
បន្ទាប់ពីជ័យជម្នះក្នុងវគ្គប្រអប់អាថ៌កំបាំង របស់បូរ៉ា ការប្រកួតម្ហូបច្នៃប្រឌិត បានបង្កើនសម្ពាធមួយកម្រិតទៀត ជាមួយនឹងគ្រឿងផ្សំគោលដែលជាប្រូតេអ៊ីនដ៏ពេញនិយមរបស់ប្រជាជនខ្មែរ ក្នុងការទទួលទាន។
ការប្រកួតវិញ្ញាសាទី២ ប្រចាំសប្តាហ៍ទី៣ នៃកម្មវិធីប្រកួតធ្វើម្ហូបដ៏ល្បី លំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៤ មិនគ្រាន់តែជាការសាកល្បងសមត្ថភាពចម្អិនអាហារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការសាកល្បងភាពក្លាហានផងដែរ។
បេក្ខជនទាំងអស់ត្រូវបង្កើតម្ហូបអាស៊ីដែលមានរសជាតិឆ្ងាញ់ និងមានលក្ខណៈថ្មីប្លែកមួយមុខ ដោយប្រើប្រាស់ថ្លើមសត្វមួយ ក្នុងចំណោមថ្លើម ៣ ប្រភេទគឺ៖ ថ្លើមមាន់ ថ្លើមជ្រូក ឬថ្លើមគោ។ ប៉ុន្តែអ្វីដែលមិននឹកស្មានដល់នោះគឺ បូរ៉ា ដែលជាអ្នកឈ្នះពីការប្រកួតមុន ត្រូវបានផ្ដល់សិទ្ធិក្នុងការបែងចែកគ្រឿងផ្សំគោលដល់បេក្ខជនម្នាក់ៗ។
ដោយសារតែថ្លើមគោត្រូវបានគេស្គាល់ថាមានរសជាតិឆ្អាប និងសាច់ស្វិតនៅពេលចម្អិនមិនបានត្រឹមត្រូវ វាបានក្លាយជាក្តីបារម្ភដ៏ធំសម្រាប់បេក្ខជនជាច្រើន ហើយបូរ៉ាក៏បានចែកថ្លើមគោនេះទៅឱ្យបេក្ខជនមួយចំនួន។ ខណៈពេលអ្នកខ្លះជឿថាបូរ៉ាកំពុងដាក់សម្ពាធឱ្យពួកគេបរាជ័យ អ្នកផ្សេងទៀតបានមើលឃើញថា នេះគឺជាការសាកល្បងដ៏ពិតប្រាកដក្នុងវិស័យធ្វើម្ហូប។
នៅក្នុងកម្មវិធី MasterChef ការរីកចម្រើនពិតប្រាកដកើតឡើងនៅពេលដែលបេក្ខជនហ៊ានប្រឈមមុខនឹងអ្វីដែលពួកគេខ្លាចបំផុត។ ការមិនហ៊ានប្រថុយនឹងមិនធ្វើឱ្យម្ហូបរបស់ពួកគេលេចធ្លោឡើយ។
តស់ទៅទស្សនាសប្ដាហ៍ទី៣ កម្មវិធី MasterChef Cambodia រដូវកាលទី៤ នៅខាងក្រោមនេះ៖