ប៉េងប៉ោះ គឺជាគ្រឿងផ្សំមួយដែលមាននៅក្នុងផ្ទះបាយរបស់កម្មវិធី MasterChef Cambodia ។ មិនត្រឹមតែជាគ្រឿងផ្សំសម្រាប់ធ្វើម្ហូបហើយនោះ វាមានអត្ថប្រយោជន៍ចំពោះសុខភាពជាច្រើនដែលអ្នកមិនធ្លាប់ដឹង។
សុខភាពបេះដូង
ជាតិសរសៃ ប៉ូតាស្យូម វីតាមីន C និងជាតិ Cholineនៅក្នុងផ្លែប៉េងប៉ោះសុទ្ធតែអាចជួយទ្រទ្រង់សុខភាពបេះដូង។ ការបង្កើនការញ៉ាំប៉ូតាស្យូម និងកាត់បន្ថយការញ៉ាំសូដ្យូម អាចកាត់បន្ថយហានិភ័យជំងឺបេះដូង។
ផ្លែប៉េងប៉ោះក៏មានផ្ទុកអាស៊ីត Folate ជួយរក្សាលំនឹងកម្រិត homocysteine ដែលជាអាស៊ីតអាមីណូបានពីការបំបែកប្រូតេអ៊ីន។ Homocysteine ត្រូវគេជឿថាអាចបង្កើនហានិភ័យគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។ ការគ្រប់គ្រងកម្រិត homocysteine ដោយអាស៊ីត Folate អាចកាត់បន្ថយកត្តាមួយនៃកត្តាបង្កជំងឺបេះដូង។
ការញ៉ាំប៉ូតាស្យូមច្រើនមិនត្រឹមតែកាត់បន្ថយហានិភ័យជំងឺបេះដូងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយការពារការចុះខ្សោយនៃសាច់ដុំ រក្សាកម្រិតជាតិរ៉ែក្នុងឆ្អឹង និងកាត់បន្ថយការបង្កគ្រួសក្នុងតម្រងនោមទៀតផង។
សុខភាពភ្នែក
ផ្លែប៉េងប៉ោះសម្បូរដោយជាតិ Lycopene lutein និងbeta-carotene ដែលសុទ្ធតែជាសារធាតុប្រឆាំងអុកស៊ីតកម្មអាចការពារភ្នែកពីការខូចខាតដោយពន្លឺ ភ្នែកឡើងបាយ និងជំងឺ age-related macular degeneration (AMD)។
ការសិក្សាពីជំងឺភ្នែកបានរកឃើញថាអ្នកញ៉ាំអាហារមានជាតិ Lutein និង Zeaxanthin ដែលមានក្នុងផ្លែប៉េងប៉ោះ អាចកាត់បន្ថយហានិភ័យជំងឺកម្សោយគំហើញដែលហៅថា Neovascular AMD ៣៥%។
សុខភាពស្បែក
ខូឡាជេន ជាសារធាតុសំខាន់សម្រាប់ស្បែក សក់ និងក្រចក។ ការផលិតខូឡាជេននេះត្រូវការវីតាមីន C។ កង្វះវីតាមីន Cអាចបណ្ដាលឱ្យមានអាការៈផ្សេងៗទាក់ទងនឹងកង្វះវីតាមីន C។ វីតាមីន C គឺជាសារធាតុប្រឆាំងអុកស៊ីតកម្ម ប្រសិនជាញ៉ាំវីតាមីននេះមិនគ្រប់គ្រាន់អាចបង្កើតការខូចខាតដោយកម្ដៅថ្ងៃ ជាតិពុល និងផ្សែង។ ទាំងនេះអាចបង្កទៅជាស្នាមជ្រួញ ស្បែកជ្រីវជ្រួញ និងផលប៉ះពាល់ផ្សេងៗ។
ការទល់លាមក
ការញ៉ាំអាហារដែលមានជាតិទឹក និងជាតិសរសៃ ដូចជាផ្លែប៉េងប៉ោះអាចជួយបំពេញជាតិទឹក និងជួយសម្រួលដល់ការបន្ទោរបង់ផងដែរ។
សូមជម្រាបថា MasterChef Cambodia រដូវកាលទី៤ ដែលមានការឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beveragesនឹងចាក់ផ្សាយឆាប់ៗនេះហើយ! ដូច្នេះ ប្រិយមិត្តនឹងបានឃើញការប្រកួតប្រជែងដ៏ជក់ចិត្តរបស់បេក្ខជន ដើម្បីស្វែងរកម្ចាស់ជ័យលាភីសម្រាប់រដូវកាលនេះ៕