
លោក ឃួន សំអន គឺជាម្ចាស់ពានរង្វាន់ MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ។ អនុស្សាវរីយ៍មួយក្នុងការដាក់ពាក្យចូលរួមប្រកួតក្នុងកម្មវិធីលំដាប់ពិភពលោកមួយនេះ សំអន ដែលជាកូនអ្នកខេត្តបន្ទាយមានជ័យ បាននាំយកមួយចានទៅដាក់ពាក្យ ដែលមានឈ្មោះថា “បង្កងជាមួយគ្រីមសួស” ។
សំអន បានឱ្យដឹងថា នៅពេលដែលទទួលការខលចូលពីក្រុមការងារ MasterChef Cambodia សំអន មានអារម្មណ៍រំភើបជាខ្លាំង រហូតដល់ជ្រុះបាត់កាស ប៉ុន្តែមិនមានការសោកស្ដាយនោះឡើយ ព្រោះវាមិនស្មើនឹងអារម្មណ៍ដែលខ្លួនត្រេកអរដែលសុបិនរបស់ខ្លួនបានក្លាយជាការពិតនោះឡើយ។
សំអន បានចាប់ផ្តើមចូលចិត្តចម្អិនម្ហូបតាំងពីកុមារភាព ដោយចូលចិត្តជួយម្តាយរបស់គាត់ចម្អិនម្ហូបផ្សេងៗ។ លោកបានមានបំណងចូលរួមប្រកួតក្នុងកម្មវិធី MasterChef Cambodia តាំងពីរដូវកាលទី២មកម្ល៉េះ ប៉ុន្តែដោយសារកាលៈទេសៈមិនអំណោយផល ទើប សំអន មិនបានដាក់ពាក្យចូលរួមប្រកួត។
ទោះជាយ៉ាងណា សំអន នៅតែព្យាយាមចូលរួមជាមួយកម្មវិធីនេះទាល់តែបាន នៅពេលដែលក្រុមការងារ MasterChef Cambodia រដូវកាលទី៣ បានបើកទទួលពាក្យរបស់បេក្ខជននៅខេត្តបន្ទាយមានជ័យ៕