×

តារាកំប្លែងជើងចាស់អ្នកស្រី ជុំ រស្មី ហៅស្រីទូច និងស្វាមី ជួបថ្លែងអំណរគុណលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ក្រោយបញ្ចប់វិវាទបែងចែកទ្រព្យដ៏រ៊ាំរ៉ៃ

នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ ប្ដីប្រពន្ធតារាកំប្លែងជើងចាស់ គឺអ្នកស្រី ជុំ រស្មី​ហៅស្រីទូច និងស្វាមីលោក វ៉ាន់ តារាផាន់ ហៅនាយត្រដក់ ជាសមាជិក-សមាជិកា សមាគមសិល្បករខ្មែរ បានមកដល់ស្នាក់សមាគមសិល្បករខ្មែរ ក្នុងគោលបំណងដើម្បីថ្លែងអំណរគុណជូនចំពោះលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ ដែលបានជួយសម្របសម្រួល ផ្ដល់មេធាវីការពារក្តីប្រចាំសមាគមសិល្បករខ្មែរ ក្នុងដំណើរការដោះស្រាយវិវាទបែងចែកមរតកក្នុងគ្រួសារតាំងពីឆ្នាំ ២០២១ និងទើបទទួលបានដំណោះស្រាយសមស្របកាលពីពេលថ្មីៗនេះ ក្រោមចំណាត់ការរបស់សាលាឧទ្ធរណ៍រាជធានីភ្នំពេញ។

ក្នុងឱកាសសំណេះសំណាលនោះ លោកស្រី ជុំ រស្មី ហៅស្រីទូច បាននិយាយថា៖ « ខ្ញុំសូមគោរពថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ជាប្រធានសមាគមសិល្បករខ្មែរ ដែលបានជួយនៅក្នុងរឿងក្ដីរបស់នាងខ្ញុំ ដោយសមាគមបាន ផ្តល់សេវាមេធាវីតាមរយៈលោកជំទាវ ឈីវ ភិរម្យ ដែលជាសមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមសិល្បករខ្មែរ»។

លោកស្រី ជុំ រស្មី ហៅស្រីទូច ឱ្យដឹងថា៖ «ចាប់តាំងពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ លោកមេធាវី ធួន សុធា បានខិតខំជួយនាងខ្ញុំរកដំណោះស្រាយសះជា និងឈានបានដល់លទ្ធផលជាទីគាប់ចិត្ត និងបានបញ្ចប់ជាស្ថាពរកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥»។

ជាមួយគ្នានោះ លោកស្រី ជុំ រស្មី ហៅស្រីទូច និងលោក វ៉ាន់ តារាផាន់ ហៅនាយត្រដក់ ក៏បានប្រសិទ្ធពរ បវរសួស្តីមហាប្រសើរ ជូនចំពោះលោកជំទាវ អ្នកឧកញ៉ា សូមសមប្រកបតែនឹងពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទ គង់ វណ្ណៈ រូបភាព កែវ សារិទ្ធ និងអ៊ុន ផាណាត

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង