
ទស្សនិកជនច្បាស់ជាស្គាល់នូវគណៈកម្មការទាំងបីរូបរបស់កម្មវិធីប្រកួតចម្អិនម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia កាលពីរដូវកាលមុន ហើយរដូវកាលទី៤ ក៏មិនមានប្រែប្រួលនោះដែរ Judge ណារ៉ា Judge ជេស៊ីកា និង Judge ម៉េងហ៊ី នឹងបន្តធ្វើជាអ្នកវិនិច្ឆ័យដ៏សុក្រិត្យរបស់ផ្ទះបាយមួយនេះ។
សម្រាប់ Judge ម៉េងហ៊ី ដែលបានចូលរួមកាលពីរដូវកាលទី៣ គាត់គឺជាបុគ្គលិកដ៏ជោគជ័យម្នាក់ មានបទពិសោធន៍ជាង ២០ឆ្នាំនៅក្នុងវិស័យម្ហូបអាហារ ដោយធ្លាប់ទទួលបានពានរង្វាន់ជាច្រើន និងជាប្រធានចុងភៅលំដាប់ផ្កាយប្រាំផងដែរ។
សម្រាប់ Judge ណារ៉ា និង Judge ជេស៊ីកា ប្រិយមិត្តភាគច្រើនបានស្គាល់ពួកគាត់តាំងពីរដូវកាលទី១ ដែលសុទ្ធតែជាបុគ្គលដែលមានកេរ្តិ៍ឈ្មោះល្បីសុះសាយក្នុងវិស័យម្ហូបអាហារ និងជាម្ចាស់ភោជនីយដ្ឋាន។
Judge ណារ៉ា គឺជាប្រធានចុងភៅលំដាប់ផ្កាយប្រាំ និងជាគណៈកម្មការវាយតម្លៃដោយមិនញញើតមាត់។ មិនខុសពី Judge ម៉េងហ៊ី អ្នកទាំងពីរសុទ្ធតែធ្លាប់ចូលរួមក្នុងសកម្មភាពសង្គមនានា ដែលលើកស្ទួយដល់វិស័យម្ហូបអាហាររបស់កម្ពុជា ឱ្យអន្តរជាតិស្គាល់ពីភាពសម្បូរបែបនៃម្ហូបខ្មែរ។
ចំណែក Judge ជេស៊ីកា មិនត្រឹមតែជាគណៈកម្មការដ៏ម៉ឺងម៉ាត់ និងហ្មត់ចត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានភោជនីយដ្ឋានផ្ទាល់ខ្លួនថែមទៀត។ ការចូលរួមវាយតម្លៃក្នុងកម្មវិធី MasterChef Cambodia Judge ជេស៊ីកា ត្រូវឆ្ងាយពីគ្រួសារ ដែលរស់នៅឯសហរដ្ឋអាមេរិកមួយរយៈ។ ចំណង់ចំណូលចិត្តក្នុងការភ្លក់ម្ហូបជុំវិញពិភពលោក ធ្វើឱ្យ Judge មានបទពិសោធន៍ជាច្រើន ដើម្បីដាក់ពិន្ទុដល់បេក្ខជនប្រកួតចម្អិនម្ហូប MasterChef Cambodia ។
ដូច្នេះ Judge ទាំង៣ របស់កម្មវិធី MasterChef Cambodia រដូវកាលថ្មីនេះ នឹងនាំយកនូវបទពិសោធន៍ល្អៗរបស់ពួកគាត់មកចែករំលែកដល់បេក្ខជនប្រកួតប្រជែង ដើម្បីជួយឱ្យពួកគេអភិវឌ្ឍសមត្ថភាពពីអ្នកចម្អិនតាមផ្ទះ ក្លាយជាចុងភៅដ៏ចំណានម្នាក់នៅក្នុងផ្ទះបាយ MasterChef Cambodia ។
រដូវកាលទី៤ ដែលទទួលការឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages នឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខនេះ៕