×

ធនាគារវីង ចេញសេចក្តីជូនដំណឹង ដោយសម្តែងការខន្តីអភ័យទោសអស់ពីដួងចិត្តចំពោះការអាក់រអួលនៃសេវាកម្មដោយមូលហេតុ បានធ្វើនូវវឌ្ឍនភាពផ្នែកបច្ចេកទេស

ភ្នំពេញ៖ ធនាគារ វីង បានចេញសេចក្តីជូនដំណឹង ដោយសំដែងការខន្តីអភ័យទោសអស់ពីដួងចិត្ត ចំពោះការអាក់រអួលនៃសេវាកម្មរបស់ Wing Bank ដែលបានកើតឡើងកាលពី ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ កន្លងទៅ ដោយមូលហេតុបានធ្វើនូវវឌ្ឍនភាពផ្នែកបច្ចេកទេសរបស់ធនាគារ វីង។

ក្នុងសេចក្តីជូនដំណឹង ដែលចេញនៅថ្ងៃទី១៣ ខែមីនានេះ បានលើកឡើងថា “នៅធនាគារ វីង យើងខ្ញុំបានចាត់ទុកអតិថិជន គឺជាបេះដូងនៃអ្វីៗគ្រប់យ៉ាងដែលយើងខ្ញុំខិតខំក្នុងការបម្រើសេវាកម្មជូន។ យើងខ្ញុំសូមសម្តែងការខន្តីអភ័យទោសយ៉ាងអស់ពីដួងចិត្ត ចំពោះការអាក់រអួលនៃសេវាកម្មរបស់យើងខ្ញុំ ដែលបានកើតឡើងកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២៥កន្លងទៅ ដោយមូលហេតុយើងខ្ញុំបានធ្វើនូវវឌ្ឍនភាពផ្នែកបច្ចេកទេសរបស់ធនាគារ វីង។ យើងខ្ញុំយល់យ៉ាងច្បាស់ថា ការរអាក់រអួលនេះ បានបង្កឱ្យមានការប៉ះពាល់មួយចំនួន ហើយយើងខ្ញុំពិតជាមានការសោកស្តាយយ៉ាងខ្លាំងចំពោះការរំខានណាមួយដែលបានប៉ះពាល់ដល់បទពិសោធន៍នៃការប្រើប្រាស់សេវាធនាគាររបស់លោកអ្នក។”

ធនាគារ វីង បានបញ្ជាក់បន្ថែមថា “ជាការប្តេជ្ញាចិត្តរបស់យើងខ្ញុំ គឺនឹងនៅតែបន្តក្នុងការផ្តល់ជូនលោកអ្នកនូវដំណោះស្រាយធនាគារដែលគួរឱ្យទុកចិត្ត ងាយស្រួល និងមានភាពច្នៃប្រឌិត។ ខណៈពេលដែលយើងខ្ញុំនៅតែបន្តធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធប្រតិបត្តិការរបស់យើងខ្ញុំ ដើម្បីបម្រើសេវាកម្មឱ្យកាន់តែប្រសើរ យើងខ្ញុំក៏សូមថ្លែងអំណរគុណចំពោះការអត់ធ្មត់ និងការយោគយល់អាធ្យាស្រ័យរបស់លោកអ្នក។

ធនាគារ វីង ក៏បានសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការផ្តល់ទុកចិត្ត និងបន្តគាំទ្រ ហើយក៏សង្ឃឹមយ៉ាងមុតមាំ ក្នុងការផ្តោតជាសំខាន់ទៅលើអតិថិជនបន្តទៅពេលអនាគត។
សូមអរគុណចំពោះការជ្រើសរើសេវាកម្មរបស់ធនាគារ វីង៕

#WingBank #CTN #MyTV #CNC

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង