×

នេះជាមូលហេតុ ៥យ៉ាង ដែលធ្វើឱ្យស្ត្រប៊ឺរីជាផ្លែឈើដ៏មានប្រយោជន៍ចំពោះសុខភាព និងត្រូវបានប្រើប្រាស់ក្នុងផ្ទះបាយ MasterChef Cambodia

កាលពីរដូវកាលទី៣ នៃកម្មវិធី MasterChef Cambodia បេក្ខជនរបស់យើង ត្រូវបានគណៈកម្មការដាក់វិញ្ញាសាផ្លែស្ត្រប៊ឺរី ដើម្បីធ្វើជាបង្អែមលាងមាត់ ដូចជាវគ្គផ្ដាច់ព្រ័ត្រ នៃការប្រកួតរវាង សំអន និង លីនដា ជាដើម។ ដូច្នេះ តើមូលហេតុអ្វីខ្លះដែលធ្វើឱ្យ ស្ត្រប៊ឺរី ជាផ្លែឈើដ៏មានប្រយោជន៍ចំពោះសុខភាពអ្នកទទួលទាន?

ផ្លែស្ត្រប៊ឺរី ជាផ្លែឈើដ៏ពេញនិយមបំផុតមួយនៅក្នុងពិភពលោក។ វាមានច្រើនជាង ១០ ប្រភេទ ដែលខុសគ្នាទាំងរសជាតិ និងទំហំ ប៉ុន្តែពួកវាទាំងអស់មានរូបរាងជាបេះដូងដូចគ្នា និងពណ៌ក្រហម។ យោងតាមអ្នកជំនាញរបស់វិទ្យាស្ថាន Cleveland Clinic នៅសហរដ្ឋអាមេរិក លោកស្រី Bailey Flora បានបង្ហាញពីអត្ថប្រយោជន៍របស់ផ្លែស្ត្រប៊ឺរី។

១. បង្កើនថាមពលខួរក្បាល

នៅពេលដែលខួរក្បាលរបស់អ្នកកាន់តែចាស់ វាដំណើរការខ្សោយជាងមុន។ ប៉ុន្តែយោងទៅតាមការស្រាវជ្រាវ ការទទួលទានផ្លែស្ត្រប៊ឺរី នឹងការពារថាមពលសម្រាប់ដំណើរការខួរក្បាលរបស់អ្នក នៅពេលអ្នកកាន់តែចាស់។

២. ពង្រឹងប្រព័ន្ធភាពស៊ាំរបស់អ្នក

ផ្លែស្ត្របឺរី គឺជាប្រភពដ៏អស្ចារ្យនៃវីតាមីន C ដែលអ្នកត្រូវការពីអាហារ ព្រោះរាងកាយរបស់អ្នកមិនអាចផលិតវាបានទេ។ ក្នុងករណីកម្រ អ្នកដែលមិនទទួលបានវីតាមីនដ៏សំខាន់នេះគ្រប់គ្រាន់ នឹងវិវឌ្ឍទៅជាជំងឺដែលបណ្តាលឱ្យហូរឈាម ស្នាមជាំ និងភាពស្លេកស្លាំង។

៣. ការពារសុខភាពបេះដូង

ការស្រាវជ្រាវបានបង្ហាញថា ផ្លែស្ត្របឺរីអាចជួយការពារស្ថានភាពមួយចំនួនដែលអាចនាំឱ្យកើតជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល ក៏ដូចជាជំងឺទឹកនោមផ្អែម ដែលបង្កើនលទ្ធភាពនៃជំងឺបេះដូង។

៤. កាត់បន្ថយការរលាក

ការរីករាលដាលនៃការរលាកខាងក្នុង រួមចំណែកដល់ជំងឺជាច្រើនរួមទាំងជំងឺបេះដូង។ កត្តារស់នៅដូចជារបបអាហារមិនល្អ សកម្មភាពរាងកាយទាប និងការជក់បារី អាចនាំឱ្យរលាក។

៥. ជួយគ្រប់គ្រងជាតិស្ករក្នុងឈាម

ជាតិស្ករក្នុងឈាមរបស់អ្នក គឺជាកត្តាហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី២ ដែលធ្វើឱ្យអ្នកងាយនឹងកើតជំងឺបេះដូងផងដែរ។ ប្រសិនបើអ្នកកំពុងមានការលើកកម្រិតជាតិស្ករ ផ្លែស្ត្របឺរី គឺជាមធ្យោបាយដ៏ល្អក្នុងការទទួលទានដើម្បីជំនួសរបស់ផ្អែម។

ស្ត្រប៊ឺរី ជាគ្រឿងផ្សំគោលដ៏ល្អមួយក្នុងការធ្វើជាបង្អែម តើនៅក្នុងរដូវកាលទី៤ខាងមុខនេះ បេក្ខជន MasterChef Cambodia នឹងមានការច្នៃប្រឌិតអ្វីពីផ្លែឈើមួយប្រភេទនេះដែរឬទេ? កុំភ្លេចតាមដាននៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង