×

សិល្បករ សិល្បការិនី សម្ដែងក្ដីរំភើបរីករាយ និងកក់ក្ដៅ ខណៈការិយាល័យថ្មីរបស់សមាគមសិល្បករខ្មែរ ត្រូវបានសម្ពោធជាផ្លូវការ

ភ្នំពេញ៖ សិល្បករ សិល្បការិនីចាស់ក្មេង បានសម្ដែងភាពរីករាយ និងកក់ក្ដៅក្រៃលែង ខណៈដែលការិយាល័យថ្មីរបស់សមាគមសិល្បករខ្មែរបានលេចរូបរាងជាផ្លូវការ ហើយនឹងត្រូវសម្ពោធនៅល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

ក្រុមសិល្បករលើកឡើងថា ការិយាល័យថ្មីនេះប្រៀបដូចជាផ្ទះរបស់ពួកគាត់ ហើយពួកគាត់សូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក៏ដូចជាលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ ដែលបានជួយជ្រោមជ្រែងគ្រប់កាលៈទេសៈដើម្បីសមិទ្ធផលរួមនៃសមាគមសិល្បករខ្មែរ។

នៅក្នុងពេលវេលាប្រកបដោយមហានក្ខតត្តឫក្សវិសេសវិសាលនេះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានមានប្រសាសន៍ថា កម្មវិធីនាព្រឹកនេះជាការបង្ហាញពីសក្ខីភាពនៃការស្រឡាញ់យកចិត្តទុកដាក់រវាងសិល្បករនិងសិល្បករ។

បន្ថែមពីលើនេះ លោកជំទាវអ្នកឧកញ៉ាប្រធានសមាគម បានថ្លែងអំណរគុណចំពោះសិល្បករចាស់ថ្មីទាំងអស់ដែលបានបោះឆ្នោតគាំទ្រដល់លោកជំទាវធ្វើជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦។ ក្នុងនាមជាប្រធានសមាគមសិល្បករខ្មែរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្ដេជ្ញាខិតខំប្រឹងប្រែងធ្វើឱ្យសមាគមសិល្បករខ្មែរបន្តរីកចម្រើនទៅមុខបន្ថែមទៀត។

ក្នុងគ្រានេះដែរ កំពូលតារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជតា មានប្រសាសន៍ថា អ្នកនាងមានសេចក្តីរីករាយណាស់ដែលការិយាល័យថ្មីរបស់សមាគមសិល្បករខ្មែរត្រូវបានសម្ពោធជាផ្លូវការ។
កំពូលតារាចម្រៀងរូបនេះ ក៏បានចាត់ទុកការការិយាល័យថ្មីនេះប្រៀបដូចជាផ្ទះសម្រាប់សិល្បករ និងលើកទឹកចិត្តសិល្បករទាំងអស់ខិតខំបង្កើនសមត្ថភាពរបស់ខ្លួនបន្ថែមទៀតដើម្បីលើកកម្ពស់មុខមាត់សិល្បៈខ្មែរ។

ចំណែក តារាភាពយន្តជើងចាស់អំឡុងទសវត្សទី៧០ លោក គង់ សុភី បានថ្លែងអំណរគុណចំពោះលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ដែលបានបង្កើតការិយាល័យថ្មីរបស់សមាគមសិល្បករខ្មែរ ដើម្បីអាចឱ្យសិល្បករដែលជួបប្រទះបញ្ហាអាចមកប្រឹក្សាយោបល់រកដំណោះស្រាយនៅទីនេះបាន។

​រីឯអ្នកស្រី អ៊ែម សៀងហៃ ជាសិល្បករផ្នែកភាពយន្ត បានសម្ដែងក្ដីរីករាយ និងអរគុណថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលតែងតែយកចិត្តទុកដាក់ និងគិតគូរដល់សុខទុក្ខរបស់សិល្បករចាស់ជរា ក៏ដូចជាសិល្បករដទៃទៀតដែលជួបប្រទះការខ្វះខាត។

​សូមជម្រាបជូនថា ក្រៅពីសំណេះសំណាលសួរសុខទុក្ខសិល្បករចាស់ជរា ពិការភាព និងសិល្បករមានជីវភាពខ្វះខាត លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ក៏បានឧបត្ថម្ភថវិកាជូនសិល្បករទាំងនោះផងដែរ។

គួរបញ្ជាក់ជូនដែរថា សមាគមសិល្បករខ្មែរបានដើរតួនាទីយ៉ាងសកម្មចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការអភិរក្ស និងអភិវឌ្ឍវិស័យសិល្បៈវប្បធម៌ជាតិ ជាពិសេសគឺការគាំពារដល់សិល្បករចាស់ជរា ពិការ បាត់បង់សមត្ថភាព ជាដើម។

មិនតែប៉ុណ្ណោះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ក្នុងនាមប្រធានសមាគមសិល្បករខ្មែររួមទាំងថ្នាក់ដឹកនាំដទៃទៀត តែងបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់សិល្បករ ជាពិសេសសមាជិក សមាជិកា របស់សមាគម ក្នុងនោះមានដូចជាការរៀបចំឱ្យមានស្នាក់ការច្បាស់លាស់ដើម្បីបំពេញការងារសមរម្យ ដែលនេះជាការងារអាទិភាពមួយក្នុងចំណោមកិច្ចការអាទិភាពដទៃទៀតដែលសមាគមសិល្បករខ្មែរបាននិងកំពុងធ្វើ៕

អត្ថបទ៖ សុភៈនារី
ការីថត៖ លោក លឹម មុនី, លោក ប៉ក់ សុឃីម និង លោក អ៊ុន ផាន់ណាត់

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង