×

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង និងសិល្បករ សិល្បការិនីចាស់ថ្មីជាច្រើនរូប ចូលរួមពិធីសូត្រមន្តសម្ពោធការិយាល័យថ្មីរបស់សមាគមសិល្បករខ្មែរ

ភ្នំពេញ៖ សមាគមសិល្បករខ្មែរ ក្រោមការដឹកនាំរបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានរៀបចំពិធីសូត្រមន្តសម្ពោធការិយាល័យថ្មីរបស់សមាគមសិល្បករខ្មែរ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៣៩ ផ្លូវលេខ៣៧៦ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ក្រោមព្រះវត្តមានសម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងនាមជាប្រធានសមាគមសិល្បករខ្មែរ អាណត្តិទី៦ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានផ្ដួចផ្ដើមគំនិតបង្កើតឱ្យមានការិយាល័យសមាគមសិល្បករខ្មែរជាផ្លូវការមួយ ដែលនឹងកាត់ខ្សែបូសម្ពោធនាល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។

នៅក្នុងឱកាសនេះដែរ ក៏មានវត្តមានសិល្បករ សិល្បការិនីចាស់ថ្មីចូលរួមជាច្រើនរូប រួមទាំងសិល្បករចាស់ជរា ពិការភាព និងមានជីវភាពខ្វះខាតផង។

គួរបញ្ជាក់ថា ក្នុងនាមជាប្រធានសមាគមសិល្បករខ្មែរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ជានិច្ចជាកាល តែងតែយកចិត្តទុកដាក់គិតគូរដល់សិល្បករចាស់ជរាដែលជួបការលំបាក និងសិល្បករមានបញ្ហាសុខភាពធ្ងន់ធ្ងរ តាមរយៈការឧបត្ថម្ភថវិកា ក៏ដូចជាជួយសម្របសម្រួលនូវកិច្ចការចាំបាច់មួយចំនួនដល់សិល្បករខ្មែរផងដែរ។

សូមជម្រាបជូនថាកម្មវិធីសម្ពោធការិយាល័យថ្មីរបស់សមាគមសិល្បករខ្មែរ នៅល្ងាចថ្ងៃទី២៦ ខែកុម្ភៈនេះ នឹងមានការអញ្ជើញចូលរួមជាអធិបតីភាពពីលោកជំទាវ ភឿង សកុណា រដ្ឋមន្រ្ដីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងគណៈអធិបតីសំខាន់ៗមួយចំនួនទៀត។

កម្មវិធីនេះក៏នឹងមានការសម្ដែងរបាំជូនពរ ការសម្តែងសិល្បៈទស្សនីយភាពពិសេស ក៏ដូចជាការចាក់បញ្ចាំងនូវវីដេអូខ្លីៗស្តីពីសកម្មភាព និងសមិទ្ធផលការងាររបស់សមាគមសិល្បករខ្មែរនាពេលកន្លងមកផងដែរ៕

អត្ថបទ៖ សុភៈនារី
ការីថត៖ លោក អ៊ុន ផាន់ណាត់, លោក ប៉ក់ សុឃីម និង លោក លឹម មុនី្ន

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង