
ជំនាញប្រើប្រាស់កាំបិត គឺជាគ្រឹះនៃការចម្អិនអាហារបែបអាជីព។ សម្រាប់វិញ្ញាសាដំបូងបង្អស់ បេក្ខភាពត្រូវបានសាកល្បងសមត្ថភាពក្នុងការហាន់ការ៉ុតឱ្យបានលឿន និងច្បាស់លាស់ ទៅតាមសណ្ឋានដែលកំណត់ដោយគណៈកម្មការ ណារ៉ា ជេស៊ីកា និង ម៉េងហ៊ី។ ការតេស្តសាកល្បងនេះ បានបែងចែករវាង អ្នកដែលអាចទ្រាំទ្រនឹងសម្ពាធបាន និងអ្នកដែលត្រូវចុះចាញ់នឹងសភាពការណ៍ដ៏តានតឹងនៅក្នុងផ្ទះបាយរបស់កម្មវិធីប្រកួតធ្វើម្ហូបដ៏ល្បី លំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៤។
វិញ្ញាសាដំបូងនៃកម្មវិធី រដូវកាលទី៤ បានសាកល្បងជំនាញជាមូលដ្ឋានសំខាន់បំផុតមួយនៅក្នុងផ្ទះបាយ នោះគឺជំនាញប្រើប្រាស់កាំបិត។ បេក្ខជនត្រូវហាន់ការ៉ុតឱ្យបានល្អឥតខ្ចោះ ដែលជាបន្លែសម្បូរទៅដោយវីតាមីន A ។
អ្នកចម្អិនតាមផ្ទះទាំង៦០នាក់ បានស្គាល់រសជាតិនៃការប្រកួតប្រជែងដ៏មុតស្រួចនេះផងដែរ។ បេក្ខជនជាច្រើននាក់បានមុតដៃដោយចៃដន្យ កំឡុងពេលប្រកួតនៅក្រោមសម្ពាធនៃពេលវេលា។
ភាពតានតឹងបានកើតឡើងជាលើកដំបូង នៅក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៤ ដែលជាការកំណត់ទិសដៅសម្រាប់បេក្ខជន និងភាពនឹងនរក្រោមសម្ពាធ ដែលនឹងមានសារៈសំខាន់បំផុតនៅវគ្គបន្ទាប់។
ទស្សនា សប្ដាហ៍ទី១ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៤នៅខាងក្រោម៖