កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ ២០២៥ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានដឹកនាំក្រុមសិល្បករ សិល្បការិនីគ្រប់ទម្រង់ ចូលរួមអបអរសាទរសង្ក្រាន្តឆ្នាំថ្មី នៅការិយាល័យសមាគមសិល្បករខ្មែរ។
ក្នុងឱកាសនោះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង មានប្រសាសន៍ថា ថ្ងៃនេះ សមាគមសិល្បករខ្មែរបានរៀបចំសង្ក្រាន្តឆ្នាំថ្មី ក្នុងគោលបំណងសំខាន់ចំនួន៣គឺ ទី១ ដើម្បីជាការរួមគ្នាថែរក្សា ការពារ សិល្បៈវប្បធម៌ប្រពៃណីជាតិខ្មែរ ឱ្យស្ថិតស្ថេរគង់វង្ស និងឱ្យកាន់តែរីកចម្រើន ។ ទី២ ដើម្បីជាការជួបជុំគ្នានៅមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឈានចូលមកដល់ សំដៅបង្កើនមនោសញ្ចេតនាគោរព ស្រលាញ់ សាមគ្គីភាពស្និទ្ធស្នាលរវាងគ្នានិងគ្នា។ ទី៣ បង្ហាញនូវភាពសប្បាយរីករាយជុំគ្នា នៅក្នុងសង្គមមានសុខសន្តិភាពនៅគ្រប់ទីកន្លែង អមដោយសេដ្ឋកិច្ចមានភាពរីកចម្រើន និងអភិវឌ្ឍលើគ្រប់វិស័យ ។
នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំម្សាញ់នាពេលខាងមុខ លោកជំទាវអ្នកឧកញ៉ា ប្រធានសមាគមសិល្បករខ្មែរ បានលើកហត្ថប្រណម្យបួងសួង គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ថ្វាយ ប្រគេន ព្រះពរ សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ សម្តេចព្រះសង្ឃនាយក ព្រះសង្ឃគ្រប់ព្រះអង្គ ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមគោរពជូនពរថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ ប្រជាពលរដ្ឋខ្មែរ ព្រមទាំងសិល្បករ សិល្បការិនី ទាំងអស់ សូមប្រកបដោយព្រះពុទ្ធពរ និងពរ គ្រប់ប្រការ។
អត្ថបទ៖ គង់ វណ្ណ: រូបភាព៖ ង៉ាន សំណាង និង អ៊ុន ផាណាត់