×

ការចាកចេញពី MasterChef របស់លោកអ៊ំ កុកម៉េង៖ ដំណើរក្នុងផ្ទះបាយរបស់បេក្ខភាពម្នាក់បានបញ្ចប់ តែមេរៀនជីវិតបានចាប់ផ្ដើម

លោកអ៊ំ លីម កុកម៉េង មិនត្រឹមតែជាបេក្ខជនដែលមានវ័យចំណាស់ជាងគេប៉ុណ្ណោះទេ ប៉ុន្តែលោកអ៊ំ បានបង្ហាញនូវភាពកក់ក្ដៅរវាងឪពុកកូន ចំពោះកូនស្រីរបស់លោកអ៊ំ ពោលគឺបេក្ខនារី លីម កញ្ញា ហើយវត្តមានរបស់លោកអ៊ំ គឺជាការលើកទឹកចិត្តដ៏ធំធេងនៅក្នុងការប្រកួត។ លោកអ៊ំបាននាំមកនូវបទពិសោធន៍ជីវិត និងស្មារតីមិនបោះបង់ ទោះបីជាគាត់មិនអាចបន្តដំណើរនៅក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៤ទៀតក៏ដោយ។

សម្រាប់លោកអ៊ំ កុកម៉េង រាល់នាទីនៅក្នុងផ្ទះបាយ MasterChef គឺជាឱកាសដ៏មានតម្លៃដើម្បីបង្កើតអនុស្សាវរីយ៍ជាមួយកូនស្រី និងបង្ហាញឱ្យទស្សនិកជនឃើញថា អាយុគ្រាន់តែជាតួលេខ ជាក់ស្ដែងទោះបីជាលោកអ៊ំមានវ័យ៧០ឆ្នាំទៅហើយក្ដី ក៏លោកអ៊ំនៅតែចង់បង្ហាញនូវអ្វីដែលខ្លួនមាន តាមរយៈកម្មវិធីប្រកួតធ្វើម្ហូបលំដាប់ថ្នាក់ពិភពលោកមួយនេះ។ ប៉ុន្តែនៅក្នុងវិញ្ញាសាច្នៃប្រឌិត ក្នុងសប្ដាហ៍ទី៣ ថ្វីដ្បិតម្ហូបរបស់លោកអ៊ំ មិនអាចដណ្ដើមបានពិន្ទុខ្ពស់ពីគណៈកម្មការក៏ដោយ ក៏លោកអ៊ំបានបញ្ចប់ដំណើររបស់លោកអ៊ំក្នុងនាមជាបេក្ខជនដំបូងគេ ប្រកបដោយស្នាមញញឹម។

អ្វីដែលគួរឱ្យចងចាំបំផុតនោះ គឺពាក្យពេចន៍ចុងក្រោយរបស់លោកអ៊ំ កុកម៉េង មិនមែនជាការសោកស្ដាយនោះទេ ប៉ុន្តែជាក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅ។ លោកបានផ្ដាំទៅកូនស្រី កញ្ញា ថា ត្រូវបន្តដំណើរទៅមុខ និងខំប្រឹងដើម្បីដណ្ដើមយកពានរបស់ MasterChef Cambodia ។ នេះមិនមែនជាបរាជ័យទេ តែជាការលើកទឹកចិត្តដ៏មានតម្លៃរបស់ឪពុកម្នាក់ចំពោះកូនរបស់គាត់។

ការប្រកួតក្នុងកម្មវិធី MasterChef Cambodia មិនគ្រាន់តែជាការប្រកួតជំនាញធ្វើម្ហូបនោះទេ ប៉ុន្តែវាក៏ជាវេទិកាសម្រាប់រឿងរ៉ាវជីវិតផងដែរ។ ការចាកចេញរបស់លោកអ៊ំ កុកម៉េង បានបង្រៀនយើងថា អ្នកឈ្នះពិតប្រាកដមិនមែនមានតែអ្នកដែលឈរនៅវគ្គផ្ដាច់ព្រ័ត្រនោះទេ ប៉ុន្តែគឺអ្នកដែលបន្សល់ទុកនូវកេរដំណែលនៃក្ដីស្រឡាញ់ និងស្មារតីព្យាយាមដល់ទីបញ្ចប់។

ទស្សនាសប្ដាហ៍ទី៣ កម្មវិធី MasterChef Cambodia រដូវកាលទី៤ នៅខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង