×

ចុងភៅវ័យក្មេង! ប្រជាប្រិយភាពរបស់កម្មវិធី MasterChef ជំរុញឱ្យសាលាមត្តេយ្យមួយនៅខេត្តបាត់ដំបងផ្ដួចផ្ដើមការប្រកួតចម្អិនម្ហូបដ៏ទាក់ទាញ

ដោយការស្រឡាញ់និងចូលចិត្តកម្មវិធី MasterChef Cambodia សាលាមត្តេយ្យធនធានក្រុងបាត់ដំបង បានរៀបចំការប្រកួតធ្វើម្ហូបដ៏ទាក់ទាញ់សម្រាប់សិស្សនុសិស្សវ័យក្មេងដែលកំពុងសិក្សានៅតាមថ្នាក់រៀននានា។ ក្នុងការប្រកួតនេះសង្កេតឃើញថា កុមារតូចៗបានពាក់មួកចុងភៅដែលមាននិមិត្តសញ្ញារបស់ MasterChef ហើយបានធ្វើការជាក្រុម ដើម្បីបង្កើតមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់ក្រោមការណែនាំរបស់លោកគ្រូអ្នកគ្រូរបស់ពួកគេ។

ដោយមានគណៈកម្មការចំនួន ៤រូបវាយតម្លៃយ៉ាងយកចិត្តទុកដាក់លើការខិតខំប្រឹងប្រែងរបស់ក្រុមនីមួយៗ ការប្រកួតដែលរៀបចំដោយសាលាមត្តេយ្យធនធានក្រុងបាត់ដំបង បានបង្ហាញពីការគាំទ្រយ៉ាងខ្លាំងពីសំណាក់មនុស្សគ្រប់មជ្ឈដ្ឋានចំពោះកម្មវិធី MasterChef Cambodia ។

ការប្រកួតនេះ បង្ហាញពីការធ្វើម្ហូប ការងារជាក្រុម និងភាពច្នៃប្រឌិត ដែលជាការបំផុសគំនិតចេញពី MasterChef Cambodia ដែលលោកគ្រូអ្នកគ្រូបានបង្ហាញដល់ក្មេងៗជំនាន់ក្រោយនូវ ចំណេះដឹងខាងចម្អិនពិតជាមានសារសំខាន់នៅក្នុងការរស់នៅប្រចាំថ្ងៃ និងការសហការជាក្រុម ដែលបង្រៀនពីទំនាក់ទំនងនិងប្រាស្រ័យទាក់ទងនៅក្នុងសង្គម ដែលមិនអាចខ្វះបាន។

តើអ្នកណាអាចដឹងទៅ? ថាមិនត្រូវប្រហែលជាចុងភៅវ័យក្មេងទាំងនេះធំឡើងនឹងចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធី MasterChef Cambodia ក៏ថាបាន! កម្មវិធី MasterChef Cambodia រដូវកាលទី៤ នឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខនេះ៕


អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង