដែលទស្សនកិច្ចនេះគឹធ្វើឡើងក្នុងគោលបំណង៣គឺ ទី១, ដឹកនាំសិល្បករសិល្បការិនី ដែលតែងទទូចចង់មកទស្សនាផ្ទាល់ ពីដែនអធិបតេយ្យ បូរណភាពដែនដីរបស់ខ្លួន នៅតាមបណ្តោយផ្លូវក្រវាត់ព្រំដែន ពិសេសក្នុងខេត្តមណ្ឌលគិរីនេះតែម្តង។

ទី២មកស្វែងយល់ និងផ្សព្វផ្សាយបន្តពី កិច្ចខិតខំប្រឹងប្រែង ពុះពារក្នុងការការពារទឹកដីរបស់រាជរដ្ឋាភិបាលកម្ពុជាតាំងពីអាណត្តិមុន បន្តរហូតមកដល់អាណត្តិថ្មី នេះ ពោលគឺមិនមែនចេះតែថាទេ គឺរាជរដ្ឋាភិបាលធ្វើមែន។ មកស្វែងយល់ពីការលំបាករបស់កងកម្លាំងរបស់យើង គឺពុះពារគ្រប់ឧបសគ្គ ប្រឈមនឹងគ្រាប់មីន អាកាសធាតុ និងបញ្ហាប្រឈមជាច្រើនទៀត ដូចជាទីតាំងភូមិសាស្ត្រលំបាក និងទី៣ គឺដូចបងប្អូនបានជ្រាបផងដែរថា ដើម្បីរួមចំណែកដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល សមាគមសិល្បករ ខ្មែរ បានកៀរគរសិល្បករ-សិល្បការិនីចូលរួមក្នុងការបរិច្ចាគមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធព្រំដែន ហើយនៅ ថ្ងៃនេះ យើងបាននាំបងប្អូនសិល្បៈមួយចំនួនមកទស្សនានូវសមិទ្ធផលដែលកើតចេញពីការចូលរួមរបស់ពួកគាត់ រួមគ្នាជាមួយបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស។​

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង​ ប្រធានសមាគមសិល្បករខ្មែរ​ ថ្លែងបែបនេះ​ ក្នុងឱកាសដឹកនាំក្រុមការងារមកពីសមាគមសិល្បករខ្មែរ​ មន្ត្រីមកពីស្ថាប័ន​ផ្សេងៗ​ មេីលពីវឌ្ឍភាពស្ថាបនាផ្លូវក្រវ៉ាត់ព្រំដែន​កម្ពុជា​ វៀតណាម​ ស្ថិតនៅឃុំសែនមនោរម្យ​ ស្រុកអូររាំង​ ខេត្តមណ្ឌលគិរី​ នាព្រឹកថ្ងៃទី១៩​ ខែកុម្ភ:​ ឆ្នាំ២០២៥។

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង​ ប្រធានសមាគមសិល្បករខ្មែរ​ ថ្លែងថា​ យើងទាំងអស់គ្នាមកទីនេះដើម្បីមើលឱ្យឃើញច្បាស់ពីអ្វីដែលរាជរដ្ឋាភិបាលកំពុងធ្វើយ៉ាងពិតប្រាកដ ទោះបីត្រូវឆ្លងកាត់មហាឧបសគ្គ គឺគ្រប់យ៉ាងដើម្បីការពារបូរណភាពដែនដីកម្ពុជា។ ពិសេស គឺយើងចង់បញ្ជាក់ថា អ្វីដែលបងប្អូនបានចូលរួមថវិកាសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធព្រំដែន គឺរាជរដ្ឋាភិបាលយកមកធ្វើយ៉ាងពិតប្រាកដ មិនមានការបាត់បង់សូម្បីមួយសេនឡើយ។ ពោលគឺផ្លូវក្រវាត់ព្រំដែន ជា សមិទ្ធផលជាប្រវត្តិសាស្ត្រ កើតចេញពីកម្លាំងសាមគ្គីនៃការរួបរួមរបស់ប្រជាជនកម្ពុជា។

លោកជំទាវអ្នកឧកញ៉ា បានបញ្ជាក់ថា «ខ្ញុំ ក៏ដូចជាបងប្អូនទាំងអស់ បានមើលឃើញយ៉ាងជាក់ច្បាស់ ពីភាពរឹងមាំនៃដែនអធិបតេយ្យរបស់កម្ពុជាយើង នាពេល នេះ និងតទៅអនាគតតាមរយៈរូបភាព៣យ៉ាង ទី១ ការចរចាបោះបង្គោលព្រំដែនឱ្យបានច្បាស់លាស់ និងត្រឹមត្រូវបំផុតតាមនិយាមការអន្តរជាតិជារបង។ ទី២, ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍ ផ្លូវក្រវាត់ព្រំដែន និងទី៣ ជំរុញការអភិវឌ្ឍ និងប្រជាជនមក រស់នៅតាមបណ្តោយព្រំដែនឱ្យកកាន់តែច្រើន ដើម្បីបង្កើតរបង ខឿនការពារជាតិ»។

ជាមួយគ្នានេះ​ លោកឧត្តមសេនីយ៍ទោ សឹង សុខន មេបញ្ជាការរងកងវិស្វកម្មក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនផ្តោតលើការកសាងផ្លូវក្រវ៉ាត់ព្រំដែន បានថ្លែងប្រាប់​ដោយយោងទៅលើរបាយការណ៍ថា វឌ្ឍនភាព
ស្ដីពីការអនុវត្តគម្រោងកសាងផ្លូវខ្សែក្រវាត់ព្រំដែនដោយប្រើប្រាស់ថវិកាមូលនិធិព្រំដែន ក្នុងខេត្តមណ្ឌលគិរី និងរតនគិរី គឺបានចាត់តាំងកងឯកភាពសរុបចំនួន ៨កងឯកភាព ក្នុងនោះខេត្តមណ្ឌលគិរី មានចំនួន ៥
កង និងខេត្តរតនគិរី មានចំនួន ៣កង រួមមានកងឯកភាពលេខ៧២, ៧១៥ និង ៧១៩។

លទ្ធផលសម្រេចបាន
ការងារបោសសម្អាតមីន-យុទ្ធភណ្ឌមិនទាន់ផ្ទុះ សម្រេចបានលើផ្ទៃដីទំហំ ២.៣៩២.៥០០ ម៉ែត្រគូប
រកគ្រាប់ឃើញគ្រាប់បែកចំនួន ៧១គ្រាប់។ ការឈូសផ្លូវទទឹង ៥. បើកមុខសម្រាប់រកខ្សែផ្លូវដំបូង សម្រេចបានប្រវែង ៩៥,៧០គ.ម (ខេត្តមណ្ឌលគិរី សម្រេចបានប្រវែង ៦០,៧០គ.ម, ខេត្តរតនគិរី សម្រេចបានប្រវែង ៣៥គ.ម)
ការឈូសផ្លូវទទឹង ២០ម. សម្រាប់រកអ័ក្សផ្លូវ សម្រេចបានប្រវែង ៨២,៧០គ.ម​(ខេត្តមណ្ឌលគិរី
សម្រេចបានប្រវែង ៥៣,៣០គ.ម, ខេត្តរតនគិរី សម្រេចបានប្រវែង ៣៥គ.ម។​

ចំពោះការងារលុបជ្រលង ចិតជញ្ជាំងភ្នំ និងបន្ទាបចំណោទភ្នំ សម្រេចបានប្រវែង ៧១,៦០គ.ម (ខេត្តមណ្ឌលគិរី សម្រេចបានប្រវែង ៤២,២០គ.ម, ខេត្តរតនគិរី សម្រេចបានប្រវែង ២៩,៤០គ.ម)។

លោកឧត្តមសេនីយ៍ទោ សឹង សុខន បានសង្កត់ធ្ងន់ថា កងកម្លាំងវិស្វកម្ម នៃកងយោធពលខេមរភូមិន្ទ ប្ដេជ្ញាខិតខំបំពេញភារកិច្ចដោយការទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចឱ្យបានតាមផែនការជាប្រវត្តិសាស្ត្រនេះ។​

សូមបញ្ជាក់ថា ក្រៅពីអំណោយ
សមាគមសិល្បករខ្មែរបានប្រគល់ជូនថវិកាចំនួន ១០លានរៀល សម្រាប់៥អង្គភាពជូនថវិកាដល់កងកម្លាំង៥០នាក់ ក្នុង១នាក់ ៥ម៉ឺនរៀល។​
ជាមួយគ្នានោះ លោកជំទាវអ្នកឧកញ៉ាក៏បានប្រគល់ថវិកាផ្ទាល់ចំនួន១០លានរៀលបន្ថែមផងដែរ៕

ដោយ៖​ គង់​ វណ្ណៈ​ រូបភាព​ អ៊ុន​ ផាណាត​ និងកែវ​ សារិទ្ធ

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង