
បន្ទាប់ពីការប្រកួតជាក្រុមដ៏តានតឹងក្នុងសប្ដាហ៍ទី២ នៃកម្មវិធីប្រកួតធ្វើម្ហូបដ៏ល្បី លំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៤ បេក្ខភាពដែលមិនទាន់ទទួលបានអៀមស ត្រូវប្រឈមមុខនឹងការប្រកួតម្នាក់ឯង ដោយប្រើប្រាស់គ្រឿងផ្សំដែលគេស្គាល់យ៉ាងច្បាស់ តែតាមពិតមានភាពស្មុគស្មាញគឺ ផ្លែស្វាយ។ ដោយមានសេរីភាពក្នុងការច្នៃបង្កើតជាម្ហូប បង្អែម ឬភេសជ្ជៈក្នុងរយៈពេលត្រឹមតែ ៣០ នាទី វាគឺជាការសាកល្បងដ៏ពិតប្រាកដមួយលើការច្នៃប្រឌិត និងការគ្រប់គ្រងបច្ចេកទេស។
ក្នុងការបង្ហាញពីភាពច្នៃប្រឌិតដ៏រស់រវើក មានបេក្ខជន ៧ នាក់ដែលធ្វើបានយ៉ាងលេចធ្លោ រួមមាន៖ បេក្ខភាពទី១គឺ មុន្នី (ភ្លាបង្កងស្វាយទុំ), ទី២គឺ វិសាល (ត្រីទីឡាព្យ៉ា ចំហុយ), ទី៣ ដានិច (បបរតំណើបស្វាយទុំ), ទី៤ រ៉ាម៉េត (បង្កងឆាស្វាយទុំ), ទី៥ លាងហាក់ (បាយតំណើបសង់ខ្យា), ទី៦ លីដែន (ឆ្អឹងជំនីបំពងស្វាយទុំ) និង ទី៧ សុវាចា (ត្រីសាលម៉ុនស្វាយទុំ)។
ប៉ុន្តែ មានតែឈ្មោះបីនាក់ប៉ុណ្ណោះដែលត្រូវបានទទួលអាវអៀមស គឺ វិសាល, លាងហាក់, និង សុវាចា។ ចំណែកអ្នកផ្សេងទៀត ទោះបីជាមានគំនិតច្នៃប្រឌិតល្អក៏ដោយ ក៏នៅមានចំណុចខ្វះខាតក្នុងការចម្អិន។
វិញ្ញាសានេះ ចង់បង្ហាញថាទាំងនៅក្នុងផ្ទះបាយ និងក្នុងជីវិតពិត មនុស្សគ្រប់គ្នាចាប់ផ្ដើមជាមួយនឹងគ្រឿងផ្សំដូចគ្នា។ ភាពខុសគ្នាគឺស្ថិតនៅលើការយកចិត្តទុកដាក់ ចក្ខុវិស័យ និងបច្ចេកទេសដែលប្រើដើម្បីផ្សែផ្សំវាបញ្ចូលគ្នា។ ភាពលេចធ្លោពិតប្រាកដមិនមែនកើតចេញពីគំនិតតែម្យ៉ាងនោះទេ តែវាកើតចេញពីភាពស្ទាត់ជំនាញផងដែរ។
ទស្សនាសប្ដាហ៍ទី២ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៤ នៅខាងក្រោម៖