×

អតីតបេក្ខជន MasterChef លោក នាង ឧត្តុង៖ ការចម្អិនគឺការចែករំលែកក្ដីស្រឡាញ់ឱ្យអ្នកជុំវិញខ្លួន

លោក នាង ឧត្តុង ដែលអតីតបេក្ខជនម្នាក់ក្នុងចំណោមបេក្ខភាព Top 25 របស់កម្មវិធី MasterChef Cambodia រដូវកាលទី៣ បច្ចុប្បន្នកំពុងប្រកបមុខរបរក្នុងវិស័យម្ហូបអាហារ ទោះបីជាលោកមានអាជីពជាគ្រូពេទ្យក៏ដោយ។

រំឭកដល់អំឡុងពេលប្រកួតក្នុងផ្ទះបាយ MasterChef Cambodia លោកបានបង្ហើបថា កត្តាមួយដែលធ្វើឱ្យលោកបន្តដើរនៅក្នុងវិស័យម្ហូបអាហារមួយនេះ គឺការចែករំលែកក្ដីស្រឡាញ់តាមរយៈការចម្អិនរបស់ខ្លួន។

ដោយសារមាននិស្ស័យជាមួយការចម្អិនម្ហូបតាំងពីតូច លោកបានដាក់ពាក្យចូលរួមប្រកួតនៅក្នុងកម្មវិធីប្រកួតចម្អិនម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៣ ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ។

មានដើមកំណើតនៅខេត្តកំពង់ធំ លោក នាង ឧត្តុង បានចាប់ផ្ដើមរៀនពីការចម្អិនម្ហូបតាំងពីលោកសិក្សានៅថ្នាក់ទី៥ ព្រោះឪពុកម្ដាយរបស់លោក មានភាពមមាញឹកខ្លាំង និងបានបង្រៀនឱ្យលោកចេះពីវិធីចម្អិន។ ដូច្នេះ ឧត្តុង គឺជាក្មេងប្រុសម្នាក់ដ៏រឹងមាំដែលមានទំនួលខុសត្រូវលើខ្លួនឯងតាំងពីតូច។

ឧត្តុង បានឱ្យដឹងថា ការចម្អិនម្ហូបគឺជាការចែករំលែកនៃក្ដីស្រឡាញ់មួយទៅកាន់មនុស្សជុំវិញខ្លួន។ សម្រាប់ការដាក់ពាក្យប្រឡងក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៣ គឺលោក ចង់វាស់ស្ទង់ពីសមត្ថភាពរបស់ខ្លួនឯងតាមរយៈការប្រកួតប្រជែងជាមួយបេក្ខជនផ្សេងៗទៀតដែលជាអ្នកចម្អិនតាមផ្ទះដូចគ្នា ហើយមួយវិញទៀតដោយសារលោកស្រឡាញ់ការចម្អិន។

កម្មវិធី MasterChef Cambodia គឺជាទីកន្លែងដែលផ្ដល់ឱកាសដល់បេក្ខភាពមកពីគ្រប់ទិសទីបង្ហាញសមត្ថភាព និងទេពកោសល្យក្នុងការចម្អិនរបស់ពួកគេ។ ជាពិសេសផ្ដល់ឱកាសដល់បេក្ខភាពទាំងអស់ទទួលបាននូវការបណ្ដុះបណ្ដាលបន្ថែមលើជំនាញដែលមានស្រាប់ ពីសំណាក់សាលារៀន និងអ្នកជំនាញល្បីៗនៅក្នុងវិស័យម្ហូបអាហារផ្ទាល់តែម្ដង។

តើបេក្ខភាពរូបណាខ្លះ ដែលទទួលបានឱកាសដ៏អស្ចារ្យពី MasterChef Cambodia នៅក្នុងរដូវកាលបន្ទាប់? រដូវកាលទី៤ ដែលជារដូវកាលថ្មី នឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN និងតាមរយៈហ្វេសបុកផេកផ្លូវការ MasterChef Cambodia, CTNTV, Cambodia Beer និង Cambodia Water ក្នុងពេលឆាប់ៗខាងមុខនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង