×

តារាចម្រៀងកូរ៉េខាងត្បូង លោក Choi Whee sung ត្រូវគេប្រទះឃើញស្លាប់នៅក្នុងផ្ទះ ក្នុងវ័យ ៤៣ឆ្នាំ

កូរ៉េខាងត្បូង៖ យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ (Yonhab) បានរាយការណ៍ថា តារាចម្រៀងកូរ៉េខាងត្បូងមួយរូបឈ្មោះ ឆយ វីស៊ុង (Choi Wheesung) ត្រូវក្រុមអ្នកផ្ដល់ជំនួយសង្គ្រោះបន្ទាន់ ប្រទះឃើញស្លាប់នៅក្នុងអាផាតមិននៅម៉ោង ៦៖២៩នាទីល្ងាច បន្ទាប់ពីម្ដាយរបស់តារារូបនេះ បានទូរសព្ទទៅសុំជំនួយ នេះបើយោងតាមរបាយការណ៍របស់មន្ត្រីនគរបាល កាលពីថ្ងៃចន្ទ ។

គេបានប្រទះឃើញសាកសពតារាចម្រៀងវ័យ ៤៣ឆ្នាំរូបនេះ នៅក្នុងលំនៅដ្ឋានរបស់លោកផ្ទាល់តែម្ដង ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុងសេអ៊ូល។ ករណីចុងក្រោយនេះ បានកើតមានឡើងមិនដល់មួយខែឡើយ បន្ទាប់ពីតារាសម្ដែង គីម សេរ៉ុន (Kim Sae-ron) ត្រូវគេប្រទះឃើញស្លាប់នៅក្នុងផ្ទះ ក្រោយទទួលរងនូវការរិះគន់វាយប្រហារជាហូរហែនៅក្នុងអាជីពសិល្បៈរបស់នាង បន្ទាប់ពី គីម សេរ៉ុន បានបើកបររថយន្តនៅក្នុងស្ថានភាពស្រវឹងក្នុងឆ្នាំ ២០២២ ។

តាមរយៈការចុះផ្សាយដោយកាសែត ជុងអាងអ៊ីលបូ (JoongAng Ilbo) បានបញ្ជាក់ថា សមត្ថកិច្ច កំពុងតែធ្វើការស៊ើបអង្កេត ដោយត្រួតពិនិត្យថា តើករណីននេះ ជាករណីធ្វើអត្តឃាត ឬការប្រើប្រាស់ថ្នាំហួសកម្រិត ហើយក៏មិនមានភស្តុតាងណាមួយ ដែលបង្ហាញពីករណីអំពើហិង្សា ឬឃាតកម្មណាមួយនោះទេ ។

គួររម្លឹកថា តារាចម្រៀងកូរ៉េ លោក ឆយ វីស៊ុង (Choi Whee-sung) បានបង្ហាញខ្លួនជាសាធារណៈក្នុងនាមជាអ្នកចម្រៀងអាជីព នៅឆ្នាំ ២០០២ ជាមួយនឹងអាល់ប៊ុមបទចម្រៀង “Like A Movie”។ ប៉ុន្តែចាប់តាំងពីឆ្នាំ ២០២១ មក លោកវីស៊ុង ប្រឈមមុខនឹងភាពលំបាកនៅក្នុងអាជីពសិល្បៈរបស់លោក នៅពេលលោករងនូវការកាត់ទោសពីបទ «ប្រើប្រាស់ប្រភេទថ្នាំងងុយដេកកម្រិតខ្ពស់ដោយគ្មានការអនុញ្ញាតតាមវេជ្ជបញ្ជា» ដែលលោកត្រូវជាប់ទោសមួយឆ្នាំក្នុងពន្ធនាគារ ប៉ុន្តែក៏ទទួលបានការលើកលែងវិញ ដោយគ្រាន់តែស្ថិតនៅក្រោមការតាមដានរយៈពេល ២ឆ្នាំ ។ បញ្ហានេះ ក៏ក្លាយជាកត្តារួមចំណែកមួយផ្នែកដល់បញ្ហាប្រឈមផ្នែកសិល្បៈរបស់លោកផងដែរ ។

មុនពេលលេចលឺដំណឹងមរណភាពនេះ លោក វីស៊ុង (Wheesung) គ្រោងនឹងរៀបចំការប្រគុំតន្ត្រីរួមគ្នាជាមួយតារាចម្រៀង កាងចាងម៉ូ (Kang Chang-mo) ឬស្គាល់ថា KCM នៅថ្ងៃទី ១៥ ខែមីនា នៅក្នុងទីក្រុងដេគូ (Daegu) ប្រទេសកូរ៉េខាងត្បូង ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ CNA/ Yonhab News

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង