
ចាប់តាំងពីការប្រកួតសប្ដាហ៍ដំបូង បេក្ខនារី លីម កញ្ញា មិនត្រឹមតែជាបេក្ខភាពម្នាក់នៅក្នុងកម្មវិធី MasterChef Cambodia ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកូនស្រីដែលតែងតែជ្រោមជ្រែងឪពុករបស់គាត់ គឺលោកអ៊ំ កុកម៉េង ដែលជាបេក្ខភាពមានវ័យចំណាស់ជាងគេបង្អស់នៅក្នុងកម្មវិធី។

កញ្ញា បានជួយរៀបចំចាននៅក្នុងវគ្គប្រអប់អាថ៌កំបាំងដល់លោកអ៊ំ កុកម៉េង ប៉ុន្តែលោកអ៊ំត្រូវប្រឈមនឹងឧបសគ្គនៅវគ្គប្រកួតបន្ទាប់ ដែលធ្វើឱ្យលោកអ៊ំ កុកម៉េង ត្រូវបានចាកចេញពីកម្មវិធីមុនគេ កាលពីសប្ដាហ៍ទី៣។
ទោះជាយ៉ាងណា ទំនាក់ទំនងរបស់អ្នកទាំងពីរបាននាំមកនូវភាពកក់ក្តៅដល់ផ្ទះបាយ MasterChef Cambodia ។ កញ្ញា ត្រូវតែប្រមូលអារម្មណ៍ផ្តោតលើការប្រកួតបន្ទាប់។

កញ្ញាដែលធ្លាប់ធ្វើជាប្រធានក្រុមនៅក្នុងការប្រកួតដណ្ដើមអាវអៀមស ដែលជួយឱ្យក្រុមរបស់ខ្លួនទទួលបានជោគជ័យ នឹងមានការផ្ដោតកាន់តែខ្លាំងឡើងសម្រាប់ចានរបស់ខ្លួនឯង ជាមួយនឹងកម្លាំងចិត្តពីលោកអ៊ំកុកម៉េង ដែលតែងតែចាំគាំទ្រពីក្រោយទោះបីជាលោកអ៊ំមិនបានបន្តដំណើរនៅក្នុងផ្ទះបាយ MasterChef ក៏ដោយ។
MasterChef Cambodia រដូវកាលទី៤ នឹងបង្ហាញពីដំណើរនៅក្នុងផ្ទះបាយរបស់កញ្ញា ជាបន្តបន្ទាប់ នៅសប្ដាហ៍ទី៤ ដែលចាក់ផ្សាយនៅថ្ងៃអាទិត្យ ទី២៩ ខែមិថុនា វេលាម៉ោង ៨ យប់ នៅលើកញ្ចក់ទូរទស្សន៍ CTN និងតាមរយៈហ្វេសបុកផេកផ្លូវការ MasterChef Cambodia, CTNTV, Cambodia Beer និង Cambodia Water ៕