×

ខ្សែការពារ Manuel Akanji បង្ហើបបំណងចាកចេញពី Man City ទៅចូលរួម Real Madrid

ខ្សែការពារ Manuel Akanji របស់ Man City ត្រូវបានគេរាយការណ៍ថា បានចាប់អារម្មណ៍ក្នុងការចាកចេញពីកីឡដ្ឋាន Etihad នៅរដូវក្តៅនេះ ហើយមានបំណងចង់ចូលរួមជាមួយ Real Madrid វិញ។

កីឡាករស្វីស បានក្លាយជាកីឡាករកំពូលសម្រាប់ Man City ចាប់តាំងពីផ្ទេរពី Borussia Dortmund នៅរដូវក្តៅឆ្នាំ ២០២២។ រូបគេបានលេងជាខ្សែការពារស្តាំ ខ្សែការពារកណ្តាល និងខ្សែបម្រើ ហើយជាទូទៅគេធ្វើតួនាទីខ្លួនបានយ៉ាងល្អ។ យ៉ាងណាក៏ដោយ នេះប្រហែលជាមិនគ្រប់គ្រាន់សម្រាប់កីឡាករវ័យ២៩ឆ្នាំ ក្នុងការបន្តនៅ Man City ទេ។

បច្ចុប្បន្ន Akanji កំពុងអវត្តមានសម្រាប់ Man City បន្ទាប់ពីរងរបួសទល់នឹង Real Madrid ក្នុងក្របខណ្ឌ UEFA Champions League ហើយខណៈការវិលត្រឡប់របស់គេ គួរតែកើតឡើងមុនពេលបញ្ចប់នៃរដូវកាលនេះ ដោយគេអាចលេង ២ ឬ ៣ ប្រកួតចុងក្រោយរបស់ខ្លួន។

ដូចដែលបានរាយការណ៍ដោយ MARCA នោះ Manuel Akanji បានដាក់សំណើសុំចូលរួមជាមួយ Real Madrid ។ រូបគេបានមើលឃើញថា ក្រុមរបស់គ្រូបង្វឹក លោក Carlo Ancelotti មានបញ្ហារបួសនៅតំបន់ការពារកណ្តាលក្នុងរយៈពេល១៨ ខែចុងក្រោយនេះ ហើយចំពេលមានរបាយការណ៍ថា ពួកគេកំពុងស្វែងរកការចុះហត្ថលេខាលើ Dean Huijsen ពី Bournemouth ទៀតសោត ទើប Manuel Akanji ជឿជាក់ថា គេអាចជាដំណោះស្រាយរបស់ Real Madrid ។

បែបនេះក្តី ក្តីសង្ឃឹមរបស់ Manuel Akanji ត្រូវបានអសាបង់ទៅវិញ ដោយ Real Madrid បាននិយាយថា ពួកគេមិនចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើរូបគេទេ ដោយកីឡាករស្ថិតនៅក្រោមកិច្ចសន្យានៅ Man City ចំនួន២ឆ្នាំទៀត។

Real Madrid មិនចង់បាន Akanji ទេ ប៉ុន្តែវានៅតែត្រូវមើលថា តើកីឡាកររូបនេះពិតជាចង់ចាកចេញពី Man City ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅឬយ៉ាងណា។ Manuel Akanji ពិតជាកីឡាករដ៏ល្អមួយរូបដែល គ្រូបង្វឹក លោក Pep Guardiola មានក្នុងក្រុម ប៉ុន្តែសាមីកីឡាករចង់ស្វែងរកការប្រកួតប្រជែងថ្មីនៅក្នុងអាជីពរបស់គេ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង