ក្លិប Chelsea បានរាយការណ៍ពីប្រាក់ចំណេញមុនការបង់ពន្ធចំនួន ១២៨,៤ លានផោននៅក្នុងលទ្ធផលហិរញ្ញវត្ថុរបស់ពួកគេសម្រាប់ឆ្នាំបញ្ចប់ខែមិថុនា ឆ្នាំ២០២៤។
តួលេខនេះគឺជាភាពល្អប្រសើររយៈពេលពេញមួយឆ្នាំជាលើកដំបូង ក្រោមការដឹកនាំរបស់ក្រុមហ៊ុន Clearlake Capital និងលោក Todd Boehly ដោយកាលមុនក្លិបនៅក្របខណ្ឌ Premier League មួយនេះ បានប្រកាសពីការខាតបង់ចំនួន ៩០,១ លានផោន។
ប្រាក់ចំណូលសរុបរបស់ Chelsea បានធ្លាក់ចុះពី ៥១២,៥លានផោននៅឆ្នាំ២០២៣ មកត្រឹម ៤៦៨,៥លានផោន ដោយក្លិបយល់ថាមកពីក្រុមបុរសរបស់ពួកគេមិនបានលេងពានរង្វាន់ UEFA Champions League។ សម្រាប់ប្រាក់ចំណេញលើកនេះ Chelsea អះអាងថា មកពីការមិនចុះឈ្មោះកីឡាករដែលមានតម្លៃសរុប៥១២,៥លានផោន និងការទទួលជោគជ័យខាងក្រុមបាល់ទាត់នារី។
មែនទែនទៅ Chelsea បានប្រកាសពីការរៀបចំរចនាសម្ព័ន្ធឡើងវិញ និងផែនការយុទ្ធសាស្រ្តរយៈពេលវែងសម្រាប់ក្រុមនារីក្នុងខែឧសភាឆ្នាំ២០២៤ ដោយក្នុងនោះពួកគេបានផ្តាច់ក្រុមនារីនូវការគ្រប់គ្រងដាច់ដោយឡែកពីក្រុមបុរស។
ជាក់ស្តែង Chelsea ក្រោយការលក់ក្រុមនារីទៅអោយក្រុមហ៊ុន Blue Co ដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោក Todd Boehly ដែរ ជាមួយនឹងប្រតិបត្តិការឆ្នាំ ២០២៤ ដែលមានតម្លៃ១៩៨,៧ លានផោន។Chelsea ជឿជាក់ថាការផ្លាស់ប្តូរនេះបានផ្តល់អត្ថប្រយោជន៍ដល់ក្រុមនារីដែលកំពុងទទួលបានការវិនិយោគដោយអង្គភាពដាច់ដោយឡែកមួយ។
ប្រាក់ចំណូលក្នុងថ្ងៃប្រកួតក្រុមនារីបានកើនឡើងពី ៧៦,៥លានផោន ដល់ ៨០,១លានផោន ។ រីឯប្រាក់ចំណូលពាណិជ្ជកម្មក៏បានកើនឡើងពី ២១០,១ លានផោនក្នុងឆ្នាំ ២០២៣ ដល់ ២២៥,៣ លានផោន ដោយសារតែការកើនឡើងនៃចំណូលមកពីការបញ្ចេញកីឡាករខ្ចីជើង។
ប្រាក់ចំណេញនេះ ធ្វើអោយ Chelsea មានហិរញ្ញវត្ថុរឹងមាំ ជៀសវាងការបំពានច្បាប់នៃប្រាក់ចំណេញ និងនិរន្តរភាព PSR របស់ Premier League ៕