ខ្ទឹមបារាំង ជាម៉ើមរុក្ខជាតិដែលត្រូវបានគេយកមកធ្វើជាគ្រឿងទេសសម្រាប់ចម្អិនម្ហូបអាហារដើម្បីទទួលទាន ហើយវាជារបស់ដែលមិនអាចខ្វះបាននៅក្នុងផ្ទះបាយដ៏ប្រណីតរបស់កម្មវិធីប្រកួតធ្វើម្ហូប MasterChef Cambodia ។ ប៉ុន្តែតើលោកអ្នក ធ្លាប់ដឹងអត់ថាតើវាមានគុណប្រយោជន៍ដូចម្ដេចខ្លះ? ដូច្នេះ Plus KH នឹងធ្វើការបង្ហាញ។
បង្ការជំងឺមហារីក
ផ្ទុកសមាសធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ជួយប្រឆាំងការកកើតរ៉ាឌីកាល់សេរី ដែលជាមូលហេតុបង្កជាកោសិកាមហារីក។
ប្រឆាំង និងបន្ថយការរលាក
ទប់ស្កាត់ការកើតឡើងនៃអាស៊ីតខ្លាញ់ ដែលជាមូលហេតុបង្កឱ្យមានការរលាកផ្សេងៗដូចជា ជំងឺរលាកសន្លាក់ និងរលាកសន្លាក់រ៉ាំរ៉ៃជាដើម។ ក្នុងករណីដែលអ្នករលាកដោយកម្ដៅ ឬកត្តាផ្សេងៗ អ្នកអាចយកចិតខ្ទឹមបារាំងជាបន្ទះយកទៅដាក់លើស្បែកដែលរលាកនោះរយៈពេល ២-៣នាទី វានឹងបន្ធូរបន្ថយការឈឺចាប់។
បង្ការជំងឺបេះដូង
សារធាតុស្ពាន់ធ័រក្នុងខ្ទឹមបារាំង ជួយការពារគ្រាប់ឈាមមិនឱ្យកកដុំៗ ដែលជាមូលហេតុបណ្ដាលឱ្យគាំងបេះដូង។
បន្ថយជាតិស្ករដែលជួយបង្ការជំងឺទឹកនោមផ្អែម
ផ្ទុកសារធាតុ allyl propyl disulphide (PADS) ដែលជួយបន្ថយបរិមាណជាតិស្ករគ្លុយកូសក្នុងឈាម ដែលជួយបង្ការជំងឺទឹកនោមផ្អែម និងល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែមដែលត្រូវការបរិភោគអាហារដែលជួយបន្ថយជាតិស្ករក្នុងឈាម។
បង្ការជំងឺរបេង
ជួយបង្ការជំងឺរបេង ដោយលោកអ្នកគ្រាន់តែទទួលទានខ្ទឹមបារាំង ២ មើមក្នុងមួយថ្ងៃ។
បន្ថែមពីលើនេះដែរ ខ្ទឹមបារាំងក៏បានផ្ដល់នូវអត្ថប្រយោជន៍មួយចំនួនទៀតដូចជា ជួយកម្ចាត់ជាតិពុល និងបាក់តេរី ពង្រឹងប្រព័ន្ធភាពស៊ាំ ជំនួយដល់ភ្នែកភ្លឺច្បាស់ល្អ សម្រួលដល់ប្រព័ន្ធរំលាយអាហារ និងបង្ការជំងឺផ្សេងៗផងដែរ៕