
ម្ចាស់ពានរង្វាន់ MasterChef Cambodia រដូវកាលទី៣ លោក ឃួន សំអន ថ្មីៗនេះបានចូលរួមក្នុងសកម្មភាពសង្គម ដើម្បីលើកកម្ពស់អាហារូបត្ថម្ភរបស់កុមារ ដោយរៀបចំ សម្លខ្ទិះឆ្អឹងជំនីរ និងត្រី សម្រាប់សិស្សានុសិស្ស នៅសាលាបឋមសិក្សាត្របែក ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ព្រឹត្តិការណ៍នេះ បានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម អ៊ុក សឿន សមាជិកក្រុមប្រឹក្សាខេត្ត និងលោក លីសុវណ្ណារិទ្ធ អភិបាលខេត្តស្ដីទី និងអ្នកពាក់ព័ន្ធនានា អំឡុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផល និងហេដ្ឋារចនាសម្ព័ន្ធវិស័យអប់រំ ក្នុងស្រុកព្រះនេត្រព្រះ។ សំអន បានគូសបញ្ជាក់ពីសារៈសំខាន់នៃអាហារូបត្ថម្ភដែលផ្ដល់ជូនសិស្សានុសិស្ស ដែលជាទំពាំងស្នងឫស្សី និងបង្ហាញដល់អាណាព្យាបាលរបស់ពួកគេផងដែរ។ ម្ហូបរបស់សំអនដែលចម្អិនដោយផ្ទាល់ដៃ សម្បូរទៅដោយប្រូតេអ៊ីន និងវីតាមីន ដើម្បីគាំទ្រដល់កុមារដែលកំពុងលូតលាស់។
នេះសបញ្ជាក់ពីរសកម្មភាពសង្គមរបស់អតីតបេក្ខជន MasterChef Cambodia ដែលបាននិងកំពុងប្រើប្រាស់ជំនាញរបស់ពួកគាត់ ដើម្បីចូលរួមជួយដល់សហគមន៍របស់យើងជាបន្តបន្ទាប់។ ជាពិសេស ការបរិភោគរបស់កុមារនៅតាមសាលារៀន គឺពិតជាសំខាន់ ដែលអាណាព្យាបាលត្រូវយកចិត្តទុកដាក់លើកូនៗរបស់ពួកគាត់។
MasterChef Cambodia រដូវកាលទី៤ ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages នឹងមានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខនេះ៕
