ម្ហូបរបស់ប្រទេសកម្ពុជា នឹងកាន់តែមានការទទួលស្គាល់ជាសាកល បន្ទាប់ពីសមាគមភោជនីយដ្ឋានកម្ពុជា និងក្រុមប្រឹក្សាទេសចរណ៍កម្ពុជា បានផ្តួចផ្តើមជាយុទ្ធសាស្រ្តដើម្បីលើកកម្ពស់មុខម្ហូបខ្មែរ ដែលជាកត្តាជំរុញដ៏សំខាន់នៃវិស័យទេសចរណ៍។ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងនេះ ម្ចាស់ជ័យលាភី និងគណៈកម្មការមកពីកម្មវិធី MasterChef Cambodia ត្រូវបានអញ្ជើញឱ្យចូលរួមជាមួយយុទ្ធនាការនេះ។
លោក រិន ណារ៉ា និងលោក ស៊ុន ម៉េងហ៊ី ដែលជាគណៈកម្មការដ៏ល្បីល្បាញរបស់កម្មវិធី MasterChef Cambodia ព្រមទាំងម្ចាស់ពានរង្វាន់រដូវកាលទី២ និងទី៣ កញ្ញា ប៉ិច ស្រីណុច និងលោក ឃួន សំអន ក៏មានវត្តមានចូលរួមក្នុងគំនិតផ្ដួចផ្ដើមបង្កើតទេសចរណ៍ម្ហូបអាហារកម្ពុជានេះ ដោយផ្តោតលើការលើកកម្ពស់មុខម្ហូបខ្មែរនៅលើឆាកអន្តរជាតិ។
ការអញ្ជើញ Chef ល្បីៗរបស់ MasterChef Cambodia បានបង្ហាញពីប្រជាប្រិយភាពរបស់កម្មវិធី MasterChef Cambodia ដែលបានដើរតួយ៉ាងសំខាន់ក្នុងការរំលេចនូវមុខម្ហូបខ្មែរនៅក្នុងការប្រកួតប្រកួតកម្រិតពិភពលោក។
លោក រិន ណារ៉ា បានឱ្យដឹងថា៖ “ពិតជារំភើបមែនទែនដែលបានចូលរួមជាចំណែកមួយក្នុងការជំរុញម្ហូបខ្មែរយើងអោយពិភពលោកបានស្គាល់កាន់តែទូលំទូលាយជាងនេះ”។