×

ម្ចាស់ជ័យលាភី MasterChef សំអន បង្ហាញភាពច្នៃប្រឌិតលើផ្នែកតុបតែងរចនាលើសពីការចម្អិន ជាមួយផ្ទះបាយថ្មីសន្លាងនៅស្រុកកំណើត

លោក ឃួន សំអន ម្ចាស់ជ័យលាភីរបស់កម្មវិធី MasterChef Cambodia រដូវកាលទី៣ បានបង្ហាញគំនិតច្នៃប្រឌិតរបស់ខ្លួន តាមរយៈការរៀបចំតុបតែងផ្ទះបាយដ៏ថ្មីសន្លាងរបស់ខ្លួន នៅស្រុកកំណើត ក្នុងខេត្តបន្ទាយមានជ័យ។

មិនត្រឹមតែជាចុងភៅដែលមានប៉ិនប្រសប់ក្នុងការច្នៃប្រឌិត និងរសជាតិប៉ុណ្ណោះទេ ប៉ុន្តែ សំអន ថែមទាំងមានគំនិតគួរឱ្យកោតសរសើរលើផ្នែកឌីហ្សាញផងដែរ។ សម្រាប់ផ្ទះបាយដ៏ថ្មីសន្លាង ដែលលោកបានបង្ហាញនៅលើបណ្ដាញសង្គមកាលពីពេលថ្មីៗនេះ សំអន បានរួមបញ្ចូលគ្នារវាងអារម្មណ៍នៃផ្ទះបាយនិងហាងកាហ្វេ ជាមួយពណ៌បែបទំនើប និងការតុបតែងដ៏ទាក់ទាញ។

ការរចនានេះ បានឆ្លុះបញ្ចាំងពីសមត្ថភាពរបស់សំអនលើសពីការចម្អិន។ ជាក់ស្ដែង សំអន ក៏មានសមត្ថភាពក្នុងការគូរគំនូរបានយ៉ាងប៉ិនប្រសប់ផងដែរ ដោយលោកធ្លាប់បានចែករំលែកនូវផ្ទាំងគំនូរស្អាតៗដែលលោកបានគូរដោយផ្ទាល់ដៃ នៅលើបណ្ដាញសង្គមកាលពីពេលកន្លងទៅ។

ផ្ទះបាយនេះគឺជាសមិទ្ធផលមួយចេញពីប្រាក់រង្វាន់ ២០០ លានរៀល ដែលអតីតម្ចាស់ពានរបស់កម្មវិធី MasterChef Cambodia ទទួលបាន។ សំអនធ្លាប់បង្ហើបថា លោកមានបំណងប្រើប្រាស់ថវិការនេះដើម្បីសាងសង់ផ្ទះថ្មីជូនឪពុកម្តាយ នៅឯស្រុកកំណើត។

ជោគជ័យនិងសមិទ្ធផលរបស់លោក ឃួន សំអន ដែលធ្លាប់ជួបការលំបាកដោយសារកត្តាជីវភាព បាននិងកំពុងជំរុញឱ្យបេក្ខជនរបស់កម្មវិធី MasterChef Cambodia រដូវកាលទី៤ កាន់តែមានទឹកចិត្តក្នុងការប្រកួតប្រជែង ដើម្បីកែប្រែជោគវាសនារបស់ពួកគេជាមួយកម្មវិធីប្រកួតចម្អិនម្ហូបលំដាប់ថ្នាក់ពិភពលោកមួយនេះ។

MasterChef Cambodia រដូវកាលទី៤ ដែលទទួលការឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages នឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង